Loading...

២ម៉ោងចាប់បានជនសង្ស័យ រំលោភសម្លាប់ក្មេងស្រី ញាត់ចូលខាប់ដាក់ទឹក

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:41 am

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យរន្ធត់បំផុត ខណៈដែលក្មេងស្រីតូចម្នាក់ ឃើញមេឃធ្លាក់ភ្លៀងក៏ចេញទៅរត់លេង ស្រាប់តែត្រូវជនល្មោភកាមម្នាក់ល្បួងនាំយកទៅរំលោភសេពសន្ថវៈនៅលើផ្ទះគ្មានមនុស្សនៅមួយកន្លែង រហូតដល់បានសម្រេច បន្ទាប់មកក៏វាយសម្លាប់យ៉ាងឃោរឃៅ រួចញាត់សាកសពក្មេងស្រីរងគ្រោះទាំងអាក្រាតកាយចូលទៅក្នុងខាប់ដាក់ទឹកក្នុងបន្ទប់ទឹក។ ចំណែកឃាតករដៃឆៅ ក្រោយពីធ្វើសកម្មភាពរួច បានព្យាយាមគេចខ្លួនអស់រយៈពេល២ម៉ោង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន។

ករណីឃាតកម្មរំលោភសម្លាប់ក្មេងស្រីញាត់ចូលខាប់ដាក់ទឹកនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកក្នុងផ្ទះគ្មានមនុស្សនៅមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

សាកសពក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះខ.ស.ច អាយុ៤ឆ្នាំ ជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) មានឪពុកឈ្មោះខា យី អាយុជាង៣០ឆ្នាំ ម្តាយឈ្មោះម៉ា ចាយ អាយុ២៦ឆ្នាំ មានលំនៅក្បែរទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាយ៉ី ហៅអាដំឡូង អាយុជាង៣០ឆ្នាំ មានមុខរបរលក់ដំឡូងចៀន ត្រូវប្រពន្ធរត់ចោលជាយូរមកហើយ រាល់ថ្ងៃស្នាក់នៅតែម្នាក់នៅផ្ទះជាប់ផ្ទះកើតហេតុខាងលើ។

តាមសម្តីបុរសជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលមេឃកំពុងបង្អុរធ្លាក់ភ្លៀង កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ក៏បានចេញទៅរត់លេងទឹកភ្លៀងជាមួយនឹងក្មេងដទៃទៀតនៅក្នុងភូមិ។ លុះក្រោយមក ដោយសារតែបាត់កូនស្រីយូរពេក ទើបគាត់ជាឪពុកបានដើរតាមរក តែមិនឃើញកូនស្រីសោះ ឃើញតែក្មេងៗផ្សេងទៀតកំពុងលេងជុំគ្នា លុះគាត់សួរនាំក៏មានក្មេងម្នាក់បានប្រាប់គាត់ថា ឃើញជនសង្ស័យឈ្មោះយ៉ី (ជនសង្ស័យ) បានហៅកូនស្រីគាត់ទៅជួប ហើយក៏មិនឃើញមកវិញទេ។ ភ្លាមនោះ គាត់ក៏បានតាមទៅរកឈ្មោះយ៉ី ដល់លើផ្ទះ តែមិនឃើញជនសង្ស័យនៅលើផ្ទះសោះ ហើយគាត់ក៏បានរកមើលកូនស្រីនៅ លើផ្ទះនោះដែរតែមិនឃើញ ទើបមានអ្នកភូមិម្នាក់បានប្រាប់គាត់ថា គាត់មានលេខទូរស័ព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ គាត់ក៏យកទូរស័ព្ទខលទៅសួរជនសង្ស័យ ពេលនោះជនសង្ស័យបានប្រាប់ថា គេកំពុងលេងបៀរនៅវិហារចាម ទើបគាត់ប្រញាប់តាមទៅរកនៅវិហារចាមភ្លាម តែទៅជិតដល់ក៏ប្រទះឃើញជនសង្ស័យដើរមកវិញ ពេលនោះគាត់បានសួរនាំថា មានឃើញកូនស្រីគាត់ទេ ជនសង្ស័យក៏ប្រាប់ថា អត់ដឹងទេ ព្រោះគេរវល់ទៅលេងបៀរនៅវិហារចាម។ ដោយមានការសង្ស័យ គាត់ក៏ទៅមើលដល់វិហារចាមទៀត តែមិនឃើញមានមនុស្សណាម្នាក់នៅទេ ទើបគាត់ដឹងថា ជនសង្ស័យកុហក លុះត្រឡប់មកតាមរកជនសង្ស័យវិញ ក៏ត្រូវគេរត់គេចខ្លួនបាត់តែម្តង។

