Loading...

Update : ជនសង្ស័យសារភាពថា “ដោយសារចាញ់ល្បែង និងជំពាក់លុយគេច្រើន ទើបសម្រេចចិត្តប្លន់សម្លាប់តែម្តង”

​ សុ វណ្ណារ៉ា​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 15:23 pm

ក្រោយពីមានការសហការណ៍រវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែមីនា សមត្ថកិច្ចខណ្ឌសែនសុខ បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រគល់ទៅឲ្យសមត្ថកិច្ចខេត្តកណ្តាល ធ្វើការតាមនីតិវិធីជនសង្ស័យបានសារភាពថា ព្រោះតែចាញ់ល្បែងទើបសម្រេចចិត្តសម្លាប់ប្លន់យកម៉ូតូ និងគ្រឿងអលង្ការ។

តាមរយៈចម្លើយសារភាពជនសង្ស័យសឿ​ន​ សុខ​ផេង​ បានសារភាពថា មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​ គឺមកពីគេត្រូវការលុយ ព្រោះគេបានចាញ់ល្បែង និងជំពាក់លុយគេច្រើន ដោយសារ​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​​មួយ​គ្រឿង​ ម៉ាក​ហុងដា​ DREAM​ ឆ្នាំ​២០១៨ ដាក់បញ្ចាំ។ ហើយរូបគេ(ជនសង្ស័យ) និងជនរងគ្រោះ គឺបានស្គាល់គ្នា ២ទៅ៣ឆ្នាំហើយ។

ជនសង្ស័យបានបន្តថា នៅថ្ងៃកើតហេតុ  នារីរងគ្រោះបានមកជួសជុលទូរស័ព្ទដៃ ហើយបានពាក់គ្រឿងអលង្ការជាប់នឹងខ្លួនច្រើន ពេលនោះរូបគេ (ជនសង្ស័យ) បានរៀបគម្រោងប្លន់សម្លាប់តែម្តង។ ពេលប្លន់សម្លាប់នារីរងគ្រោះយកគ្រឿងអលង្ការ និងម៉ូតូបានហើយ គេបានយកម៉ូតូនារីរងគ្រោះយកទៅលក់ យកលុយទៅលស់ម៉ូតូដែលគេដាក់បញ្ចាំមកវិញ។

ចំណែកលោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការនគរបាល​ខេត្តកណ្តាល ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ សុខ​ផេង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ សព្វថ្ងៃរស់នៅផ្ទះលេខ​៣៣​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើប្រតិបត្តិការបង្ក្រា ជនសង្ស័យ៣នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្សញាត់ចូលធុងទឹកកប្លុងចោលនៅក្បែស្ពានព្រែកតាមាក់ បាន៣នាក់ ដែលទី១ មានឈ្មោះសឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ ទី២ ឈ្មោះ សឿ ចាន់អូន  ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងជួសជុលម៉ូតូ (ជនសង្ស័យទាំង២ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់ផ្ទះលេង៣៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ជនសង្ស័យទាំង២ឃាត់ខ្លួន និងទី៣ ឈ្មោះឌី ណា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ សឿ សុខផេង៕