Loading...

លោកសម រង្ស៊ី បញ្ជាក់ថា ចលនាសង្គ្រោះជាតិ មិនបាច់រង់ចាំការឯកភាពពីក្រុមលោកកឹម សុខា

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:15 am

សហរដ្ឋអាមេរិក ៖ លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់បន្ថែមថា ចលនាសង្គ្រោះជាតិ មិន បាច់រង់ចាំការឯកភាពពីក្រុមអ្នកដែលជិតស្និទ្ធ លោកកឹម សុខា នោះទេ គឺចលនាសង្គ្រោះជាតិ ត្រូវមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ រឹងមាំ ដែលមានសេរីភាពចាត់ការធ្វើសេចក្តីសម្រេច ដើម្បីរុញនាវាគណបក្សសង្គ្រោះជាតិ ដែល សព្វថ្ងៃកំពុងគាំងឱ្យឈានទៅមុខ។

លោកសម រង្ស៊ី បានអំពាវនាវឱ្យអ្នក និយមលោកកឹម សុខា កុំចង្អៀតចង្អល់ជាមួយ ចលនាសង្គ្រោះជាតិ និងសូមតាមដានមើល ប្រតិកម្មលោកកឹម សុខា ខ្លួនឯងចុះ ពីព្រោះ ឥឡូវពិបាកធ្វើការណាស់ ដោយសារតែលោក កឹម សុខា នៅជាប់ក្នុងពន្ធនាគារ ហើយលោក ជឿជាក់ថា លោកកឹម សុខា នឹងគាំទ្រចំពោះ ចលនាសង្គ្រោះជាតិ។

លោកសម រង្ស៊ី បានថ្លែងបញ្ជាក់បែបនេះ ក្រោយពេលដែលលោកបានប្រកាសបង្កើត  “ចលនាសង្គ្រោះជាតិ” កាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៨ រួចមក ក៏មានប្រតិកម្មមិន គាំទ្រពីអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិនៅក្រៅប្រទេស ព្រមទាំងអតីត តំណាងរាស្ត្រ និងអតីតយុវជន និងអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ពិសេសអ្នកនៅក្រុមលោកកឹម សុខា (អតីត កូតាគណបក្សសិទ្ធិមនុស្ស)។

