Loading...

ឱកាសល្អកណ្តាលខែមីនាបណ្ឌិតសុបិន ចង់ឱ្យលោកសម រង្ស៊ី ជួបសម្តេចហ៊ុន សែន នៅអូស្ត្រាលី

​ dara chan​​ | ថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:49 am

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល ដែលអះអាងថា មានគេឱ្យងារលោកថា “បណ្ឌិតសុបិន” បាន លើកឡើងថា លោកចង់ឱ្យលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលពេលនេះ បានប្រកាសខ្លួនជាប្រធានចលនា សង្គ្រោះជាតិ និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជួបគ្នា នៅប្រទេសអូស្ត្រាលី ដើម្បីជជែកគ្នា ចាប់ផ្តើម វប្បធម៌សន្ទនាឡើងវិញ ដើម្បីដោះស្រាយ បញ្ហានយោបាយនៅប្រទេសកម្ពុជា។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកព្រាប កុល បានបង្ហោះរូបភាពពីអតីតកាល នៃជំនួបចរចាផ្ទាល់រវាងមេបក្សកាន់ អំណាច និងមេបក្សប្រឆាំង គឺសម្តេចហ៊ុន សែន ជាមួយលោកសម រង្ស៊ី និងលោកកឹម សុខា អមជាមួយសំណេរថា “ទោះបីលោកអ្នកគិត ឬយល់យ៉ាងណាចំពោះឥស្សរជននយោបាយដ៏ ល្បីឈ្មោះទាំង ៣រូបនេះក៏ដោយ ការពិតគឺថា ឥស្សរជននយោបាយទាំង ៣រូបនេះ សុទ្ធតែ មានពលរដ្ឋខ្មែរគាំទ្រជាច្រើននាក់រៀងៗខ្លួន។ ដូច្នេះ ក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ ខ្ញុំគិត មិនឃើញរូបមន្តអ្វីផ្សេងដែលអាចបង្រួបបង្រួម ផ្សះផ្សា និងលើកកម្ពស់សាមគ្គីភាពរវាងខ្មែរ ក្រៅពីឃើញគាត់ទាំង ៣នាក់ សន្ទនាគ្នា និង ពួតដៃគ្នាធ្វើការបម្រើជាតិមាតុភូមិនៃយើងឡើយ។

 

ឱកាសល្អសម្រាប់ការចាប់ផ្តើមឡើងវិញ នូវវប្បធម៌សន្ទនា តាមរយៈជំនួបផ្ទាល់រវាង សម្តេចនាយករដ្ឋមន្ត្រី និងលោកសម រង្ស៊ី គឺ នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី នៅពាក់កណ្តាលខែមីនា គឺខណៈដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ានអូស្ត្រាលី។ បើមានការជួបគ្នា ហើយអាចរក ដំណោះស្រាយនយោបាយបាន រួចហើយខ្មែរ គ្រប់និន្នាការ អាចពិសាអាហារសាមគ្គីជាមួយ គ្នាប្រកបដោយស្នាមញញឹម និងមេត្រីភាព ពិតជាប្រសើរណាស់។ សុបិនទៀតហើយខ្ញុំ… មានគេទើបដាក់ងារឱ្យថា បណ្ឌិតសុបិន ព្រះ បរមគ្រូនៃយើងក៏គិតដូចខ្ញុំដែរ។

បើបងប្អូនគាំទ្រគំនិតនេះ ហើយចង់ឃើញ ដូច្នេះដែរ សូមជួយ Like, Share និង Comment ឱ្យបានច្រើន”។

លោកព្រាប កុល បានសរសេរទៀតថា “បីសប្តាហ៍កន្លងទៅនេះ ខ្ញុំគិតច្រើន ហើយយប់ មិញក៏យល់សប្តិឃើញសម្តេចនាយករដ្ឋមន្ត្រី និងលោកសម រង្សី ជួបគ្នានៅទីក្រុងស៊ីដនីយ៍ (Sydney) នៃប្រទេសអូស្ត្រាលី។ ក្រោយមក ឥស្សរជននយោបាយខ្មែរទាំងពីររូបនេះ ក៏បាន រកដំណោះស្រាយនយោបាយមួយ ក្នុងស្មារតី បង្រួបបង្រួមជាតិ ដែលនាំឱ្យលោកសម រង្សី និងលោកកឹម សុខា បានវិលចូលមកក្នុងឆាក នយោបាយវិញ នៅមុនខែមេសា។ ហេតុអ្វីក៏ ខ្ញុំយល់សប្តិចម្លែកបែបនេះ? បើសុបិននេះបាន ក្លាយជាការពិត តើបងប្អូនខ្មែរត្រេកអរទេ?”

