Loading...

រិតា រង់ចាំភាគីប្រុសអនុញ្ញាតឱ្យប្រើពាក្យ «សង្សារ»

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧​ | តារាបរទេស | | 0 | ម៉ោង 9:02 am

ទំនាក់ទំនងស្អិតល្មួតរវាងតារាឯកស្រី​​ រីតា ស៊ីរីតា ចេនសេន និងបុរសឈ្មោះ កន ណរង្គ ដេត ក្នុងក្រសែភ្នែកមហាជនគឺជាគូសង្សារ ប៉ុន្តែ រិតា ប្រាប់ថា សូមរង់ចាំភាគីប្រុសអនុញ្ញាតសិន មុននឹងប្រើពាក្យនេះ។

ឆ្នាំថ្មី២០១៨ ឈានចូលមកសន្សឹមៗហើយ។ មនុស្សជាច្រើនមានគម្រោងទៅ Count Down ផ្សេងៗគ្នា។ យើងចង់ដឹងថា តើតារាឯកស្រីរូបស្រស់ រីតា ស៊ីរិតា ចេនសេន មានគម្រោងទៅ Count Down ជាមួយបុរសជិតស្និទ្ធ កន ណរង្គ ដេត នៅទីណាដែរ?

ករណីនេះ រិតា ប្រាប់ថា “អំឡុងពេលឆ្នាំថ្មី រិតា នៅមិនទាន់មានគម្រោងទៅណាឡើយ។ តែមុននឹងដល់ឆ្នាំថ្មី រិតា ត្រូវត្រឡប់ទៅដាណឺម៉ាក ពីថ្ងៃ១៦ (ធ្នូ) នេះ។ ខ្ញុំទៅចូលរួមបុណ្យគ្រិស្តម៉ាសនៅឯផ្ទះ។ គ្មាននរណាទៅជាមួយខ្ញុំទេ។ បង កន ក៏អត់បានទៅជាមួយដែរ។ លើកនេះវាប្រថុចញ៉ុចពេក ទើប រិតា មិនបានបបួលគាត់។ ដំណើរលើកនេះ រិតា តាំងចិត្តថា នឹងត្រឡប់ទៅរកក្រុមគ្រួសារនៅដាណឺម៉ាក ដើម្បីចូលរួមគ្រិស្តម៉ាសជាមួយគ្នា។ ខ្ញុំទៅច្រើនថ្ងៃផង ដូច្នោះ ហើយទើបសម្រេចចិត្តទៅតែម្នាក់ឯង។ ថ្ងៃទី៣០ ខ្ញុំត្រឡប់មកវិញហើយ”។

រិតា និងលោក កន

នាងត្រឡប់មកវិញនៅថ្ងៃទី៣០ បញ្ជាក់ថា នាងមិនចង់ឱ្យរំលងព្រឹត្តិការណ៍ Count Down ឆ្នាំថ្មីជាមួយមនុស្សពិសេសទេ។ រិតា ទទួលស្គាល់ថា នាងពិតជាមានណាត់មែន ដោយនាងប្រាប់ថា “ចា៎! មាន! យើងបានជួបគ្នា តែនៅមិនទាន់មានគម្រោងថា នឹងធ្វើអ្វីជាមួយគ្នាឡើយ។ ប្រហែលជាធ្វើនៅបាងកក ព្រោះខ្ញុំ ត្រឡប់មកក៏ថ្ងៃទី៣០ទៅហើយ មិនទាន់គិតថា នឹងទៅទីណាទេ។ ខ្ញុំទៅដាណឺម៉ាក ពីរអាទិត្យ។ ត្រឡប់មកវិញ ខ្ញុំនៅបាងកក ឬទីណាក៏បាន”។

មានន័យថា គ្រិស្តម៉ាសសម្រាប់ក្រុមគ្រួសារ ឯឆ្នាំថ្មីសម្រាប់បេះដូង?

“ចា៎! ប្រហែលជាយើងខោនដោនជាមួយគ្នា។ ពេលនេះជម្រះភារកិច្ចផ្សេងៗ ដើម្បីជួបគ្នាហើយ”។
រិតា ប្រាប់ពីសម្ព័ន្ធភាពរវាងរូបនាង និងបង កន របស់នាងថា “គ្រប់យ៉ាងមានសេចក្តីសុខណាស់។ ចា៎! យើងសិក្សាស្វែងយល់គ្នា។ បង កន ជាបងដ៏ល្អខ្លាំងណាស់។ គាត់ជាមនុស្សពិសេសសម្រាប់ រិតា មែនទែន។ វាច្បាស់លាស់ជាលំដាប់ហើយ។ ដូចជាពេលនេះ យើងកាន់តែស្វែងយល់ពីគ្នាច្រើន។ យើងស្គាល់គ្នាទ្វេឡើង។ បែបនេះខ្ញុំយល់ថា ល្អហើយ។ ស្វែងយល់ពីគ្នាបណ្តើរៗសិន។ ពេលនេះប្រសើរណាស់ អ្វីៗគ្រប់យ៉ាងរលូន!”។

នាងចាត់ទុកបង កន ថាជាមនុស្សពិសេស ឯពាក្យថា សង្សារត្រូវរង់ចាំឱ្យភាគីប្រុសអនុញ្ញាតជាមុនសិន។

“ចា៎! ត្រូវរង់ចាំបង កន សិនថា តើគាត់អនុញ្ញាតឱ្យប្រើពាក្យសង្សារឬអត់? រង់ចាំឱ្យគាត់និយាយសិន ប្រសើរជាង”។

រិតា ប្រាប់ថា នាងពេញចិត្តបុរសពិសេសនេះនៅត្រង់ “ពេញចិត្តច្រើនយ៉ាងណាស់ ពេញចិត្តភាពចាស់ទុំរបស់គាត់។ គាត់ជាទីប្រឹក្សាផ្នែកធុរកិច្ចយ៉ាងល្អ។ គាត់តែងផ្តល់ពាក្យប្រឹក្សាជារៀងរហូត។ បងកន គាត់មានរឿងពញ្ញាក់អារម្មណ៍ជានិច្ច។ ជួនកាលខ្ញុំក៏ចង់ពញ្ញាក់អារម្មណ៍គាត់វិញខ្លះដែរ។ រិតា ចូលចិត្តការពញ្ញាក់អារម្មណ៍ចូលចិត្តភាពរ៉ូមែនទិក។ តែខ្ញុំជាភាគីដែលទទួលបានការពញ្ញាក់អារម្មណ៍រហូត”។

ទោះជាយ៉ាងណាក៏ដោយ រិតា ប្រាប់ថា នៅមិនទាន់បានសម្លឹងមើលទៅកាន់អនាគតរួមគ្នានៅឡើយ ព្រោះ នាងចង់ធ្វើបច្ចុប្បន្នភាពឱ្យបានប្រសើរសិន។ នាងបញ្ជាក់ថា “ខ្ញុំក៏គិតដល់ការរៀបការដែរ តែពេលនេះចង់ឱ្យបច្ចុប្បន្នភាពប្រសើរសិន។ បើបច្ចុប្បន្នល្អមានសេចក្តីសុខ អ្វីៗក៏នឹងល្អទៅតាមនោះដែរ។ សម្រាប់ពេលនេះ ខ្ញុំក៏ មានសេចក្តីសុខល្អហើយដែរ”៕