ក្នុងកិច្ចប្រជុំសាធារណៈជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅទីក្រុងហ៊ូស្តុន  (Houston) រដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី បានថ្លែងថា “វាទុំហើយស្ថានការណ៍ទុំហើយ ក្នុងទឹកចិត្តប្រជារាស្ត្រយល់ ឃើញថា ដល់ពេលហើយ កម្លាំងគ្រប់គ្រាន់ ហើយប៉ុណ្ណឹង អន្តរជាតិគេចាំតែជួយយើងទេ អ៊ីចឹងបានហ៊ុន សែន គាត់ដឹងអ៊ីចឹង គាត់បាន ទប់កម្លាំងប្រជារាស្ត្រ កម្ទេចគណបក្សសង្គ្រោះជាតិ ធ្វើឱ្យគណបក្សសង្គ្រោះជាតិគាំង គឺគាត់ រំលាយ ទោះជារំលាយលើក្រដាសក៏ដោយ ក៏ យើងមានការលំបាកដែរ ពីព្រោះគេចោទយើង តុលាការក្នុងកណ្តាប់ដៃគេ កងកម្លាំងប្រដាប់អាវុធក្នុងកណ្តាប់ដៃគេ គេចង់ថាអី គេចង់ ធ្វើអីស្រេចតែចិត្ត គេប្រកាសថា យើងក្បត់ជាតិ គេរំលាយយើង គេចាប់ប្រធានយើងដាក់គុក គេដកតំណែងពីយើង អាហ្នឹងគាត់កាច់គណបក្សសង្គ្រោះជាតិ ឱ្យគណបក្សសង្គ្រោះជាតិគាំង តែយើងមិនត្រូវនៅស្ងៀមទេ ស្ថានការណ៍បែប ហ្នឹង បើគណបក្សសង្គ្រោះជាតិ គាំង កាលមុន យើងរំពឹងគណបក្សសង្គ្រោះជាតិ ធ្វើការក្នុង គណបក្សសង្គ្រោះជាតិ ប៉ុន្តែឥឡូវពិបាកធ្វើការ ណាស់បងប្អូន និយាយឱ្យចំទៅ គណបក្សណា ក៏ដោយ អង្គការណាក៏ដោយ យើងហៅថា កម្លាំង ណាក៏ដោយ ទោះបីកម្លាំងយោធា កងទ័ព បើ គេចាប់មេទ័ពដាក់គុក តើកូនទាហាន មានទឹកចិត្តច្បាំងទេ? កូនទាហានបាក់ទឹកចិត្តហើយ គេ ចាប់មេទ័ពដាក់គុក អ៊ីចឹងបានហ៊ុន សែន ធ្វើ អ៊ីចឹង គេសំអាងគេប្រើកម្លាំង គេចាប់កឹម សុខា ដាក់គុក ឱ្យសមាជិកគណបក្សសង្គ្រោះជាតិ បាក់ ស្បាត មេយើងជាប់គុក ពួកហ្នឹងមើលងាយ យើងណាស់ នៅមូលដ្ឋាន គេថាមេពួកអ្នកឯង ជាប់គុក ពួកអ្នកឯងចង់បានអីទៀត? គេថែមទាំងរំលាយគណបក្សយើងថែមទៀត ហើយ គេដកតំណែងពីយើងទាំងអស់ តាមចាប់គ្នា យើង ឱ្យតែដើរនិយាយប្រជុំលើស៣នាក់ គេរករឿង ឥឡូវថ្នាក់ដឹកនាំគណបក្សមួយៗរួញ រតាត់រតាយ ចុះពីផ្ទះទៅពួននៅឃុំមួយទៀត នៅស្រុកមួយទៀត នៅខេត្តមួយទៀត ខ្លះ ចេញមកដល់ថៃ សូម្បីតែថ្នាក់ដឹកនាំគណបក្ស យើង តំណាងរាស្ត្រគណបក្សយើង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ២៥នាក់ ពិបាកជួប គ្នា រួចទៅបញ្ហាមួយទៀត មិនដឹងជាអ្នកណា ស្តាប់អ្នកណា ប្រធាននៅក្នុងពន្ធនាគារ រួចទៅ នៅក្នុងពន្ធនាគារហ្នឹង មិនមែនគេឱ្យធ្វើអីតាម ចិត្តទេ គាត់អត់មានលទ្ធភាពទេ អត់មានសេរីភាព គឺអត់មានលទ្ធភាព អត់ទទួលព័ត៌មានបាន វិទ្យុគេអត់ឱ្យស្តាប់ កាសែតគេអត់ឱ្យយកទៅ អាន បើមានភរិយា មានមេធាវីមកជួប និយាយ គ្នាហ្នឹង ប៉ូលិសឈរជិតហ្នឹងស្តាប់ ខ្សឹបគ្នាក៏គេ ឮដែរ មានកាមេរ៉ាថតយើង២៤ម៉ោង ស្រូប សំឡេង។ ឱ្យធ្វើអី យើងចាំបញ្ជាពីមេ បើមេស្ថិត នៅក្នុងស្ថានការណ៍បែបហ្នឹង អត់មានលទ្ធភាព បញ្ជាទេ គាត់អត់ទទួលព័ត៌មានបានផង មុននឹង បញ្ជា យើងត្រូវទទួលព័ត៌មានយកមកវែកញែក យកមកថ្លឹងថ្លែង យកមកធ្វើការវិភាគ ទើប យើងអាចសន្និដ្ឋានថាត្រូវធ្វើនេះ ត្រូវធ្វើនោះ ឥឡូវវាគាំងហើយ ថែមគេរំលាយយើងទៀត ឱ្យយើងស្ថិតនៅក្រៅច្បាប់របស់គេ អ៊ីចឹងដល់ យើងធ្វើអី គេគាបសង្កត់ ចាប់ដាក់គុក គេធ្វើ បាប ធ្វើទុក្ខបុកម្នេញ ហើយបើប្រធាននៅក្នុង គុក តើស្តាប់អ្នកណា?”