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ព្រាប កុល ក៏បានសរសេរបន្ថែមថា “ក្រុមអ្នក កាន់អំណាច គិតថាខ្ញុំមាននិន្នាការប្រឆាំង រីឯ ក្រុមប្រឆាំង គិតថាខ្ញុំរណបអ្នកមាន​អំណាច។ ​ដូច្នេះ ទៅថ្ងៃអនាគត ខ្ញុំអាចនឹងត្រូវពឹងលើ “បាត្រ” នេះ ដើម្បីដើរសុំ (បិណ្ឌបាត) អាហារ ពីបងប្អូនដែលមានសន្តានចិត្តជ្រះថ្លាចំពោះខ្ញុំ ដើម្បីចិញ្ចឹមជីវិត។ សូមព្រះសង្ឃដែលជាសិស្ស រួមនៃព្រះបរមគ្រូដើម ទុកផ្លូវឱ្យខ្ញុំករុណាផង…។ ខ្ញុំករុណា បានទិញ “បាត្រ” ទុករួចហើយទាន”។

ខាងក្រោមនេះ ជាបទសម្ភាសន៍បន្ថែម រវាង “នគរធំ” ជាមួយលោកព្រាប កុល ជុំវិញ សំណូមពររបស់លោកខាងលើនេះ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ៖

នគរធំ ៖ ជម្រាបសួរលោកព្រាប កុល ! មានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានតាមដាន សង្គម ជុំវិញសំណេរតាមហ្វេសប៊ុករបស់លោក ខាងលើនេះ។ អ៊ីចឹង តើលោកអាចបញ្ជាក់ បន្ថែមបានទេថា បើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី បានជួបជជែកគ្នា ពិតជាអាចដោះស្រាយបញ្ហានយោបាយនៅ កម្ពុជាបានមែន ឬយ៉ាងណា ?

 

 

លោកព្រាប កុល ៖ បាទ ! ជំហានទី១ ខ្ញុំយល់ឃើញថា វាជាឱកាសល្អ ដែលឥស្សរជន នយោបាយ ដែលមានទំនាស់ ឬក៏មានការខ្វែង គំនិត មានការប្រឈមមុខដាក់គ្នាហ្នឹង មាន ឱកាសជួបគ្នានៅទឹកដីនៃប្រទេសអូស្ត្រាលី នៅ ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រី អញ្ជើញទៅ ចូលរួមប្រជុំអាស៊ាន-អូស្ត្រាលី។ ដូច្នេះ នេះជា ឱកាស ព្រោះលោកសម រង្ស៊ី មិនអាចចូលស្រុក បានទេ ក្នុងបរិបទនៃការជាប់ពាក្យបណ្តឹងផ្សេងៗ ហ្នឹង។ អ៊ីចឹងទៅ បើសិនជាយើងមានបំណង ដោះស្រាយវិបត្តិនយោបាយ ក្រោមស្មារតីនៃ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ខ្ញុំថាឱកាស ល្អនៅពេលហ្នឹងហើយ អាហ្នឹងកត្តាទី១។ ដើម្បី ធ្វើរឿងនេះបាន ទាល់តែឥស្សរជននយោបាយ ហ្នឹងមានឆន្ទៈថា ខ្មែរត្រូវតែដោះស្រាយរវាង ខ្មែរ ហើយដើម្បីដោះស្រាយ ត្រូវតែមានជួប សន្ទនា។ អ៊ីចឹងទៅយើងធ្វើឱ្យវប្បធម៌សន្ទនា ហ្នឹងរស់ឡើងវិញ វប្បធម៌សន្ទនាដែលសម្តេច នាយករដ្ឋមន្ត្រី និងលោកសម រង្ស៊ី បានបង្កើត រួមគ្នាហ្នឹង ឱ្យវាមានជីវិតឡើងវិញ ហើយយក វេទិកាសន្ទនាហ្នឹងជជែកគ្នាទៅ ពីរឿងប្រទេស ជាតិ ថាតើអាចដោះស្រាយបញ្ហាហ្នឹងតទៅ ទៀតយ៉ាងម៉េច ? ហើយធ្វើម៉េចដើម្បីយើង ដោះស្រាយវិបត្តិនយោបាយ ? ដើម្បីឱ្យចៀស ផុតវិបត្តិកាន់តែធ្ងន់ ហើយនិងអាចឈានទៅ ដល់យើងបារម្ភខ្លាចមានការដាក់សម្ពាធ ឬក៏ ដាក់ទណ្ឌកម្មពីអន្តរជាតិ ពីប្រទេសមហាអំណាច ផ្សេងៗទៅ វាប៉ះពាល់ប្រជាពលរដ្ឋ ហើយយើង ក៏មិនចង់ឱ្យខ្មែរយើងហ្នឹងបែកបាក់គ្នា មើល មុខគ្នាមិនចំ ហើយទៅណាមកណាបាតុកម្ម ប្រឆាំងគ្នាលើទឹកដីបរទេស យើងខ្មាសគេណាស់ យើងអត់ចង់ឃើញទិដ្ឋភាពហ្នឹងទេ ! ខ្លួនខ្ញុំផ្ទាល់ អត់ចង់ឃើញតែម្តង ខ្ញុំមានអារម្មណ៍ថា វាជា ការអកុសល។ អ៊ីចឹងទៅ ខ្ញុំថា បើសិនជាយើង តម្កល់ផលប្រយោជន៍ជាតិ ហើយរកដំណោះស្រាយដោយការបង្រួបបង្រួមជាតិ ដូចអ្វីដែល សម្តេចនាយករដ្ឋមន្ត្រីធ្លាប់ធ្វើ ដូចជាយុទ្ធសាស្ត្រ ឬក៏រូបមន្តឈ្នះ-ឈ្នះ ហើយនិងការបង្រួបបង្រួមជាតិ ហើយនិងអ្វីដែលព្រះបរមរតនកោដ្ឋ សម្តេចតា ធ្លាប់បានធ្វើកន្លងមក ខ្ញុំថា វាជារូបមន្ត ល្អ ហើយជាវិធីល្អបំផុត ដែលខ្ញុំអាចគិតឃើញ នៅពេលហ្នឹង ដូចជាមិនមានអ្វីក្រៅពីហ្នឹង ល្អ ជាងការជជែកគ្នាហ្នឹងទេ !