បុរសជាឪពុកក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មក គាត់ក៏ប្រកូកប្រកាសហៅអ្នកភូមិឱ្យជួយតាមរកកូនស្រីគាត់ និងថែមទាំងបានចុះរាវរកក្នុងទឹកទៀតផង ព្រោះខ្លាចនាងដើរធ្លាក់ទឹកលង់ស្លាប់ តែរកយ៉ាងណាក៏មិនឃើញ។ ក្រោយមក ដោយមានការសង្ស័យថា កូនស្រីគាត់នៅលើផ្ទះមួយខ្នងដែលគ្មានមនុស្សនៅ ស្ថិតនៅជាប់ផ្ទះរបស់ជនសង្ស័យ ទើបអ្នកភូមិនាំគ្នាកាត់ផ្តាច់សោចូលទៅរកមើល ស្រាប់តែពេលទៅមើលក្នុងបន្ទប់ទឹក ក៏ប្រទះឃើញសាកសពកូនស្រីរបស់គាត់ ស្ថិតក្នុងសភាពពាក់អាវ អត់មានស្លៀកខោ និងមានប្រឡាក់ឈាមពេញល្វែងក្រោម ត្រូវបានគេចាប់ញាត់ចូលទៅក្នុងខាប់សម្រាប់ដាក់ទឹកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។ ប៉ុន្តែដោយសារតែមិនទាន់អស់ចិត្ត ទើបគាត់ប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ។

ចំណែកស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃកូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) តែងចេញទៅលេងជាមួយក្មេងៗក្នុងភូមិ ហើយនាងតែងដើរទៅហៅកូនត្រឡប់មកវិញរកកន្លែងដេកពួន។ លុះដល់យប់កើតហេតុ នាងបានសុំចេញទៅលេងទឹកភ្លៀង លុះទៅបាត់យូរ ធ្វើឱ្យក្រុមគ្រួសារនាងភ័យ ក៏នាំគ្នាដើរតាមរក ដោយហៅអ្នកភូមិឱ្យជួយចុះទឹករាវរកដែរតែមិនឃើញសោះ តែក្រោយមក មានក្មេងម្នាក់ប្រាប់ថា ជនសង្ស័យបានហៅកូនស្រីនាងទៅជួប ទើបនាំគ្នាដាក់ការសង្ស័យទៅលើជនសង្ស័យ តែរកជនសង្ស័យមិនឃើញសោះ ក៏សម្រេចទៅមើលនៅលើផ្ទះដែលគ្មានមនុស្សនៅមួយខ្នងស្ថិតនៅជាប់ផ្ទះរបស់ជនសង្ស័យ ហើយផ្ទះនោះត្រូវម្ចាស់គេចាក់សោចោល ប៉ុន្តែមានផ្លូវឆ្លងចូលផ្ទះខាងលើបានតាមរយៈផ្ទះរបស់ជនសង្ស័យ លុះក្រោយពីកាត់ផ្តាច់សោចូលទៅរកមើល ប្តីរបស់នាងបានឡើងទៅរុករកពេញផ្ទះ តែមិនចាប់អារម្មណ៍ចូលទៅមើលក្នុងបន្ទប់ទឹកទេ ទើបប្រាប់ថារកមិនឃើញ ក៏ចុះមកវិញ បន្ទាប់មកប្អូនរបស់នាងម្នាក់ បានឡើងទៅរកមើលម្តង លុះពេលអើតមើលក្នុងបន្ទប់ទឹក ឃើញខាប់ដាក់ទឹក ក៏ប្រទះមានអ្វីនៅក្នុងនោះ តែមិនទាន់ដឹងថា ជាសពកូនស្រីរបស់នាងទេ នឹកស្មានថាជាតុក្កតា ក៏ស្រែកឆោឡោថា មានតុក្កតាធំណាស់នៅក្នុងខាប់ទឹក ភ្លាមនោះប្តីនាងក៏ស្ទុះឡើងទៅពិនិត្យមើល ទើបដឹងថា មិនមែនជាតុក្កតានោះទេ តែជាសាកសពរបស់កូនស្រី ដែលស្ថិតក្នុងសភាពអាក្រាតកាយល្វែងក្រោមប្រឡាក់ឈាមពេញ និងមានស្លាកស្នាមរបួសលើផ្ទៃមុខទៀតផង ទើបផ្អើលថា កូនស្រីរបស់នាងត្រូវគេចាប់រំលោភរួចវាយសម្លាប់ញាត់ក្នុងខាប់ដាក់ទឹក ក៏ប្រញាប់ដឹកទៅមន្ទីរពេទ្យ តែអកុសល គ្រូពេទ្យជួយមិនបានឡើយ ដោយសារតែកូនស្រីរបស់នាងបានស្លាប់តាំងពីមិនទាន់បញ្ជូនទៅដល់មន្ទីរពេទ្យម៉្លេះ។

