Loading...

បណ្តាញសម្ងាត់ចលនាសង្គ្រោះជាតិអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ស្រាវជ្រាវស៊ើបអង្កេតចាត់វិធានការ

​ dara chan​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:50 am

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស ស្រាវជ្រាវស៊ើបអង្កេតបណ្តាញសម្ងាត់ចលនា សង្គ្រោះជាតិ របស់លោកសម រង្ស៊ី ដែលបាន ប្រកាសបង្កើតនៅក្រៅប្រទេសនោះ បើមាន សកម្មភាពនៅក្នុងប្រទេស ត្រូវចាត់វិធានការ ទប់ស្កាត់ និងកម្ទេចចោលភ្លាម ព្រោះចលនា ឧទ្ទាមខុសច្បាប់នេះ មានលក្ខណៈបំផ្លាញសន្តិសុខជាតិ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម ប្រចាំឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់សង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវស្រាវជ្រាវចលនានេះ នៅមូលដ្ឋាន និងមានវិធានការបន្ទាន់។

សម្តេច ស ខេង បានធ្វើការអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែរក្សា សុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេស ជាតិ ហើយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់។

សម្តេច ស ខេង បានលើកឡើងថា មាន លទ្ធិប្រជាធិបតេយ្យ ទើបមានសុខសន្តិភាព ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេស ជាតិ។ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព ដែល កំពុងមាននាពេលបច្ចុប្បន្ននេះ ហើយត្រូវទប់ស្កាត់ដាច់ខាតនូវចលនាសង្គ្រោះជាតិ។

សម្តេច ស ខេង បានមានប្រសាសន៍នៅ ពេលនោះថា “ក្នុងនាមជាកម្លាំងនគរបាល គឺ ត្រូវថែរក្សាសន្តិសុខរួម ដូច្នេះករណីការរំលាយ គណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល នាខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ គឺស្របទៅ តាមច្បាប់ និងដើម្បីថែរក្សាសុខសន្តិភាព និង លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយ កម្ពុជា លែងចង់ឃើញនូវសង្គ្រាមបន្តទៀត នោះឡើយ ហើយប្រសិនបើមានទៀតនោះ មិនអាចងាយនឹងស្តារប្រទេសឱ្យរីកចម្រើនដូច បច្ចុប្បន្ននេះវិញឡើយ។ ដូច្នេះសមត្ថកិច្ច ត្រូវ ឃ្លាំមើលតាមមូលដ្ឋាន ក្រែងលោមានសកម្មភាពចលនាសង្គ្រោះជាតិ នេះកើតឡើង ត្រូវ ទប់ស្កាត់ភ្លាម”។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសជាផ្លូវការនូវចលនាសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ ជាមួយការបញ្ជាក់ពីផែនការសកម្មភាពរបស់ចលនាសង្គ្រោះជាតិ ចំនួន៥ចំណុច រួមមាន ៖

១-ការងារផ្លូវនយោបាយ ឬការងារផ្លូវទូត។

២-ការងារពាណិជ្ជកម្ម ប្រាប់បរទេស កុំ ឱ្យផ្តល់ប្រាក់កម្ចីមករដ្ឋាភិបាលកម្ពុជា។

៣-បំផុសបំផុលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យងើបឈរធ្វើបាតុកម្ម កូដកម្ម ដោយសន្តិវិធី។

៤-អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ឈប់គាំទ្ររដ្ឋាភិបាល កុំបាញ់សម្លាប់ខ្មែរគ្នាឯង។

៥-អំពាវនាវឱ្យមន្ត្រីសមាជិកគណបក្សកាន់អំណាច មកចូលរួមជាមួយចលនាសង្គ្រោះជាតិ។

ដោយឡែក កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី បានប្រកាសថា ចលនាសង្គ្រោះជាតិ នឹងរៀបចំបណ្តាញសម្ងាត់ របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំ បាច់បញ្ចោញមុខ និងបញ្ចោញឈ្មោះជាសាធារណៈ ព្រោះក្នុងប្រវត្តិសាស្ត្រ ចលនាតស៊ូទាំងអស់ក្នុង ពិភពលោក តែងតែប្រុងប្រយ័ត្ន ហើយលាក់ការណ៍បែបនេះ ដើម្បីធានាទាំងសុវត្ថិភាព និង ប្រសិទ្ធភាពការងាររបស់អ្នកតស៊ូនៅជួរមុខនៃ ចលនានេះ។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅពេលនោះថា “ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ ដៃលោកហ៊ុន សែន លោកកឹម សុខា មិនអាច ប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិ បានទេ ពីព្រោះចលនានេះ មានគោលដៅបើក ផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការ បោះឆ្នោតឆ្នាំ២០១៨ នេះ ហើយដណ្តើមយក ជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដឹកនាំ ដោយលោកហ៊ុន សែន។ បើលោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជា លោកហ៊ុន សែន នឹងធ្វើបាបលោកកឹម សុខា រឹតតែខ្លាំងថែមទៀត។ ខ្ញុំ សម រង្ស៊ី ក៏បាន អំពាវនាវ សូមកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួន ចំពោះ ចលនាសង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងនោះ ហើយ ក៏ធានាប្រសិទ្ធភាពការងាររបស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ខ្លួននៅ ទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់បញ្ចោញ មុខ និងបញ្ចោញឈ្មោះជាសាធារណៈ។ ក្នុង ប្រវត្តិសាស្ត្រចលនាតស៊ូទាំងអស់ក្នុងពិភពលោក គេតែងតែប្រុងប្រយ័ត្ន ហើយលាក់ការណ៍បែប នេះ ដើម្បីធានាទាំងសុវត្ថិភាព ទាំងប្រសិទ្ធភាព ការងាររបស់អ្នកតស៊ូនៅជួរមុខ”។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ តាមរយៈបណ្តាញសង្គម ធ្វីតធើរ (Twitter) លោកសម រង្ស៊ី បានព្រមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា បើមិនពន្យារពេលបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ នឹង មានអំពើហិង្សាកើតឡើងនៅកម្ពុជា។

