Loading...

បុរសខ្លួន១អំរែក២ ជួបទុក្ខធំ ប្រពន្ធចុងពោះធំ២ខែចងកស្លាប់ ប្រពន្ធដើមគំរាមសម្លាប់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨​ | ព័ត៌មានជាតិ | | 0 | ម៉ោង 7:40 am

ភ្នំពេញ ៖ បុរសកំហូចម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាលួចលាក់ទាក់ទងនារីវ័យក្មេងម្នាក់ រួមរស់ជាប្រពន្ធចុងរហូតដល់មានផ្ទៃពោះជិត២ខែ ដោយព្យាយាមលាក់បាំងមិនឱ្យអ្នកណាម្នាក់ដឹងឡើយ លុះស្ត្រីជាប្រពន្ធចុងខឹងនឹងប្តីនាំប្រពន្ធដើមទៅចូលរួមមង្គលការមិត្តភក្តិនៅស្រុកកំណើត ដោយមិនបានប្រាប់ឱ្យដឹង ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនទាំងកំពុងពពោះ២ខែ លុះពេលរឿងរ៉ាវបែកធ្លាយដឹងដល់ស្ត្រីជាប្រពន្ធដើម ថាប្តីមានប្រពន្ធចុង រហូតឈានដល់ការចងកធ្វើអត្តឃាត ស្រាប់តែស្ត្រីជាប្រពន្ធដើមបានតាមមកស្តីបន្ទោសប្តី រួចគំរាមចងកសម្លាប់ខ្លួនម្នាក់ទៀត ជាហេតុធ្វើឱ្យបុរសកំហូចជាប្តីភ័យសភ្នែក។

ករណីប្រពន្ធចុងអន់ចិត្តនឹងប្តីគិតខ្លីចងកសម្លាប់ខ្លួនទាំងកំពុងពពោះកូនក្នុងផ្ទៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីវ័យក្មេងជាប្រពន្ធចុងដែលចងកធ្វើអត្តឃាត មានឈ្មោះមិន សេងហ័រ អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រូកកំណើតនៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកបុរសកំហូចជើងមួយជាន់ទូក២ មានឈ្មោះសេក សំរ៉ុង អាយុ៣៥ឆ្នាំ មុខរបរដាក់កន្លែងផ្ញើម៉ូតូ ស្នាក់នៅជាមួយប្រពន្ធដើមនៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា តាមពិតរូបគាត់មានប្រពន្ធម្នាក់រួចមកហើយ ដោយបានរៀបការនឹងគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ អស់រយៈពេលជាង១០ឆ្នាំមកហើយ និងបានរួមរស់បង្កើតបានកូនប្រុសស្រី២នាក់ ក្នុងនោះកូនប្រុសច្បងអាយុ១៣ឆ្នាំ ចំណែកកូនស្រីពៅអាយុ៨ឆ្នាំទៅហើយ។ ក្រោយមក នៅរយៈពេលប្រមាណជាង១ឆ្នាំចុងក្រោយនេះ រូបគាត់បានលួចលាក់ទាក់ទងស្នេហាជាមួយនឹងស្ត្រីរងគ្រោះខាងលើ ធ្វើជាប្រពន្ធចុង និងបានរួមរស់នឹងគ្នាដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ព្រមទាំងលាក់បាំងមិនឱ្យឪពុកម្តាយខាងស្រីដឹង និងមិនឱ្យប្រពន្ធដើមរបស់គាត់ដឹងដែរ ពោលគឺលាក់យ៉ាងជិត មិនឱ្យអ្នកណាម្នាក់ដឹងឡើយ។ ប៉ុន្តែយ៉ាងណា ប្រពន្ធចុងរបស់គាត់នេះ (ស្ត្រីរងគ្រោះ) មុននឹងទទួលយកគាត់ បានដឹងច្បាស់ហើយថា គាត់គឺជាមនុស្សមានប្រពន្ធ និងកូន២នាក់រួចទៅហើយ តែនាងមិនប្រកាន់អ្វីឡើយ និងយល់ព្រមរួមរស់ជាមួយគ្នាក្នុងសភាពលាក់បាំងរហូតមក។

លោកសេក សំរ៉ុង

បុរសជាប្តីរូបនេះ បន្តថា រាល់ថ្ងៃគាត់រស់នៅជាមួយប្រពន្ធដើមនៅម្តុំផ្សារព្រៃទា ដោយរកស៊ីដាក់កន្លែងផ្ញើម៉ូតូនៅផ្ទះ ចំណែកប្រពន្ធចុងលួចលាក់បានស្គាល់គ្នាពេលទៅដែលគាត់ទៅលេងស្រុកកំណើត ក៏បានទំនាក់ទំនងរហូតមក ដែលកាលពីដើមឡើយ នាងធ្វើការជាកម្មការិនីរោងចក្រ ហើយឥឡូវរៀនអ៊ុតសក់នៅជិតផ្ទះជួលកើតហេតុខាងលើ ចំណែកគាត់តែងតែលួចទៅជួបប្រពន្ធចុងនេះនៅពេលយប់ ពេលខ្លះ១យប់ ទៅ២យប់ តែពេលខ្លះទៅតែមួយភ្លែតៗប៉ុណ្ណោះ ព្រោះខ្លាចប្រពន្ធដើមដឹង ហើយសព្វថ្ងៃនេះ ប្រពន្ធចុងរបស់គាត់កំពុងមានផ្ទៃពោះជិត២ខែហើយ។