លោកសម រង្ស៊ី បន្តថា “អ្នកខ្លះគេថាទេ គេជិតស្និទ្ធស្នាលគ្រួសារ គេទៅមកបាន តែវា មិនមែនអ៊ីចឹង គេនៅបកស្រាយថាអ៊ីចេះអ៊ីចុះ ខ្ញុំជឿមែន អេង ឆៃអ៊ាង និយាយថា អ្នកខ្លះ គេជំទាស់ពីការបង្កើតចលនាសង្គ្រោះជាតិនេះ ព្រោះគេថា ហ្នឹងមិនជាការជួយលោកកឹម សុខា ឱ្យរួចផុត ខ្ញុំថាមានតែចលនាសង្គ្រោះជាតិទេ ដែលអាចជួយឱ្យលោកកឹម សុខា រួចផុតពីការ ឃុំឃាំង ឱ្យទទួលបានសេរីភាពឱ្យបានឆាប់រហ័ស ជាទីបំផុត​ គាត់កាច់គណបក្សសង្គ្រោះជាតិ បាន ហើយប៉ុណ្ណឹង លោកកឹម សុខា ជានិមិត្តរូប គាត់ ចាប់លោកកឹម សុខា ចោទជាជនក្បត់ជាតិ ដោយ យកសុន្ទរកថាពេលហ្នុង ជាលេសរបស់គាត់ អ៊ីចឹងគាត់មិនអាចដោះលែងលោកកឹម សុខា បានទេ ដោះលែងលោកកឹម សុខា មានន័យថា ត្រូវឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើង វិញ ពីព្រោះគាត់ចោទគណបក្សសង្គ្រោះជាតិ ហ្នឹង គាត់ចាប់លោកកឹម សុខា សិន បានរំលាយ គណបក្សសង្គ្រោះជាតិ ព្រោះគាត់ថា លោក កឹម សុខា ជាប្រធាន បាននិយាយថាអ៊ីចេះថា អ៊ីចុះ គាត់ចេះតែលើកឡើងទៅ ដើម្បីជាលេស ថា គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំ របស់លោកកឹម សុខា ធ្វើសកម្មភាពក្បត់ជាតិ អ៊ីចឹងបើគាត់ដោះលែងលោកកឹម សុខា មានន័យថា គណបក្សសង្គ្រោះជាតិ ឈប់ក្បត់ជាតិ ហើយគណបក្សសង្គ្រោះជាតិ ត្រូវដំណើរការ ឡើងវិញហើយ តែគាត់មិនឱ្យគណបក្សសង្គ្រោះជាតិដំណើរការទេ ពីព្រោះគណបក្សសង្គ្រោះជាតិ ដំណើរការ គណបក្សសង្គ្រោះជាតិ ឈរ ឈ្មោះក្នុងការបោះឆ្នោត ទទួលជោគជ័យក្នុង ការបោះឆ្នោត អាហ្នឹងជាការភ័យខ្លាចរបស់ គាត់ អ៊ីចឹងបើយើងឱ្យគណបក្សសង្គ្រោះជាតិ ទាមទារឱ្យលោកកឹម សុខា រួចខ្លួន អត់មាន ប្រសិទ្ធភាពទេ ទាល់តែមានកម្លាំងអីពីក្រៅ មានអ្វីមួយថ្មីដែលខ្លាំងជាង ដែលធំជាង ដែល មានឥទ្ធិពលជាងគណបក្សសង្គ្រោះជាតិ ដែល កំពុងតែជាប់គាំង អ៊ីចឹងហើយបានយើងត្រូវតែ បង្កើតចលនាសង្គ្រោះជាតិ ចលនាសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនរឹងមាំ អត់មានរតាត់រតាយ អត់មានសួរអ្នកនេះ ខ្លាចចិត្តអ្នកនោះ ចាំមើល អ្នកណាជិតស្និទ្ធជាមួយលោកកឹម សុខា សិន បានចេញមកប្រាប់ថា ដល់ណាដល់ណី ចេញ អត់រួចទេ គាំងអាហ្នឹងគាំងរហូតអ៊ីចឹង អ៊ីចឹង ត្រូវមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ ក្បាល ម៉ាស៊ីនមួយរឹងមាំ ដែលមានសេរីភាព ដែល មានលទ្ធភាពចាត់ការធ្វើសេចក្តីសម្រេច ដើម្បី ឱ្យនាវាគណបក្សសង្គ្រោះជាតិ ឈានទៅមុខ ហើយការបង្កើតចលនានេះ ជាការកំណត់យុទ្ធសាស្ត្រថ្មី យុទ្ធសាស្ត្រថ្មីហ្នឹង គឺយើងមិនិត្រូវ លេងល្បែងដែលហ៊ុន សែន ចង់ឱ្យយើងលេង ទេ បើយើងលេងល្បែងដែលហ៊ុន សែន ចង់ឱ្យ យើងលេង យើងនឹងចាញ់ ពេលកងទ័ពប្រយុទ្ធ ការប្រៀបធៀបទេ យើងមិនមែនចង់ប្រើទ័ព ប្រើអីទេ គ្រាន់ចង់ប្រៀបធៀបឱ្យយល់។ ទាហាន កងទ័ព គេមិនត្រូវឱ្យគូសត្រូវកំណត់សមរភូមិ ទេ បើគូប្រយុទ្ធរបស់យើង សត្រូវរបស់យើង កំណត់ឱ្យយើងទៅតទល់ជាមួយពួកគេនៅលើ សមរភូមិណាដែលមានកំណត់ យើងចាញ់ហើយ បងប្អូនដូចទាហានជើងគោក មិនអាចទៅច្បាំង ក្នុងទឹកទេ បងប្អូនបើទាហានជើងទឹក គេរៀបចំ ច្បាំងលើទឹក យើងទាហានជើងគោក ទៅច្បាំង លើទឹកម៉េចកើត? គេច្បាំងលើអាកាស គេមាន  យន្តហោះ យើងមានយន្តហោះឯណា ទៅច្បាំង មួយគេម៉េចកើត? ល្បែងនយោបាយ ឆាកនយោបាយ គេគិតអ៊ីចឹង ហ៊ុន សែន គាត់កំណត់ ឱ្យយើងទៅតតាំងជាមួយគាត់លើសមរភូមិ ដែលគាត់កំណត់ គឺល្បែងនយោបាយដែលគាត់ កំណត់ គាត់ចង់ឱ្យយើងទៅបង្កើតគណបក្សថ្មី គាត់រំលាយគណបក្សសង្គ្រោះជាតិ គាត់ថា ឥឡូវចេញមកអ្នកណាសេសសល់ពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សមួយទៀត ទៅ ឬមួយយកទៅគណបក្សភ្លើងទៀន អតីត គណបក្សសម រង្ស៊ី យកទៅគណបក្សសិទ្ធិមនុស្ស ដែលបានចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ  ប៉ុន្តែវាមានជានិមិត្តរូប នៅមានតែរូបបន្តិចបន្តួច គាត់ថា យកគណបក្សហ្នឹងទៅ បង្កើត គណបក្សផ្សេងទៅ ! អត់ទេ កុំលេងល្បែងហ៊ុន សែន ឱ្យសោះ មានតែគណបក្សសង្គ្រោះជាតិ មួយទេ យើងត្រូវត្រៀមប្រយុទ្ធ តស៊ូដើម្បីឱ្យ គណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ត្រូវ ឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ហើយយើងនឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិវិញ ដើម្បីឱ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យ អ្នកចោទប្រកាន់ថា ចលនា សង្គ្រោះជាតិ ដើម្បីទៅបង្កើតគណបក្សមួយ ទៀត ដើម្បីទៅប្រកួតជាមួយគណបក្សសង្គ្រោះជាតិ ខុសហើយ ច្រឡំហើយ បើកភ្នែកឱ្យភ្លឺ ឡើង ចលនាសង្គ្រោះជាតិ គឺដើម្បីធ្វើឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតលើកក្រោយ យើង បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុង ការបោះឆ្នោត ដើម្បីទទួលជ័យជម្នះក្នុងការ បោះឆ្នោតខាងមុខ។ ជយោ ! គណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិនេះ នឹងមាន ប្រធានលោកកឹម សុខា ដដែល ដោយអត់ មានផ្លាស់ប្តូរប្រធានទេ ចលនាសង្គ្រោះជាតិ បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការ ឡើងវិញ ចូលរួមក្នុងការបោះឆ្នោត និងទទួល ជោគជ័យក្នុងការបោះឆ្នោតខាងមុខ ដើម្បីឱ្យ យើងទាំងអស់គ្នាទៅសង្គ្រោះជាតិរបស់យើង ទាំងអស់គ្នា…”។