នគរធំ ៖ តើបញ្ហាសំខាន់ៗអ្វីខ្លះ ដែល ឥស្សរជនយោបាយទាំង២ គួរតែយកមកជជែក គ្នា ព្រមព្រៀងគ្នា ?

លោកព្រាប កុល ៖ របៀបវារៈ ហើយ ការចរចាគ្នាយ៉ាងម៉េចហ្នឹង ខ្ញុំមិនចង់និយាយ លម្អិតក្នុងនាមជាអ្នកខាងក្រៅទេ ទុកឱ្យពួកគាត់ទៅ គាត់ដឹងថា ចង់បានអី ហើយអ្វីដែល ជាលក្ខខណ្ឌក្នុងការចរចា មានឆន្ទៈក្នុងការធ្វើ សម្បទានគ្នាទៅវិញទៅមក ម្នាក់​ថយមួយ​ជំហាន យើងធ្វើម៉េចឱ្យសង្គមជាតិយើង អាច ដំណើរការទៅមុខបាន ដោយមានសុខដុមរមនា មានភាតរភាពរវាងខ្មែរនិងខ្មែរ ហើយកុំឱ្យ បរទេសលូកដៃ ឬក៏អន្តរាគមន៍ នាំឱ្យខាត ប្រយោជន៍យើង។ អាហ្នឹងទុកឱ្យគាត់និយាយ គ្នាទៅ ប៉ុន្តែសំខាន់ព្រមណាត់គ្នាជួប ហើយខ្ញុំ ចង់ឃើញការជួបគ្នាទៅ ជជែកគ្នាទៅ យើង អាចបញ្ចៀសការបាតុកម្ម ការប្រឆាំងណាមួយ នៅលើទឹកដីនៃប្រទេសគេ នៅក្នុងពេលដែល មេដឹកនាំអាស៊ាន ទៅប្រជុំ។ យើងចង់ឃើញ ការជួបគ្នា ជជែកគ្នាឱ្យហើយ យើងស្រុះស្រួល គ្នាទៅ ចង់ឃើញសម្តេចនាយករដ្ឋមន្ត្រី និង លោកសម រង្ស៊ី នៅក្នុងតុញ៉ាំអាហារពេលល្ងាច ឬអាហារពេលថ្ងៃ សាមគ្គីជាមួយគ្នា ខ្មែរយើង ទាំងអស់ដែលគ្រប់និន្នាការហ្នឹង ចូលរួមពិសា អាហារជាមួយគ្នាទៅ ហើយរួបរួមគ្នាទៅ អាហ្នឹងរួបភាពល្អបំផុត ដែលខ្ញុំចង់ឃើញ !

នគរធំ ៖ ក្នុងចំណោមចំណុចទាំងអស់ ហ្នឹង តើអ្វីទៅជាវត្ថុបំណងរបស់ប្រជាពលរដ្ឋ ខ្មែរ ដូចវត្ថុបំណងរបស់លោកដែរ ?