បន្ទាប់ពីដឹកបញ្ជូនក្មេងស្រីរងគ្រោះមកដល់មន្ទីរពេទ្យ និងត្រូវគ្រូពេទ្យប្រាប់ថា មិនអាចសង្គ្រោះជីវិតបាននោះ គេឃើញបុរសជាឪពុកក្មេងស្រីរងគ្រោះបានអង្គុយឱបសពកូនស្រីទួញយំសោកយ៉ាងខ្លាំង។ លុះបន្តិចក្រោយមក ស្ត្រីចំណាស់ជាជីដូនរបស់សពក្មេងស្រីរងគ្រោះ ដែលស្ថិតក្នុងសភាពចាស់ជរា ដើរពឹងលើឈើច្រត់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូមកដល់ លុះគ្រាន់តែចុះពីលើម៉ូតូ ក៏ទន់ជង្គង់ដើរទៅមុខមិនរួច ក៏អង្គុយស្រែកទ្រហោយំសោកបោកខ្លួន សំពះអង្វរសុំឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិតចៅស្រីរបស់គាត់ផង ធ្វើឱ្យបុរសជាឪពុកក្មេងស្រីរងគ្រោះបានទៅអង្គុយឱបម្តាយទួញយំទាំងពីរនាក់ បង្កើតបានជាទិដ្ឋភាពគួរឱ្យសោកសង្រេង រហូតអ្នកឈរមើលគ្រប់គ្នាទប់ទឹកភ្នែកមិនជាប់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសពដល់មន្ទីរពេទ្យ និងបានសន្និដ្ឋានជាជំហានដំបូងថា ករណីនេះជាករណីរំលោភសម្លាប់បំបិទមាត់។ បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការសាកសួរឪពុកម្តាយក្មេងស្រីរងគ្រោះ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវតាមចាប់ខ្លួនទាំងយប់ ដោយចំណាយពេលប្រមាណជាង២ម៉ោង ទើបចាប់ខ្លួនជនសង្ស័យបាននាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីដោយក្តីសោកអាល័យជាទីបំផុត។

ដោយឡែក ជនសង្ស័យល្មោភកាមដែលរំលោភសម្លាប់ក្មេងស្រីញាត់ចូលខាប់ដាក់ទឹកក្នុងបន្ទប់ទឹក ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