Loading...

ប្រទះឃើញម៉ូតូកញ្ចាស់ក្បែរភ្លឺស្រែ សង្ស័យម៉ូតូឃាតករបាញ់សម្លាប់ថៅកែទឹកសុទ្ធ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានជាតិ | | 0 | ម៉ោង 8:04 am

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូកញ្ចាស់១គ្រឿង ដែលត្រូវសមត្ថកិច្ចសង្ស័យថា ជាម៉ូតូរបស់ជនសង្ស័យជាឃាតករបាញ់សម្លាប់ថៅកែទឹកសុទ្ធ ជីងថាយ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរភ្លឺស្រែខាងត្បូងផ្ទះជនរងគ្រោះចំងាយប្រមាណ១គីឡូម៉ែត្រ។

ម៉ូតូ១គ្រឿងដែលត្រូវបានគេផ្តួលចោលក្បែរភ្លឺស្រែនេះ ម៉ាកយ៉ាម៉ាហាហ្វ្រេស ពណ៌ស្លែលាយក្រហម គ្មានពាក់ស្លាកលេខ និងត្រូវ សមត្ថកិច្ចដាក់ការសន្និដ្ឋានជាជំហានដំបូងថា គឺជាម៉ូតូរបស់ខ្មាន់កាំភ្លើង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយរកឃើញម៉ូតូនេះ សមត្ថកិច្ចបានត្រួតពិនិត្យខាងក្រោមកែបម៉ូតូ ឃើញមានស្បោងដាក់បាយ១កញ្ចប់។ ដោយឡែកម៉ូតូមានសាំងពេញនៅឡើយ ហើយនោចំងាយប្រមាណ១០ម៉ែត្រពីម៉ូតូ គេប្រទះឃើញការ៉ុងពណ៌ស១ ដែលនៅក្នុងនោះ មានគ្រាប់ កាំភ្លើង AK47 ចំនួន៤គ្រាប់ ដែលមិនទាំងទាន់បាញ់ផង។ ការ៉ុងនេះសមត្ថកិច្ច ដាក់ការសន្និដ្ឋានថា សម្រាប់ច្រកកាំភ្លើងធ្វើសកម្មភាពបាញ់ ប្រហារជនរងគ្រោះ ដែលជាករណីគ្រោងទុក។ ដោយឡែកម៉ូតូ ដែលផ្តួលចោល ដោយសារខ្មាន់កាំភ្លើង មានការភយ័តក់ស្លុតជិះម៉ូតូគេចខ្លួនតាម ភ្លឺស្រែ បណ្តាលឱ្យដួល និងជួបផ្លូវទាល់ផងនោះ ក៏រត់គេចខ្លួនតែម្តងទៅ ពេលដែលដឹងថាសមត្ថកិច្ចទៅដល់កន្លែងកើតហេតុត្រៀមប្រមាញ់។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា អំពើបាញ់ប្រហានេះជារឿងគំនុំ ច្រើនជាងអំពើប្លន់ ខណៈខ្សែក ចិញ្ជៀន ដែលនៅជាប់ខ្លួនជនរងគ្រោះ មិនមានការបាត់បង់ឡើយ ហើយខ្មាន់កាំភ្លើងមកពីឆ្ងាយ ព្រោះមានបាយ និងសាំងម៉ូតូពេញ និងបានត្រៀមជាស្រេច ក្នុងបំណងធ្វើសកម្មភាពរួច គេចខ្លួន តាមមធ្យោបាយម៉ូតូតែម្តង។ ទោះជាបែបណា ឃាតករដែលធ្វើសកម្មភាព ដោយមានបិទមុខបែបនេះ បានន័យថា ជាមនុស្សស្គាល់គ្នាផងដែរ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឱ្យដឹងថា ពេលគេចខ្លួនពីកន្លែងកើតហេតុ ខ្មាន់កាំភ្លើងបានគេចខ្លួនតាមផ្លូវជាតិ ខណៈដែល ជនដៃដល់ជិះម៉ូតូតាមភ្លឺស្រែ ទៅទិសខាងត្បូង ដល់ផ្លូវទាល់ ក៏ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់ទាំងយប់តែម្តង។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវករណីដើម្បីស្វែងរក មុខជនដៃដល់នៅឡើយ។

គួររំលឹកថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបាន កើតឡើង នៅចំណុចសិប្បកម្មទឹកសុទ្ធមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ដោយបុរសវ័យចំណាស់ ជាម្ចាស់សិប្បកម្ម ផលិតទឹកសុទ្ធ យីហោ “ជីងថាយ” ត្រូវបានឃាតករដៃឆៅម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា បានភ្ជង់គំរាម រួចបាញ់ប្រហារទាំងកំរោលចំនួន៣ គ្រាប់ចំចង្កេះ បណ្តាលឱ្យជនរងគ្រោះប្រកាច់រមៀលចូលទៅខាងក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។

