facebook
facebook
Loading...

មូលហេតុចឹងសោះ ទើបឃាតករសម្លាប់នារីខារ៉ាអូខេ មិនញញើតដៃ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 122 | 0 | ម៉ោង 16:56 pm

ខេត្តសៀមរាប ៖ ជនជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពរឹតកសម្លាប់នារីខារ៉ាអូខេម្នាក់ជាសង្សាររបស់ខ្លួន នៅចំណុចក្បែរជើងភ្នំតាប៉ែន ស្ថិតនៅខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនស៊្រុនមុំ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ សុថៃ អាយុ២៦ឆ្នាំ មុខរបរបើកឡានដឹកដីរបស់កងវិស្វកម្ម លេខ១៧៨ មានស្រុកកំណើតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះដែលត្រូវបានឃាតករដៃឆៅរឹតកសម្លាប់ មានឈ្មោះស៊ុន នាង អាយុ២៦ឆ្នាំ មានមុខរបរបុគ្គលិកហាងខារ៉ាអូខេ យីហោ កម្សាន្តរីករាយ ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងមានស្រុកកំណើតនៅភូមិមណ្ឌល៣ សង្កាត់សៀមរាប ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯកស្រី យូ រ៉ា មេបញ្ជាការរងទទួលការងារយុត្តិធម៌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន លេខ១៦៩/២០១៨ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងដោយមានការសម្របសម្រួលដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះម៉ៅ សុខថៃ នៅចំណុចក្រុមហ៊ុនស៊្រុនមុំ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម។

ប្រភពដដែលបានបង្ហើបប្រាប់ថា ជនសង្ស័យជាឃាតកររូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានរឹតកសម្លាប់នារីរងគ្រោះ ដែលត្រូវជាសង្សាររបស់ខ្លួនប្រាកដមែន មូលហេតុដោយសារតែរូបគេខឹងនឹងនារីរងគ្រោះសុំទៅនៅជាមួយ ខណៈដែលរូបគេត្រូវូផ្លាស់ប្តូរការដ្ឋានពីខេត្តសៀមរាប ទៅធ្វើការនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចការដ្ឋានកាយដីក្នុងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក្បែរជើងភ្នំតាប៉ែន ស្ថិតនៅខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ដោយនារីរូបស្រស់ម្នាក់សង្ស័យត្រូវប្រុសស្នេហ៍ផ្ទុះភ្លើងប្រចណ្ឌ ក៏ធ្វើសកម្មភាពរឹតកសម្លាប់ រួចដឹកយកទៅប្លុងចោលតែម្តង។

លោកវរសេនីយ៍ឯក អ៊ុក ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឱ្យដឹងថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យ នារីរងគ្រោះបានស្លាប់ដោយអំពើឃាតកម្ម ដោយសាកសពនារីរងគ្រោះស្លាប់ក្នុងសភាពដេកផ្ងារជើង សន្តូកត្រង់ដៃខាងស្តាំអង្កុញឡើងលើ ដៃឆ្វេងស្រប នឹងដងខ្លួន សពមានមាឌធំល្មម សម្បុរខ្មៅ ស្រអែម សក់វែងពណ៌ខ្មៅ ច្រមុះស្រួច ស្លៀករ៉ូប ពណ៌ទឹកដោះគោខ្មៅ។ ចំណែកត្រង់បំពងកសាកសព មានស្នាមរឹតក បណ្តាលឱ្យដាច់រលាត់ស្បែកទៀតផង។

លោកអធិការ បន្តថា នារីរងគ្រោះអាចត្រូវបានឃាតករដែលជាសង្សាររឹតកសម្លាប់នៅក្នុងកាប៊ីនឡាន ហើយដឹកសពយកមកទម្លាក់ចោលនៅចំណុចខាងលើ។ តាមប្រភពព័ត៌មាន នារីរងគ្រោះបានស្រលាញ់គ្នាជាមួយជនដៃដល់ អស់រយៈពេល៣ខែមកហើយ ហើយស្ត្រីរងគ្រោះតែងទៅដាំបាយឱ្យជនដៃដល់ នៅការដ្ឋានវិស្វកម្មមួយកន្លែង និងតែងជិះឡានដឹកដីនោះជាមួយគ្នារហូត។ ចំណែកមូលហេតុ ទំនងផ្តើមចេញពីភ្លើងប្រចណ្ឌ៕