Loading...

ជួបគ្រោះក្នុងព្រៃ ស្រីថ្លៃបោលចោល

​ Seyha Hem​​ | ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០១៧​ | ព័ត៌មានជាតិវិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 9:55 am

យុវជនអភ័ព្វម្នាក់នេះ បានចេញទៅអារឈើធ្វើផ្ទះ ក៏ មានគ្រោះថ្នាក់ មែកឈើ បោកត្រូវក្បាល ក្លាយជា មនុស្សបាត់បង់សមត្ថភាព ក៏ត្រូវប្រពន្ធទើប រៀបការបាន១ខែ រត់ចោលទៅយកប្តីថ្មីទៀត។ សូម្បីតែឪពុកបង្កើត ក៏ ធ្វើបាបរូបគេដែរ ដោយសារភ្លើងប្រចណ្ឌ ទើបគេជឿថា កម្មពៀរពិតជាមានមែន…។

អ្នកស្រីទាល យឿម អាយុ៤២ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា គាត់មានប្តីឈ្មោះជុំ ភិន អាយុ៤៣ឆ្នាំ រៀបការតាំងពីកំលោះក្រមុំ ដោយបង្កើតបានកូនប្រុសស្រី៣នាក់។ ដោយឡែក កូនប្រុសច្បងឈ្មោះភុន អៀង អាយុ២១ឆ្នាំ គឺជាតួអង្គក្នុងរឿងជីវិតពិតនេះ ដែលសព្វថ្ងៃ កូនប្រុសអភ័ព្វធ្លាក់ខ្លួនពិការ ត្រូវប្រពន្ធរត់ចោលគួរឱ្យ ស្រណោះ។ កន្លងមក កូនប្រុសម្នាក់នេះ តែងជួយកម្លាំងឪពុកម្តាយ ដូចជាការងារស្រែចម្ការជាដើម ពុំដែលខ្ជិលច្រអូសឡើយ គេមានសមត្ថភាពពូនរងដំឡូងមី ដាំ ឱ្យផលបានលក់យកកម្រៃ រហូតមានជីវភាពសមរម្យនឹងគេ។ ចំណែកឪពុករបស់គេ និងត្រូវជាប្តីគាត់នោះចេះតែដើរផឹកស៊ី លុះស្រវឹង ចូលមក ដល់ផ្ទះរករឿងប្រពន្ធកូន បង្កហិង្សាស្ទើរមិនលស់ថ្ងៃណាឡើយ ឱ្យតែស្រវឹងម្តងៗ។ កាលកូនៗនៅតូច ឪពុកនេះ តែងវាយធ្វើបាបគ្នាគ្មានប្រណីទេ ហើយក៏គ្មានអ្នកណាមក ជួយឃាត់ដែរ លុះកូនៗធំពេញកំលោះក្រមុំ ឪពុកនេះ មិនសូវហ៊ានដូចមុនទេ ខ្លាចកូនតដៃ បានត្រឹមគំហកកំហែង និងចងគំនុំនឹងកូនប្រុសច្បង ថែមទាំងប្រចណ្ឌកូនប្រុស នឹងរូបគាត់ជាម្តាយ គ្មានចេះពិចារណា។

