Loading...

រុស្ស៊ីគ្រោងផលិតរថក្រោះគ្មានមនុស្សបើកទម្ងន់២០តោន

​ dara chan​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧​ | វិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 8:22 am

ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតអាវុធ កាឡាសនីកូវ (Kalashnikov) បានបង្ហាញពីគម្រោងផលិតរថក្រោះគ្មាន មនុស្សបើកទម្ងន់២០តោន សម្រាប់ទ័ពរុស្ស៊ីប្រើប្រាស់។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីសម្ភារៈសឹកដ៏ទំនើបមួយនេះ នៅពុំទាន់ប្រកាសឱ្យដឹងនៅឡើយទេ។

តាមការបញ្ជាក់ពីក្រុមហ៊ុន រថក្រោះគ្មានមនុស្សបើកខាងដើម មានទម្ងន់ស្មើនឹង៣ដងនៃទម្ងន់រថក្រោះ BAS-01G Soratnik របស់ទ័ពរុស្ស៊ី នាពេលបច្ចុប្បន្ន ឬទម្ងន់ស្មើនឹងរថពាសដែកធុន M1126 Stryker ICV របស់ទ័ពអាមេរិក។ រីឯអាវុធវិញ វាត្រូវបានបំពាក់ដោយកាំភ្លើងយន្តស្វ័យប្រវត្តិ និងមីស៊ីលប្រឆាំងរថក្រោះ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក អាលីសី គ្រីវ៉ូរូចឆ្កូ អគ្គនាយកក្រុមហ៊ុនកាឡាសនីកូវបញ្ជាក់ថា ពិតណាស់ បច្ចុប្បន្នគម្រោងកំពុងដំណើរការហើយ។ វាជាយានប្រយុទ្ធដែលមានទម្ងន់ប្រហែលជា២០តោន។

អំឡុងការតាំងពិព័រណ៍កងទ័ពរុស្ស៊ីឆ្នាំ២០១៦ កាលខែកញ្ញាកន្លងមក  រុស្ស៊ីបានដាក់បង្ហាញ និងបញ្ចោញឱ្យប្រើប្រាស់រួចមកហើយនូវប្រភេទរថក្រោះប្រយុទ្ធគ្មានមនុស្សបើកដ៏ទំនើបជំនាន់ទី១ឈ្មោះ BAS-01G Soratnik។ មានទម្ងន់ត្រឹម៧តោន រថក្រោះនោះត្រូវបានបំពាក់ដោយកាំភ្លើងយន្តទំហំ៣០មិល្លីម៉ែត្រ និងមីស៊ីលប្រឆាំងរថក្រោះចំនួន៨គ្រាប់។ វាអាចបើកបរដោយខ្លួនឯងក្នុងល្បឿន៤០,២៣គីឡូម៉ែត្រក្នុងមួយម៉ោង ឬបញ្ជាដោយតេឡេក្នុងរង្វង់ចម្ងាយ៩,៦គីឡូម៉ែត្រ។ ដោយឡែកសម្រាប់រថក្រោះជំនាន់ទី២នេះ ត្រូវគេរំពឹងថា មានលំនាំមិនខុសពីជំនាន់ទី១ឡើយ ៕