លោកសម រង្ស៊ី បានសរសេរនៅពេល នោះថា “ខ្ញុំសូមធ្វើសំណើនេះ ទៅលោកហ៊ុន សែន ៖ សូមពន្យារពេលការបោះឆ្នោតជាតិ ខាងមុខនេះ រហូតដល់យើងធានាថា ការបោះឆ្នោតនេះ អាចបំពេញបានជាអប្បបរមាតាម បទដ្ឋានអន្តរជាតិ។ នេះនឹងចៀសវាងបានទាំង អំពើហិង្សា និងកម្ពុជា ក្លាយជារដ្ឋឯកា គ្មាន នីតិសម្បទា”។

អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានបញ្ជាក់ថា សមត្ថកិច្ចកំពុងសិក្សា ពីទិដ្ឋភាពច្បាប់ ក្នុងការកសាងបណ្តឹងទៅតុលាការ ដើម្បីចាត់ការលើចលនាសង្គ្រោះជាតិ ដែលជាចលនាបង្កើតនូវអង្គការចាត់តាំង និង ខ្សែរយៈសម្ងាត់ខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

អ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធិ បានថ្លែង ក្រោយបញ្ចប់បិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ថា កម្ពុជា មានមិត្តភក្តិបរទេស ជាច្រើន ព្រោះជាទូទៅនៅលើពិភពលោក មានប្រព័ន្ធនគរបាលអន្តរជាតិ ដែលមានជាង ១៩០ប្រទេស ជាប្រទេសម្ចាស់ហត្ថលេខីនៃ សមាជិកនៃអង្គការនគរបាលអន្តរជាតិ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់វិធានការឱ្យប៉ូលិសអន្តរជាតិ (អាំងទែរប៉ូល) ចាប់បពាន្ជូលោកសម រង្ស៊ី ត្រឡប់មកវិញ យ៉ាងហោចណាស់ ចាប់ផ្តើម ពីប្រទេសទាំង១០ នៅក្នុងអាស៊ាន ព្រោះលោក សម រង្ស៊ី ដែលជាទណ្ឌិត រត់គេចពីសំណាញ់ ច្បាប់នោះ បានរៀបចំភេរវកម្មឱ្យមានការតស៊ូ ជារបៀបក្រោយវាំងននខ្មៅ ក្លាយទៅជាមេភេរវករឆ្លងព្រំដែន ត្រូវទទួលបានការចាត់ វិធានការរបស់រាជរដ្ឋាភិបាល នៅក្នុងប្រទេស ទាំង១០ នៅក្នុងអាស៊ាន គឺកម្ពុជាបានស្នើឱ្យ ប្រទេសអាស៊ាន ចាប់ខ្លួនមេភេរករនេះ មក កម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា លោកសម រង្ស៊ី បើមកជាន់ទឹកដី លើប្រទេសណាមួយដែលសហការជាមួយកម្ពុជា ជាពិសេស ទឹកដីនៃតំបន់អាស៊ី ដូចជា ថៃ ឬ ហ៊្វីលីពីន ជាដើម នឹងត្រូវចាប់ខ្លួនមកអនុវត្ត ទោសជាមិនខាន។

