Loading...

មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង កម្ពស់១៣៣ជាន់ ចាប់ផ្តើមគម្រោងសាងសង់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 9:35 am

ភ្នំពេញ ៖ អគារខ្ពស់ជាងគេរបស់កម្ពុជា និងជាអគារខ្ពស់ប្រចាំតំបន់អាស៊ាន ដែលមានកំពស់១៣៣ជាន់ បានចាប់ផ្តើមគម្រោងសាងសង់របស់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅក្នុងទីតាំងស្ថិតនៅតំបន់ Dream Land ទល់មុខអគារ Naga World ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ដែលល្បីថា ជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ាន បានចាប់ផ្តើមគម្រោងសាងសង់ជាជំហានដំបូងរបស់ខ្លួនហើយ តាមរយៈការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសង់ជញ្ជាំងបេតុងទប់ដី បង្ការការពារកុំឱ្យមានការបាក់ច្រាំង។

គម្រោងនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤៩៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១,៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦,៧ម៉ែត្រឯណោះ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ រួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ៥ ខុនដូប្រណីត អាផាតមិន ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើបចំរុះ ភោជនីយដ្ឋាន និងសេវាកម្មកម្សាន្តលំដាប់ពិភពលោកជាច្រើនកន្លែង ហើយក៏ជាកន្លែងទេសចរណ៍គយគន់ទេសភាពរាជធានីភ្នំពេញ ផងដែរ។ គម្រោងនេះមានចំណតរថយន្តចំនួន៣៨០០គ្រឿង និងម៉ូតូចំនួន៣០០០គ្រឿង នៅក្រោមដីចំនួនពីរជាន់ សម្រាប់អ្នកចូលមកប្រើប្រាស់អគារមួយនេះ។

យ៉ាងណា មិនទាន់មានប្រភពព័ត៌មានច្បាស់លាស់នៅឡើយថា តើអគារខ្ពស់ជាងគេរបស់កម្ពុជា និងជាអគារខ្ពស់បំផុតក្នុងតំបន់អាស៊ានមួយនេះ ត្រូវចំណាយទុនវិនិយោគក្នុងទំហំប៉ុន្មាន និងបញ្ចប់គម្រោងសាងសង់នៅក្នុងឆ្នាំណានោះទេ៕