ពាក់ព័ន្ធចលនាសង្គ្រោះជាតិ នេះដែរ នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំ សាធារណៈជាមួយអតីតថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់  សហរដ្ឋអាមេរិក ជាមួយលោកសម រង្ស៊ី នោះ ដែរ លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ បានបង្ហើបថា ចលនា សង្គ្រោះជាតិ នឹងរៀបចំរចនាសម្ព័ន្ធបណ្តាញ សម្ងាត់ បំផុសបំផុលឱ្យអតីតសកម្មជន អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ ងើបឡើងធ្វើ សកម្មភាពប្រឆាំងក្នុងប្រទេស ឱ្យដូចនៅក្រៅ ប្រទេសដែរ ព្រមទាំងការផ្ញើសារ ធ្វើចលនា សតិអារម្មណ៍កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យស្តាប់បង្គាប់ថ្នាក់ដឹកនាំប្រទេស កុំបង្ក្រាប ការបះបោររបស់ប្រជាពលរដ្ឋដែលងើបឡើង ទាមទារសេរីភាព។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិតនៅឯ សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណៈ ជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនោះ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់លោក អំពីការសម្រេចបង្កើត “ចលនា សង្គ្រោះជាតិ” រួមជាមួយអតីតថ្នាក់ដឹកនាំនៃ អតីតគណបក្សសង្គ្រោះជាតិ ដោយប្រមូលអ្នក ប្រជាធិបតេយ្យទាំងអស់ចូលរួម ដើម្បីទាមទារ ឱ្យមានការដោះលែងលោកកឹម សុខា និងអ្នក ទោសមនសិការទាំងអស់ ព្រមទាំងឱ្យមានការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង ទូលំទូលាយ ដោយមានការចូលរួមពីអតីត គណបក្សសង្គ្រោះជាតិ ដែលមានលោកកឹម សុខា ជាប្រធាន ទោះបីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល ជាស្ថាពរកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅហើយក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ដែលលោកសម រង្ស៊ី បានបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស  សង្គ្រោះជាតិ ដែលផ្តួចផ្តើមគំនិតបង្កើត “ចលនា សង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង  ២-លោកជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រី ជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង ៩-លោកទួន យក់ដា។