នាងមិន សេងហ័រ​ ជាប្រពន្ធចុង (កាលនៅរស់)

បុរសជាប្តី បានបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគាត់បានទៅចូលរួមមង្គលការមិត្តភក្តិនៅស្រុកកំណើតជាមួយប្រពន្ធដើម ហើយពេលនោះប្រពន្ធចុងគាត់បានទូរស័ព្ទសួរនាំ ទើបគាត់បានឆ្លើយប្រាប់តាមត្រង់ថា រូបគាត់និងប្រពន្ធដើមបានទៅការមិត្តភក្តិនៅស្រុកកំណើត ពេលនោះនាងខឹងខ្លាំងណាស់ ក៏បានឈ្លោះប្រកែកជាមួយគាត់តាមទូរស័ព្ទ ដោយនាងបាននិយាយថា ទៅការមិត្តភក្តិនៅស្រុកកំណើត ម៉េចមិនប្រាប់នាងឱ្យដឹងផង។ លុះពេលគាត់ត្រឡប់មកវិញ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ គាត់បានទៅបន្ទប់ជួលប្រពន្ធចុង គោះទ្វារបន្ទប់២ទៅ៣ដងដែរ តែត្រូវប្រពន្ធចុងនោះបានឆ្លើយដាក់គាត់ថា ខ្ញុំគ្មានប្តីទេ និងមិនព្រមបើកទ្វារឱ្យគាត់ចូលដាច់ខាត ធ្វើឱ្យគាត់ឈរនៅខាងក្រៅបន្ទប់ជាងកន្លះម៉ោង ទើបត្រឡប់ទៅផ្ទះវិញ។

នាងមិន សេងហ័រ ចងកសម្លាប់ខ្លួន

បុរសជាប្តី បានឱ្យដឹងទៀតថា លុះមកស្អែកឡើង ថ្ងៃទី២០ ខែកុម្ភុៈ ឆ្នាំ២០១៨ រូបគាត់បានទៅបន្ទប់ជួលប្រពន្ធចុងម្តងទៀត និងបានគោះទ្វារបន្ទប់ដូចសព្វដង តែមិនឮសំឡេងប្រពន្ធចុងឆ្លើយតបសោះ ទើបគាត់បានទូរស័ព្ទវិញម្តង តែនៅតែមិនព្រមលើកទៀត ពេលនោះគាត់បាននិយាយខ្លាំងៗថា បើមិនបើកទ្វារឱ្យបង បងនឹងប្តឹងប៉ូលិសហើយណា តែមិនឮសូរមាត់ប្រពន្ធឆ្លើយតបដដែល។ ភ្លាមនោះ គាត់បានក្រឡេកមើលឥដ្ឋខ្យល់នៅលើបង្អួច ស្រាប់តែប្រទះឃើញចំណងខ្សែភ្លើងចងជាប់នឹងឥដ្ឋខ្យល់ ទើបសង្ស័យថាប្រពន្ធចុងនេះចងកសម្លាប់ខ្លួន ក៏ហៅមិត្តភក្តិមកជួយគាស់បង្អួចមើល ស្រាប់តែឃើញប្រពន្ធចុងរូបនេះបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅជិតខាង និងប្រជាពលរដ្ឋរាប់រយនាក់មកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ និងជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយជំនាញរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានគាស់ទ្វារបន្ទប់ដើម្បីចូលពិនិត្យសព។ លុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែភ្លើងចងកភ្ជាប់នឹងឥដ្ឋខ្យល់ជាប់មាត់បង្អួចបន្ទប់ជួលស្នាក់នៅរបស់ខ្លួន។ ចំណែកមូលហេតុបណ្តាលមកពីទំនាស់ផ្ទៃក្នុងគ្រួសារ តូចចិត្តនឹងបុរសជាប្តី ក៏ដាច់ចិត្តគិតខ្លីធ្វើអត្តឃាតបែបនេះ។

អ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលថែមមួយជាន់ទៀតនោះ គឺនៅអំឡុងពេលដែលសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសល្យវិច័យសព រឿងរ៉ាវប្រពន្ធចុងចងកសម្លាប់ខ្លួនបានបែកធ្លាយដឹងដល់ស្ត្រីជាប្រពន្ធដើម ធ្វើឱ្យស្ត្រីជាប្រពន្ធដើមផ្ទុះកំហឹងតាមមករកមុខប្តីដល់មុខបន្ទប់ជួលកើតហេតុ និងបានស្តីបន្ទោសឱ្យប្តីយ៉ាងខ្លាំង លុះមួយសន្ទុះក្រោយមក ទើបស្ត្រីជាប្រពន្ធដើមរូបនោះបានចាកចេញទៅវិញ ដោយបានបោះពាក្យសម្តីដាក់ប្តីថា នឹងទៅចងកសម្លាប់ខ្លួនម្នាក់ទៀត ព្រោះតែទ្រាំនឹងទង្វើក្បត់របស់ប្តីមិនបាន ជាហេតុធ្វើឱ្យបុរសជាប្តីភ័យសភ្នែក ព្រោះខ្លាចប្រពន្ធដើមចងកម្នាក់ទៀត។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