Loading...

គង់ សុជាតិ ថា​ ចូលហង្សមាស មិនមែនតាមស្វាមី

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:04 am

ពិធីការិនីគង់ សុជាតិ បានសម្រេចចិត្តដើរចេញពីប៉ុស្តិ៍ MyTV ទៅចូលហង្សមាស ជាមួយស្វាមី លោកជា វិបុល ដោយថែមទាំងមានការចុះកុងត្រាជាច្រើនឆ្នាំទៀតផង។

តើការទៅដល់ហង្សមាស របស់អ្នកនាងសុជាតិ នឹងធ្វើឱ្យពិធីការិនីរូបនេះ កាន់តែល្បីល្បាញថែមទៀត ឬក៏នឹងចុះខ្សោយវិញ? ព្រោះថា នៅទ្រនំធំនោះ មាននាងចាន់ កែវនិមល ជាតួឯកទៅហើយ…។

គង់ សុជាតិ បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រី “កំពូលភេសជ្ជៈ បាតាន់ 2018” ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ទើបមានព័ត៌មានថា អ្នកនាងសុជាតិ បានដើរចេញពីប៉ុស្តិ៍ MyTV ចូលហង្សមាស ទៅហើយ ព្រោះចង់ទៅតាមឃ្វាលស្វាមីជា វិបុល បន្ទាប់ពីមានព័ត៌មាននៅលើបណ្តាញសង្គមថា លោកវិបុល ហាក់មានភាពស្និទ្ធស្នាលចម្លែកជាមួយនាងចាន់ កែវនិមល នោះ។

ក្នុងជំនួបជាមួយអ្នកនាងគង់ សុជាតិ កាលពីពេលថ្មីៗនេះ ថៅកែហាង កែសម្រស់ល្បីឈ្មោះរូបនេះ បានអះអាងថា អ្នកនាងពិតជាទៅចូលទូរទស្សន៍ហង្សមាស ប្រាកដមែន ព្រោះថា កុងត្រារបស់អ្នកនាងជាមួយ MyTV ត្រូវបានបញ្ចប់ទៅហើយ។

អ្នកនាងសុជាតិ បានរៀបរាប់ថា “កុងត្រាខ្ញុំជាមួយប៉ុស្តិ៍ MyTV ត្រូវបានបញ្ចប់ហើយ នៅសល់កម្មវិធីប៉ុន្មានថ្មីៗនេះ ខ្ញុំបានថតឱ្យគេអស់ហើយដែរអ៊ីចឹង ពេលនេះ យើងមកហង្សមាស វិញ។ ខ្ញុំបានគិតច្រើនដែរ មុនហ្នឹងចូលហង្សមាស នេះ ព្រោះខ្ញុំយល់ថា ឥឡូវហង្សមាស គាត់មានកម្មវិធីច្រើនណាស់ ម៉្យាងខ្ញុំនិងលោកថៅកែ ស្គាល់គ្នាយូរហើយ ខ្ញុំធ្លាប់ធ្វើការឱ្យគាត់ជាង10ឆ្នាំមកហើយ គាត់ស្គាល់ខ្ញុំតាំងពីខ្ញុំនៅតូចៗម៉្លេះ។ ពីមុន ខ្ញុំចូល MyTV គឺដោយសារតែហង្សមាស មិនទាន់មានកម្មវិធីច្រើន ហើយពេលនេះយើងចប់កុងត្រាជាមួយ MyTV ហើយ អ៊ីចឹងយើងមានសិទ្ធិសម្រេចចិត្តក្នុងការចូលកន្លែងដែលយើងចង់ទៅ។ ការមកដល់ហង្សមាស នេះ ខ្ញុំក៏សប្បាយចិត្ត លោកថៅកែហង្សមាស ក៏សប្បាយចិត្តដែរ ហើយថ្មីៗនេះ ខ្ញុំក៏មានចេញកម្មវិធី Concert ធំផ្សាយផ្ទាល់ដែរ គឺកម្មវិធី “កំពូលភេសជ្ជៈ បាតាន់ 2018”។ និយាយទៅ ខ្ញុំខានកាន់កម្មវិធីធំអ៊ីចឹងយូរមកហើយ អ៊ីចឹងយើងសប្បាយចិត្តណាស់”។

ទោះជាយ៉ាងណា មានការលើកឡើងថា ការដែលអ្នកនាងគង់ សុជាតិ មិនបន្តកុងត្រាថ្មីនៅ MyTV ហើយទៅចុះកុងត្រាជាមួយហង្សមាស នោះ មកពីអ្នកនាង សុជាតិ ចង់ទៅទ្រនំជាមួយស្វាមី ងាយស្រួលឃ្លាលស្វាមីក្មេង បន្ទាប់ពីមុននេះមានព័ត៌មានលេចឮលើបណ្តាញសង្គមដ៏រសើបថា លោកវិបុល ហាក់បង្ហាញភាពស្និទ្ធស្នាលចម្លែកជាមួយដៃគូ អ្នកនាងចាន់ កែវនិមល ទើបធ្វើឱ្យសុជាតិ ប្រចណ្ឌប្តីក្មេង។