បុរសរងគ្រោះ ដែលត្រូវឃាតករចិត្តកំណាចបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប៊ិន ហឿន អាយុ៦២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ និងមានគ្នាតែម្នាក់ឯងប៉ុណ្ណោះ និងប្រដាប់ដោយកាំភ្លើង អាកា១ដើម។

តាមសម្តីសាក្សីម្នាក់ឈ្មោះហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះ បាន រៀបរាប់ប្រាប់ថា  ជនរងគ្រោះ មានឈ្មោះប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។ នៅ មុនពេលកើតហេតុ ជនរងគ្រោះបានដើរមកពីរោងសិប្បកម្មទឹកសុទ្ធនៅទិសខាងត្បូង ទល់មុខផ្ទះសំដៅមកផ្ទះវិញ ស្រាប់តែរំពេចនោះ ក៏លេចមុខ ជនសង្ស័យម្នាក់ ពាក់មួកពណ៌ខ្មៅនិនចារ បិតមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាវប៉ារ៉ា មិនដឹងជាលបពួនស្ទាក់ចាំជនរងគ្រោះតាំង ពីពេលណា ប្រដាប់ដោយកាំភ្លើងអាកា១ដើម បានដើរមកភ្ជង់ពីក្រោយខ្នងជនរងគ្រោះ។ លុះពេលជនសង្ស័យភ្ជង់ជនរងគ្រោះដើរមកដល់មុខផ្ទះ ជនរងគ្រោះ ក៏បានស្រែកប្រាប់ខ្លួនដែលជាចៅ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា “អាហាក់ទៅយកលុយមកឱ្យគេ” ភ្លាមនោះរូបគេ បានថា តើតាឯងជំពាក់លុយអ្នកណា ស្រាប់តែរូបគេក្រឡេកទៅមើលជីតា ឃើញមានគេភ្ជង់គាត់ជាប់ពីក្រោយ។ ក្នុងពេលនោះ ដែររូបគេ បានលើកទូរស័ព្ទប្រុងខលទៅពូឈ្មោះធីម ឱ្យយកលុយមកឱ្យជនសង្ស័យ ស្រាប់តែត្រូវជនសង្ស័យបិតមុខជិតនោះ បានស្រែកថា “បើហ៊ានលើកទូរសព្ទ័ម្តងទៀត អញនឹងបាញ់ឱ្យងាប់ទាំងអស់គ្នា”។

យុវជនជាចៅប្រុសជនរងគ្រោះ បានបន្តថា ខណៈនោះក្នុងពេលជនបិតមុខបែរកាំភ្លើងមកភ្ជង់រូបគេដែលជាអ្នកចុចទូរស័ព្ទ ជនរងគ្រោះ ឃើញឱកាសល្អ ក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់បានតែ២ទៅ៣ជំហាន ក៏ត្រូវជនសង្ស័យបាញ់ចំចង្កេះពីក្រោយចំនួន៣គ្រាប់ បណ្តាលឱ្យដួល រមៀលប្រកាច់ចូលក្រោមឡានទឹកសុទ្ធស្លាប់ភ្លាមៗតែម្តង។ ក្នុងពេលនោះដែរ រូបគេ និងក្មួយបុរសជនរងគ្រោះ២នាក់ទៀត បាននាំគ្នារត់គេចខ្លួន ចេញពីកន្លែងកើតហេតុបានដោយសុវត្តិភាព។ ចំណែកជនល្មើសក៏ប្រញាប់រត់ទៅឡើងជិះម៉ូតូម៉ាកវ៉េវក កញ្ចាស់១គ្រឿង គេចទៅទិសខាងកើត បាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានចងខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ ដើម្បីទុកឱ្យសមត្ថកិច្ចនគរបាល បច្ចេកទេសខេត្ត មកធ្វើការត្រួតពិត្យ និងធ្វើកោសលវិច្ច័យនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច ឃើញថា ជនរងគ្រោះ ត្រូវបានជនដៃដល់ជាឃាតករ បាញ់ចំនួន៣គ្រាប់ចំចង្កេះ បណ្តាលឱ្យរមៀលចូលទៅក្រោមរថយន្តដឹកទឹកសុទ្ធស្លាប់។

ជុំវិញករណីឃាតកម្មដ៏ឃោឃៅខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា អាចផ្តើមចេញពីគំនុំ ច្រើនជាងករណីប្លន់ ព្រោះជនសង្ស័យហាក់មានបំណងចង់តែផ្តាច់ជីវិតរបស់ជនរងគ្រោះប៉ុណ្ណោះ។ ដោយឡែកមតិប្រជាពលរដ្ឋនៅក្នុងកន្លែងកើតហេតុ និយាយថា ជាករណីប្លន់ទារលុយមិនបានសម្រេច ទើបបាញ់សម្លាប់ជនរងគ្រោះតែម្តង៕