បន្ទាប់ពីបានធ្វើពិធីផ្ទេរតំណែងផ្លាស់ប្តូរចៅហ្វាយខេត្តបាន១ថ្ងែ លោកឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ហើយនៅវេលាម៉ោង៧យប់ មុននេះបន្តិច ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកដល់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃហើយ ដើម្បីសាកសួរជុំវិញករណីឃាតកម្មអាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន គឺលោកស្រី ចេវ សុវឌ្ឍនា។
ការចាប់ខ្លួនអតីចៅហ្វាយខេត្តតាកែវ រូបនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានចេញដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយព្រះរាជអាជ្ញារង សៀង សុខ បញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោកឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានមុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដើម្បីសាកសួរពីដំណើររឿងឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ភ្លាមៗក្រោយចេញដីការបស់តុលាការ កម្លាំងសមត្ថកិច្ចមានគ្នា៤-៥រថយន្ត បានឃាត់រថយន្តរបស់លោកឡាយ វណ្ណៈដោយសមត្ថកិច្ចបានបង្ហាញដីការបស់សាលាដំបូងរាជធានីភ្នំពេញ ហើយក៏នាំលោកឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឡាយ វណ្ណៈ បានសារភាពថា លោកពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោកស្រី ចេវ សុវឌ្ឍនា ដែលបានចងកស្លាប់នៅក្រុងដូនកែវ ប្រាកដមែន។
ចំណែកតៃកុងឡានលោកឡាយ វណ្ណៈ បានសារភាពថា មូលហេតុឈានទៅដល់ការសម្លាប់លោកស្រី ចេវ សុវឌ្ឍនា គឺដោយសារតែលោកឡាយ វណ្ណ បាននាំស្រីផ្សេងមកស្នាក់នៅលើផ្ទះ ពេលលោកស្រី ចេវ សុវឌ្ឍនា ដែលជាគូកំណាន់មិននៅ ពេលនោះបានធ្វើឲ្យលោកស្រី ចេវ សុវឌ្ឍនា ខឹងសម្បាជាខ្លាំង រហូតដល់់ផ្ទុះជម្លោះកើតជាហិង្សា រួចលោកឡាយ វណ្ណៈ បានច្របាច់កសម្លាប់គូកំណាន់ចិត្ត (លោកស្រីចេវ សុវឌ្ឍនា) ចោលតែម្តង។ បន្ទាប់ពីសម្លាប់រួចរាល់ហើយ លោកឡាយ វណ្ណៈ បានបញ្ជាឲ្យលោក (តៃកុងឡាន) និងអ្នកបម្រើលើកសពអ្នកស្រីចេវ សុវឌ្ឍនា បំឡែងជាការចងកធ្វើអត្តឃាត។
បន្ទាប់ពីលោកស្រី ចេវ សុវឌ្ឍនា ស្លាប់ហើយ លោកឡាយ ណារិទ្ធ ជាស្នងការរង និងមន្ត្រីនគរបាលចំនួន៥នាក់ទៀតបាន បានចុះទៅកន្លែងកើតហេតុ ហើយបានបំលែងធ្វើរបាយការណ៍ថា ស្ត្រីរងគ្រោះបានចងកធ្វើអត្តឃាត។
ក្រោយកាសុើបអង្កេតយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ សមត្ថកិច្ចបាននាំខ្លួនលោកឡាយ ណារិទ្ធ តៃកុងឡាន អ្នកបំរើ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនមកសាកសួរ ពាក់ព័ន្ធដោយសារតែផ្សំគំនិតអំពើបង្វែរសំណុំរឿងឃាតកម្ម ទៅជាអត្តឃាត។ ហើយនៅរសៀលថ្ងៃទី៣១ ខែមីនា ជនសង្ស័យទាំង៥នាក់ ត្រូវបានតុលាការសាកសួរ និងចេញដីការឃុំខ្លួនជាបណ្តោះអាសន្ន៕