យុវជនភុន អៀង

អ្នកស្រីទាល យឿម បន្តទៀតថា លុះអាយុបាន២០ឆ្នាំ កូនប្រុសច្បងនេះ ត្រូវរ៉ូវគ្នាជាមួយក្រមុំក្នុង ភូមិម្នាក់ឈ្មោះម៉ក់ ស្រីធុត អាយុ១៩ឆ្នាំ រហូតដល់ រំអុកឪពុកម្តាយឱ្យចូលស្តីដណ្តឹង។ សម្រាប់ប្តីគាត់ មិនរវីរវល់រឿងទុកដាក់កូនទេ តែអ្នកស្រីព្យាយាម គិតគូររហូតដល់បានរៀបការកូនតាមប្រពៃណី បានទាំងឱ្យរស់នៅក្នុងបន្ទុកទៀតផង។ បន្ទាប់ពីរៀបការ បាន១ខែ កូនប្រុស និងកូនប្រសាស្រីចង់សង់ផ្ទះនៅដោយខ្លួន ទើបអ្នកស្រីយល់ព្រម និងប្រាប់កូនទៅសុំច្បាប់អាជ្ញាធរ ចូលព្រៃរកកាប់ឈើមកសង់ផ្ទះ។ បន្ទាប់ពីសុំច្បាប់បានហើយ កូនប្រុសក៏នាំគ្នីគ្នាបួនប្រាំនាក់ទៅអារឈើក្នុងព្រៃបាត់ទៅ លុះ៣ថ្ងៃក្រោយមក ស្រាប់តែមិត្តភក្តិដឹកកូនប្រុសនេះមកវិញ ទាំងសន្លប់ស្តូកស្តឹង មានឈាមហូរស្រោចខ្លួន ដោយសារពេលកាប់រំលំដើមឈើ មិនប្រយ័ត្ន ក៏ត្រូវមែកឈើវាត់ត្រូវក្បាលយ៉ាងដំណំ។ អ្នកស្រីបានដឹកកូន ទៅមន្ទីរពេទ្យខេត្ត និងត្រូវគ្រូពេទ្យបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណាយប្រាក់អស់ជាង២ម៉ឺនដុល្លារ ដោយប្រមូល កេរអាករដីធ្លីលក់ រហូតធ្លាក់ខ្លួនក្រ។ ឥឡូវកូនប្រុសបានជាសះស្បើយ ៧៥%ហើយ ប៉ុន្តែគ្នាអភ័ព្វណាស់ដោយត្រូវប្រពន្ធរត់ចោលទៅមាន ប្តីថ្មីទៀត ចំណែកឪពុករបស់គេនៅតែប្រចណ្ឌកូនប្រុសហួសហេតុ ព្រោះតែអ្នកស្រីទៅដេកកំដរកូននៅមន្ទីរពេទ្យ។

យុវជនភុន អៀង និងនាងម៉ន ស្រីធុត (កាលថ្ងៃរៀបការ)

ដោយឡែក យុវជនភុន អៀង អាយុ២១ឆ្នាំ ជាកូន បានឱ្យដឹងថា សព្វថ្ងៃ រូបគេបានជាមិនទាន់ដូចដើមទេ ព្រោះនិយាយមិនសូវច្បាស់។ រូបគេឈឺចាប់តូចចិត្តនឹងប្រពន្ធរត់ចោលនោះល្មមទេ ព្រោះយល់ថា មកពីរូបគេរងគ្រោះអាចធ្លាក់ខ្លួនពិការមួយជីវិត ទើបប្រពន្ធចាំបាច់ត្រូវតែរកគូថ្មី ទៀត ដើម្បីអនាគត។ ប៉ុន្តែអ្វីដែលគេឈឺចាប់តូចចិត្តបំផុតនោះ ត្រង់ឪពុកបង្កើត តែងប្រមាថម្តាយ ជួនកាលក៏ស្ទុះមកវាយរូបគេទៀតផង អត់គិតថា កូនកំពុងមានរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត។ ឪពុកដុះគំនិតប្រចណ្ឌរូប គេនិងម្តាយ តាំងពីរូបគេចូលវ័យកំលោះម៉្លេះ លុះគេទៅដេកពេទ្យ ហើយម្តាយត្រូវតាមកំដរ ធ្វើឱ្យឪពុកនេះ កាន់តែខឹងទ្វេឡើង។ ទោះយ៉ាងណាក៏គេមិនខឹងឪពុកទេ ដោយចាត់ទុកថា អ្វីៗជាកម្ម របស់ខ្លួនទៅចុះ ហើយត្រូវប្រឹងប្រែងព្យាបាលខ្លួនបន្តទៀត ដើម្បី ឱ្យជាសះស្បើយដូចដើមវិញ។ ឥឡូវគេអាចដើរបានខ្លះៗហើយ ដូច្នេះមិនយូរទេ គេនឹងអាចចេញជួយការងារ សម្រាលបន្ទុក ម្តាយមិនខានឡើយ។

អ្នកស្រីទាល យឿម និងលោកជុំ ភិន (ក្នុងថ្ងៃចងដៃកូន)