ទោះជាយ៉ាងណា ជុំវិញការប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ខាងលើនេះ មានប្រតិកម្មមិនគាំទ្រពីអតីតថ្នាក់ ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅ ប្រទេស អតីតតំណាងរាស្ត្រ និងអតីតយុវជន និងអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះ ជាតិមួយចំនួន ពិសេសសអ្នកនៅក្រុមលោក កឹម សុខា (អតីតកូតាគណបក្សសិទ្ធិមនុស្ស)។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមាន លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយតំណាង សាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋ អាមេរិក ចំនួន៤៧រូបទៀត ចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មិនចូលរួមជាមួយ “ចលនា សង្គ្រោះជាតិ” របស់លោកសម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សា និងការពារគណបក្ស  សង្គ្រោះជាតិ ហើយនិងបន្តការតស៊ូក្នុងក្របខ័ណ្ឌ និងដំបូលគណបក្សសង្គ្រោះជាតិតែមួយដោយ  គ្មានការផ្លាស់ប្តូរ ឬការបែកបាក់គ្នាឡើយ។

ជាមួយគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ អតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាងរាស្ត្រមួយរូប បានថ្លែងក្នុងវេទិកា ជួបអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានកញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន ទៀតចូលរួមផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា លោកមិនគាំទ្រចលនាសង្គ្រោះ ជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នោះ ទេ ដោយលោកបញ្ជាក់ថា លោកមិនបានដឹងពី បំណងនៃការរៀបចំចលនាសង្គ្រោះជាតិនេះទេ ក៏ប៉ុន្តែ ជាសិទ្ធិរបស់បុគ្គលគ្រប់រូប ខ្មែរគ្រប់រូប មានសិទ្ធិបង្កើតសមាគម អង្គការបាន ក៏ប៉ុន្តែ អ្វីដែលត្រូវពិនិត្យ គឺថា ជាចលនាមហាជនមិន ធ្វើនយោបាយ ដូច្នេះ បើមិនធ្វើនយោបាយ ត្រូវ ដកឈ្មោះគណបក្សសង្គ្រោះជាតិចេញវិញឱ្យ លឿន ពីព្រោះគណបក្សសង្គ្រោះជាតិ ធ្វើ នយោបាយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានព្រមានថា នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ នោះ  មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅ ក្នុងហ្នឹង ដែលមានលោកកឹម សុខា ជាប្រធាន ហើយលោកកឹម សុខា មិនទាន់បានដឹងទេ  ដូច្នេះ បើសិនណាចលនាសង្គ្រោះជាតិ យកទៅធ្វើ សកម្មភាពអីមួយមានបញ្ហានោះ លោកកឹម សុខា នឹងត្រូវទទួលខុសត្រូវ ហើយលោកកឹម សុខា នឹងជាប់គុកគ្មានថ្ងៃចេញឡើយ។

ជាមួយគ្នានេះ លោកទួន យក់ដា អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយរូបទៀត ក៏បានប្រកាសមិនទទួលស្គាល់ ចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោក សម រង្ស៊ី នោះដែរ ដោយលោកបានចេញសេចក្តី ជូនដំណឹងមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា “ខ្ញុំបាទ ទួន យក់ដា សូម ជម្រាបប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា ៖ គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិ ដើម្បីស្រោចស្រប់ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដូចមាន ក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ចុះថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺ ស្ថិតក្នុងដំណាក់កាលពិភាក្សាមិនទាន់ដាច់ស្រេច និងមិនទាន់បានសម្រេចនៅឡើយទេ។ ហេតុ ដូច្នេះរាល់សេចក្តីថ្លែងការណ៍ទាំងឡាយណា ដោយមិនបានសម្រេចនេះ ហើយមានឈ្មោះ ខ្ញុំបាទ គឺខ្ញុំបាទមិនទទួលស្គាល់ឡើយ។

អាស្រ័យដូចបានជូនដំណឹងខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងខាងក្នុង និងក្រៅ ប្រទេសជ្រាបជាព័ត៌មាន”។