លោកផៃ ស៊ីផាន និងលោកឈឹម ផលវរុណ

ជុំវិញការបង្កើតចលនាសង្គ្រោះជាតិ របស់ លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នេះដែរ កន្លងមកនេះ ទាំង រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេទ័ពកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា នឹងកម្ទេចចោល ភ្លាមនូវចលនាឧទ្ទាមខុសច្បាប់នេះ បើមាន សកម្មភាពនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ចាត់ទុកចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី នោះថា ជាអង្គការភេរវកម្ម ហើយសម្តេចនាយករដ្ឋមន្ត្រី បានហៅលោកសម រង្ស៊ី ថា ជាភេរវករ ដែលសម្តេចនឹងតាមចាប់ខ្លួនយក មកផ្តន្ទាទោសឱ្យបាន ដោយសម្តេចព្រមានថា បើលោកសម រង្ស៊ី ហ៊ានមកតំបន់អាស៊ី ឬមក ក្បែរអាស៊ី នឹងត្រូវចាប់ខ្លួនបញ្ជូនមកកម្ពុជា មិនខាន។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត ជាង២ពាន់នាក់ និងសម្ពោធអគារទេពកោសល្យ វិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាល ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំមាន បទពិសោធន៍គ្រប់គ្រាន់ បើទោះបីជាមិនគ្រប់ សម្រាប់មនុស្សខ្លះ ក៏ប៉ុន្តែអាចចែករំលែកបទពិសោធន៍ ហេតុអីបានជាខ្ញុំឈរជើងរឹងមាំ ចាប់តាំងពីវ័យ២៥ឆ្នាំ ដឹកនាំចលនាតស៊ូ រហូតមក ដល់ពេលនេះ នៅតែបន្តភាពរឹងមាំ គ្មានអ្នកណាផ្តួលហ៊ុន សែន ក្រៅពីហ៊ុន សែន បានទេ សូមបញ្ជាក់ជូន ហើយអារឿងស្រែកឡូឡាអី ប៉ុន្មានថ្ងៃនេះ សុំកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ថា អ្នកឯងគួរតែកុំបង្ខំឱ្យគេវ៉ៃដែកគោលទៅលើ ក្តារមឈូសអ្នកឯងថែមទៀត កុំសង្ឃឹមឱ្យ សោះ បើក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើវាចូលកម្រិតអបគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវ៉ៃចូលទៅកន្លែងនោះដែរ គេមិន អាចឱ្យប្រទេសនេះមានអបគមន៍សាជាថ្មីទេ សុំទោស ប្រាប់ឱ្យហើយ! ខ្ញុំមិននិយាយទេ ប៉ុន្មាន ថ្ងៃនេះ ខ្ញុំអត់និយាយទេ ក៏ប៉ុន្តែចលនាអី ម៉ោ អញ្ជើញចុះ អញ្ជើញម៉ោ ហើយម៉ោខ្លួនឯង គឺ ល្អបំផុត អត់អីទេ! ហ៊ុន សែន បើទោះបីជាមិន កាន់ទ័ពផ្ទាល់ក៏ដោយ ប៉ុន្តែ ហ៊ុន សែន បញ្ជា កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខ័ណ្ឌជា អនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះ អ្នកត្រូវយល់ថា មេទ័ពមួយនេះ គឺមិនមែនជា មេទ័ពទន់ជ្រាយទេ ខ្ញុំគ្រាន់តែបង្ហាញផ្លូវអ្នកថា អ្នកមិនគួរយកដែកគោលទៅវ៉ៃលើក្តារមឈូស ដែលវាងាប់ទៅហើយ គេយកទៅកប់ទៅហើយ ថែមបន្លុងទៅហើយ ហើយធ្វើឱ្យអ្នកសែងក្តារ មឈូសនោះវាងាប់ទៅទៀត ដោយសារតែខ្លួន អាហ្នឹងខ្ញុំមិននិយាយច្រំដែលទេ ព្រោះថា នៅ ចាំទេ នៅក្នុងសតវត្សទី២០ មានមួយនោះ គេ ហៅអាឆ្កែ ឥឡូវដល់សតវត្សទី២១ កូនអា មនុស្សដដែលហ្នឹង គេហៅអាឆ្កែទៀត ខ្ញុំមិន ចង់ឡូកឡំជាមួយនឹងនយោបាយទេ ប៉ុន្តែខ្ញុំ គ្រាន់តែផ្ញើសារបទពិសោធន៍នៃជីវិត…”។

សម្តេចហ៊ុន សែន បានថ្លែងព្រមានលោក សម រង្ស៊ី ថា “ពេលខ្លះអាអ្នករត់ចោលស្រុក ហ្នឹងណា សម្ពាធៗៗ អើ! អញ្ជើញមកសម្ពាធ វាត្រូវក្បាលហ៊ុន សែន ហើយសម្ពាធតិចប៉ះ លើខ្លួនឯង! ហើយខ្ញុំសូមផ្តាំ កុំមកអាស៊ីឱ្យសោះ សុំកុំមកក្បែរអាស៊ី បើអ្នកឯងតាំងខ្លួនធ្វើជា ភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែ រួចទាល់តែបាន! ឥឡូវហ្នឹង គេកំពុងតែប្រកាស ខ្លួនជាភេរវករហើយ មិនមែនគ្រាន់តែជាអង្គការ ក្រៅច្បាប់ ជាភេរវករតែម្តង ជាអង្គការភេរវកម្ម សូមអញ្ជើញធ្វើចុះ ខ្ញុំថាមិនចង់បញ្ជូនសារហ្នឹង ចេញទេ ព្រោះខ្ញុំចង់ឱ្យវាស្ងប់ ឱ្យវាម៉ោ តែបើ ជ្រុលមាត់ហើយ ថាឱ្យវាបណ្តោយទៅ កុំឱ្យវា ម៉ោ ភេរវករ យើងអាចសហប្រតិបត្តិការតាម ចាប់ខ្លួននៅទីកន្លែងនេះ ឬនៅទីកន្លែងណា…”៕

កុលបុត្រ