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោកជុំ ភិន ជាប្តី និងជាឪពុកបានឡើយ ព្រោះលោក មានរវល់ចូលព្រៃរកបរបាញ់សត្វ និងប្រមូលអនុផល ព្រៃឈើ ជាច្រើនថ្ងៃមកហើយ។

ដោយឡែក នាងម៉ន ស្រីធុត ហៅគន្ធាត់ អាយុ១៩ឆ្នាំ ជាអតីតភរិយារបស់យុវជនភុន អៀង ក៏មិន អាចទាក់ទងសុំការបំភ្លឺបានដែរ តែតាមអ្នកស្រុក ប្រាប់ថា មុនដំបូង នាងគន្ធាត់ បានសាងស្នេហ៍ជាមួយ កំលោះអៀង ដោយភាពផ្អែមល្ហែម រហូតបានរៀបការ ជាមួយគ្នា។ លុះឃើញប្តីសន្លប់ ត្រូវបញ្ជូនទៅព្យាបាលដល់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ធ្វើឱ្យនាងអស់សង្ឃឹម ក៏បោលចោលប្តីនេះទៅ។ ឥឡូវឮថា នាងរកបានប្តីម្នាក់ទៀតហើយ ដែលស្តែងឱ្យឃើញថា នាងយកប្តីសម្លឹងឃើញតែទ្រព្យសម្បត្តិ ដោយខ្វះ ភាពស្មោះត្រង់។

ផ្ទះអ្នកស្រីទាល យឿម

អ្នកស្រីវ៉ាន់ រ៉េត មេភូមិរងភូមិស្លែង បានឱ្យដឹងថា គាត់អាណិតអាសូរយុវជនភុន អៀង ខ្លាំងណាស់ មិនគួរអភ័ព្វដល់ថ្នាក់នេះ។ គេជាមនុស្សល្អប្រចាំភូមិ តែងឧស្សាហ៍ព្យាយាមក្នុងការរកស៊ី មិនហ៊ានប្រមាថ ឪពុក ទោះជាឪពុកប្រចណ្ឌយ៉ាងណាក្តី។ ឥឡូវគេមិនទាន់ ជាសះស្បើយដូចដើមវិញទេ ប៉ុន្តែបើសិនជាសំណាង នៅមាន និងបានជា១០០%នោះ ច្បាស់ជាគេមាន សមត្ថភាពរកស៊ីក្លាយជាអ្នកមានធូរធារមិនខាន។

អ្នកស្រីវ៉ាន់ រ៉េត

រីឯអ្នកជិតខាងមួយចំនួនក៏បានឱ្យដឹងដែរថា នាងគន្ធាត់ ដែលរត់ចោលប្តីដ៏ល្អនេះ អាចនឹង “ចាក់ អង្ករ​ យកអង្កាម” មិនខានឡើយ។ បើសិនជាប្តី ក្រោយរបស់នាងខ្វះភាពស្មោះត្រង់ដែរនោះ ឬថា ពេល គេបានខ្លួននាងស្កប់ស្កល់ នឹងលែងក្បាលនាងចោល មិនខាន។ ដល់ពេលនោះ នាងនឹងស្តាយក្រោយ និងភ្ញាក់ខ្លួនមិនខាន ហើយបើចង់មករកប្តីដើម ក៏ហួសពេលដែរ។

អ្នកស្រីទាល យឿម

គួរបញ្ជាក់ថា ករណីប្រពន្ធរត់ចោលប្តីពេល របួសពិការនោះ យូរៗមានមួយ ប៉ុន្តែភាគច្រើនសុខចិត្តតស៊ូជាមួយប្តី ឬតាមថែទាំប្តី ទោះជាប្តីពិការក៏នៅ តែស្នេហ៍។ រីឯឪពុកប្រចណ្ឌប្រពន្ធនឹងកូនប្រុសនោះ មូលហេតុមកពីប្រពន្ធមិនសូវឱ្យប្តីរួមរ័ក ដែលជួនកាលពេលប្តីកេះកៀវ ក៏រត់ទៅដេកជាមួយកូន ជាហេតុ នាំឱ្យប្តីប្រចណ្ឌយ៉ាងនេះទៅ…”៕