ប្រភពបានឱ្យដឹងដែរថា អ្នកនាងគង់ សុជាតិ ក៏ចង់កាន់កម្មវិធីជាមួយស្វាមីនាង លោកជា វិបុល ផងដែរ ពេលដែលនៅទ្រនំជាមួយគ្នានេះ។

ទោះជាយ៉ាងណា គង់ សុជាតិ បានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ឱ្យបងប្អូនបានដឹងច្បាស់គ្រប់គ្នាថា ខ្ញុំចូលហង្សមាស នេះ មិនមែនមកតាមប្តី ដោយសារប្តីនៅហ្នឹង មកតាមប្តី តែអត់ទេ។ ខ្ញុំក៏គ្មានគម្រោងថា អូ! ត្រូវតែធ្វើកម្មវិធីជាមួយប្តី ជាមួយអ្នកផ្សេង ខ្ញុំមិនធ្វើអី គឺមិនអ៊ីចឹងទេ។ ដៃគូណាក៏បានដែរ ឱ្យតែអ្នកគ្រប់គ្រងតម្រូវ ខ្ញុំធ្វើបានទាំងអស់ ហើយខ្ញុំមកហង្សមាស ព្រោះថា ឥឡូវនេះគាត់មានកម្មវិធីច្រើន ហើយជាធម្មតាទេ ការធ្វើការកន្លែងណាក៏គេមានកុងត្រាដែរ ដូចជាពេលដែលខ្ញុំនៅ MyTV អ៊ីចឹង ពេលដែលខ្ញុំចប់កុងត្រា ទើបយើងអាចមកហង្សមាស ហ្នឹងបាន តែខ្ញុំមិនអាចប្រាប់បានទេថា យើងមានកុងត្រាជាមួយគ្នាប៉ុន្មានឆ្នាំនោះ។ សម្រាប់ខ្ញុំយល់ថា យើងមានបទពិសោធន៍ការងារអ៊ីចឹងហើយ យើងទៅណាក៏មានគេរីករាយទទួលយើងធ្វើការដែរ ឱ្យតែយើងធ្វើជាមនុស្សល្អ មិនខ្វះទេការងារធ្វើ”។

មហាជនបានលើកឡើងថា ការទៅដល់ហង្សមាស របស់អ្នកនាងគង់ សុជាតិ នឹងធ្វើឱ្យទូរទស្សន៍នេះ កាន់តែខ្លាំងថែមទៀតជាមិនខានឡើយ ព្រោះថា អ្នកនាងគង់ សុជាតិ មានបទពិសោធន៍ជាពិធីការិនី និងជោគជ័យជាង2ទសវត្សមក ដែលឈរក្នុងតំណែងជូរមុខដូចគ្នាទៅនឹងអ្នកនាងយុគ ចិន្តា ដែរ។ ប៉ុន្តែ ទស្សនិកជនរង់ចាំមើលថា តើអ្នកនាងសុជាតិ នឹងអាចឆក់បានការកាន់កម្មវិធីធំៗ ដែលនៅក្នុងកណ្តាប់ដៃនាងចាន់ កែវនិមល ដែរឬទេ នាពេលខាងមុខនេះ?

អ្នកនាងគង់ សុជាតិ បន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកចូលហង្សមាស បានធ្វើការជាមួយហ៊ា (ថៅកែហង្សមាស) ជាថ្មី។ តាមពិត មានប៉ុស្តិ៍ផ្សេងៗ គេទាក់ទងមកខ្ញុំច្រើនដែរ តែខ្ញុំសម្រេចចិត្តជ្រើសយកការចូលមកហង្សមាស ព្រោះតែខ្ញុំតិតថា ពេលនេះគាត់មានកម្មវិធីច្រើន គឺមិនមែនខ្ញុំមកតាមដានប្តី ចង់កាន់កម្មវិធីជាមួយប្តីអីទេ ធ្វើការជាមួយពិធីករណាក៏បានដែរ ព្រោះយើងសុទ្ធតែមានសមត្ថភាពដូចគ្នាហ្នឹង”។

គង់ សុជាតិ ដែលបែកបាក់ស្វាមីម៉ៅ សាល់ភាព នោះ បានបន្សល់ចំណងដៃកូន2នាក់ (ស្រី1)។ អ្នកនាងសុជាតិ បនាដឹកដៃលោកជា វិបុល ចូលរោងការកាលពីថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2013 ហើយពេលនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាត ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាងកន្លះឆ្នាំ។ សុជាតិ ត្រូវបានស្វាមីលោកវិបុល រំអុកចង់យកកូនប្រុសម្នាក់ទៀត តែដោយសារតែមមាញឹកទាំងការងារសិល្បៈ និងការគ្រប់គ្រងមុខជំនួញហាងរក្សាសម្រស់ “សុជាតិ” ដែលមាន3ទីតាំងនោះ ទើបធ្វើឱ្យពិធីការិនីល្បីឈ្មោះរូបនេះសម្រេចចិត្តពន្យារយកកូនថែមទៀត មួយអន្លើសិន៕