ទោះជាយ៉ាងណា​ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានចាត់ទុកចលនា សង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នោះគឺជាចលនាខុសច្បាប់ ឬជាចលនាឧទ្ទាមរបស់ពួកឧទ្ទាមក្រៅច្បាប់។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់ អំណាច មានប្រសាសន៍ថា ការបង្កើតអង្គការ ឬចលនាណាមួយក្រៅច្បាប់ វាគឺជាសកម្មភាព បែបឧទ្ទាម ហើយកម្ពុជាមិនទទួលស្គាល់ចលនា ខុសនោះទេ ទោះបីជាប្រទេសណាទទួលស្គាល់ ក៏ដោយចុះ ហើយប្រសិនបើប្រជាពលរដ្ឋកម្ពុជា រូបណាចូលរួមក្នុងចលនាខុសច្បាប់នេះ ក៏ជា ការរួមចំណែកខុសច្បាប់ដែរ។ ចំពោះពលរដ្ឋ នៅក្រៅប្រទេសដែលចូលរួមជាមួយចលនា នេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើពួកគេ ហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈមមុខ ជាមួយច្បាប់របស់កម្ពុជា។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោកសុខ ឥសាន បានថ្លែងចំអក ឱ្យលោកសម រង្ស៊ី ថា ការបង្កើតចលនាសង្គ្រោះជាតិ ដែលជាចលនាឧទ្ទាមក្រៅច្បាប់នោះ ជា ការប្តូរយុទ្ធសាស្ត្រដែលគ្មានបានការរបស់ទណ្ឌិត អតីតមេបក្សប្រឆាំង។

លោកសុខ ឥសាន បានថ្លែងថា “ជាការ គួរឱ្យអស់សំណើចណាស់ ដែលទណ្ឌិតអតីត មេបក្សប្រឆាំង ធ្វើនយោបាយប្រកួតប្រជែង តាំងពីនៅក្នុងស្រុក រហូតរត់ចោលស្រុក នៅ តែស្រែកថា ខ្លាំង នៅតែមានក្តីសង្ឃឹមទាំងអស់ សង្ឃឹមថា ខ្លួននឹងអាចចូលស្រុកមកចូលរួមបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ បាន។ នៅក្នុង ស្រុក បានបរាជ័យផ្ទួនៗ ធ្ងន់លើធ្ងន់ ហៅមិន ឮ បែរជាថាមានសង្ឃឹមទៅវិញ គួរឱ្យហួសចិត្ត ណាស់។ នេះវាគ្រាន់តែការឃោសនាបំប៉ោង សភាពការណ៍ពិត បន្លំមហាជន ប្រជាជនឱ្យ យល់ច្រឡំ និងសម្រន់ការបាក់ទឹកចិត្តរបស់ពួក អ្នកអស់តួនាទី តំណែងតែប៉ុណ្ណោះ។

ការប្តូរយុទ្ធសាស្ត្រថ្មីមកបង្កើតរបស់ដែល ហៅថា ចលនាសាងគ្រោះជាតិ ស្អីនោះ ដែល ជាចលនាឧទ្ទាមក្រៅច្បាប់ តើបានការស្អីទៅ? តើមានឥទ្ធិពលអ្វីចូលទៅក្នុងប្រទេសមានសង្ឃឹម អ្វីទៅ នៅក្នុងស្រុកមិនមានកំណើតផង ចុះ ដល់នៅក្រៅស្រុកមានលទ្ធភាពស្អីទៅបានការ នោះ? សរុបមក ចលនាដែលជាការប្តូរយុទ្ធសាស្ត្រនោះ នៅតែគ្មានបានការដដែល”។

លោកសុខ ឥសាន បានថ្លែងបន្តថា “អស់ រយៈពេលជាងម្ភៃឆ្នាំ ហើយអ្នកឈ្នះនៅតែឈ្នះ ឯអ្នកចាញ់នៅតែចាញ់។ អ្នកឈ្នះ បានជាចេះ ឈ្នះដោយសារសុខចិត្តលះបង់គ្រប់បែបយ៉ាង  រួមទាំងអាយុជីវិតផង ធ្វើជាដើមទុន ដើម្បី បុព្វហេតុជាតិនិងប្រជាជន រួមមានការរំដោះ ប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីគ្រោះ មរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានខិតខំស្វែងរកដំណោះស្រាយនយោបាយ បញ្ចប់ជម្លោះរវាងភាគីខ្មែរ ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់ នាំយកកម្ពុជា ចូលទៅ ក្នុងដំណាក់កាលថ្មីនៃរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ បន្ថែមពីនេះ អ្នក ឈ្នះបានស្វែងរកបានសន្តិភាពពេញលេញជូន ជាតិ និងប្រជាជន តាមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បើកផ្លូវឱ្យមាន ការកសាង និងអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរក វឌ្ឍនភាព។ ទាំងនេះសុទ្ធតែស្នាដៃ និងគុណសម្បត្តិរបស់អ្នកឈ្នះកាន់តែមានបទពិសោធន៍ ការងារ ដែលធ្វើឱ្យមានការគាំទ្រពីប្រជាជន កាន់តែខ្លាំងក្លាថែមទៀត ឥតឈប់ឈរ ធ្វើឱ្យ នៅតែឈ្នះតទៅទៀត”។