លោកព្រាប កុល ៖យើងចង់ឃើញឱ្យ មានការទទួលយកបាននៅក្នុងដំណើរការនៃ ការកសាងលទ្ធិប្រជាធិបតេយ្យតទៅមុខ ហើយ ការទទួលយកបានហ្នឹង គឺចង់ឱ្យទទួលយកបាន ពីសំណាក់ប្រជាពលរដ្ឋពីគ្រប់និន្នាការ នេះមួយ ហើយនិងការទទួលស្វាគមន៍ និងទទួលស្គាល់ ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ហ្នឹងកត្តា សំខាន់ ហ្នឹងគឺមានលក្ខខណ្ឌមួយចំនួនដែលត្រូវ ជជែកគ្នា។ អ៊ីចឹងក្នុងហ្នឹង ខ្ញុំគិតថា បើអាច ជជែកគ្នា រកដំណោះស្រាយធំៗហ្នឹងបាន វាជា ឱកាសមួយល្អបំផុតហើយ !

 

នគរធំ ៖ អ៊ីចឹងតើលោកគិតថា សុបិន របស់លោកក្លាយជាការពិតឬទេ ?

លោកព្រាប កុល ៖ ជាសុបិន បើបាន ក្លាយជាការពិត ខ្ញុំគិតថា មានប្រជាពលរដ្ឋខ្មែរ យើងច្រើនលាននាក់ នឹងត្រេកអរ ចង់ឱ្យសុបិន ហ្នឹងក្លាយជាពិតដែរ ហើយខ្ញុំសង្ឃឹមថា ការ ចង់បានរបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរហ្នឹង នឹងបានឮទៅដល់ឥស្សរជននយោបាយ យើង ចង់ឱ្យបានជួបគ្នា។

នគរធំ ៖ ជារួម តើលោកមានអ្វីបញ្ជាក់ បន្ថែមលើខ្លឹមសារទាំងអស់នេះ ?

លោកព្រាប កុល ៖ខ្ញុំមិនមានអីបញ្ជាក់ បន្ថែមទេ ក្រៅពីចង់ទទួច ឬក៏សំណូមពរឱ្យ ឥស្សរជននយោបាយ និយាយរកគ្នាវិញ សន្ទនា គ្នាវិញ ហើយក្នុងនាមជាកូនខ្មែរ ក្នុងនាមជាអ្នក ដឹកនាំ ដើម្បីត្រួសត្រាយផ្លូវដោះស្រាយវិបត្តិ នយោបាយ ហើយនាំកម្ពុជាយើងឆ្ពោះទៅរក ដំណើរការធម្មតា និងនៅក្នុងដំណើរការកសាង សង្គម រួមទាំងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ដែរ ដែលមជ្ឈដ្ឋានអន្តរជាតិ និងជាតិ ជាពិសេស គឺគ្រប់និន្នាការទាំងអស់ នៃប្រជាពលរដ្ឋយើង ហ្នឹង ទទួលយកបាន ហើយអាចនៅជាមួយគ្នា ដោយសុខដុមរមនា និងភាតរភាព។

នគរធំ ៖ ចុះចំពោះពាក្យដែលលោកថា បានទិញបាត្រទុកជាស្រេចរួចហើយនោះ តើ លោកចង់សំដៅទៅលើអ្វីដែរ ?

លោកព្រាប កុល ៖ ខ្ញុំជាបុគ្គលម្នាក់ដែល ទទួលសម្ពាធ ការចោទ ការគិតពីគ្រប់ភាគី ខាង អ្នកកាន់អំណាច គាត់គិតថា ខ្ញុំមាននិន្នាការ ប្រឆាំង ហើយខាងក្រុមប្រឆាំង ឃើញខ្ញុំជជែក គ្នា ធ្វើការខ្លះៗជាមួយរដ្ឋាភិបាល មែនទែនទៅ ធ្វើការជាមួយក្រសួងអីហ្នឹងច្រើនទៅ គាត់គិត ថា អ្នកដែលធ្លាប់រិះគន់ ធ្លាប់អីហ្នឹង គឺសុទ្ធតែ មានជាប់ទោស ឬក៏ជាប់ចោទ ឬក៏ត្រូវរត់ចោល ស្រុកអីអស់ហើយ ខ្ញុំហ្នឹងនៅដូចជាមិនមានអី អ៊ីចឹងមានន័យថា ខ្ញុំហ្នឹងរណបហើយ បានជាគេ មិនធ្វើអី គាបជាប់ខ្ញុំទាំងសងខាង។ ដល់អ៊ីចឹង ទៅ ខ្ញុំមិនដឹងថា អ្នកណាគេនិយាយរកខ្ញុំទេ ប៉ុន្តែមិនសំខាន់ទេរឿងហ្នឹង រឿងការគិតគូរ របស់ខ្ញុំទេ ប៉ុន្តែអ្វីសំខាន់ ចង់ឱ្យមានការជួបគ្នា ដោះស្រាយបញ្ហាជាតិ ឯរឿងគេគិតខ្ញុំម៉េចក៏ គិតទៅ មិនអីទេ ខ្ញុំចិញ្ចឹមជីវិតតទៅមុខបាន៕

កុលបុត្រ