អ្នកនាំពាក្យបក្សកាន់អំណាច ដដែល បានបន្តថា “ការទទួលបានជោគជ័យ និងគុណសម្បត្តិធំធេងនេះហើយ ធ្វើឱ្យអ្នកឈ្នះ កាន់តែ សប្បាយចិត្ត មានអារម្មណ៍ភ្លឺថ្លា ហូបបាន សម្រាន្ត លក់ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ។ ចំណែកអ្នកចាញ់ នៅតែចាញ់បន្តបន្ទាប់ ងើប មុខមិនរួច គ្មានស្នាដៃអ្វីសម្រាប់ជាតិ និងប្រជាជនទាល់តែសោះ គិតតែបង្កើនសកម្មភាពធ្វើ ជាឧបសគ្គដល់ការរីកចម្រើនរបស់ជាតិ ធ្វើឱ្យ ប្រជាប្រីយភាពធ្លាក់ចុះជាបន្តបន្ទាប់ហៅលែង ឮ។ ម៉្យាងទៀត ដោយវង្វេងស្មារតី វិលវល់ ក្នុងអារម្មណ៍វង្វេងវង្វាន់រហូតដល់ទៅលក់ក្បាល ឱ្យបរទេស បម្រើមហិច្ឆតាបរទេស ប្រព្រឹត្តល្មើស ច្បាប់ធ្ងន់ដល់ថ្នាក់ក្បត់ជាតិ កាន់តែកុនខ្លួន ខ្លះ រត់ចោលស្រុក ខ្លះជាប់ឃុំខ្លួន ចាញ់នៅតែចាញ់ ចាញ់ហៅមិនឮ ប្រព្រឹត្តល្មើសច្បាប់កាន់តែជ្រៅ ទៅៗ រហូតដល់ធ្វើសកម្មភាពជាឧទ្ទាមក្រៅ ច្បាប់នៅឯនាយសមុទ្រ កណ្តាលមហាសាគរ អត់កោះត្រើយ អស់សង្ឃឹម ដេកមិនលក់ បក់ មិនល្ហើយ ស៊ីអីមិនបាន កម្លាំងចុះខ្សោយ សុខភាពទ្រុឌទ្រោមជាលំដាប់ ហេវទៅៗរហូតសោះ ខ្យល់ ដាច់ខ្យល់ស្លាប់ឆាប់ៗជាមិនខាន។ នេះ ហើយជាជោគវាសនារបស់អ្នកចាញ់ ដែលចេញ ពីនយោបាយបំផ្លិចបំផ្លាញជាតិ តាំងពីដូនតា រៀងមក ។

នៅទីបំផុត អ្នកឈ្នះនៅតែឈ្នះ សុខកាយ សប្បាយចិត្ត មានស្នាដៃកាន់តែកើនអារម្មណ៍ ភ្លឺថ្លា ប្រជាជនគាំទ្រ ឈ្នះរហូត។ ចំណែកអ្នក ចាញ់ អត់មានស្នាដៃ មានតែគុណវិបត្ត វិលវល់ ចិត្តគិតតែបំផ្លាញ ប្រជាប្រិយធ្លាក់ចុះជាលំដាប់  ដេកមិនបាន សម្រាន្តមិនលក់ សុខភាពខ្សោយ ទៅៗ ឆាប់ស្លាប់ លាលោកនេះទៅហោង”៕

ខៀវទុំ