Loading...

កងកម្លាំងចម្រុះរដ្ឋាភិបាលយេម៉ែន វាយប្រហារពួកឧទ្ទាម

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:19 pm

កាលពីថ្ងៃពុធទី13 មិថុនា 2018 កងកម្លាំងចម្រុះរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយប្ររទេសអារ៉ាប៊ី សាអ៊ូឌីត បានបើកការវាយប្រហារឆ្ពោះទៅភាគខាងជើងនៃកំពង់ផែសំខាន់ Hudaydah ដែលជាមូលដ្ឋានរឹងមាំ កាន់កាប់ដោយពួកឧទ្ទាម។

ពួកឧទ្ទាម Houthi គ្រប់គ្រងផ្នែកខាងជើងប្រទេស ខណៈក្រុមចម្រុះយេម៉ែន ដែលគាំទ្ររដ្ឋាភិបាលគ្រប់គ្រងភាគខាងត្បូង។

ការទម្លាក់គ្រាប់បែកបានចាប់ផ្តើម បន្ទាប ពីពួកឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានព្រងើយកន្តើយទៅនឹងឱសានវាទ កិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលបានកំណត់ដោយរដ្ឋាភិបាល។

លោក Mohsen Al Khosrof អគ្គមេបញ្ជាការកងទ័ពជាតិបានប្រាប់ ស៊ី-អិន-អិន ថា  កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត  បានបើកការវាយប្រហារតាមអាកាស និងថ្មើរជើង ទៅលើទីតាំងអាកាសយានដ្ឋាននៅក្នុងទីក្រុង Hudaydah និងផ្នែកផ្សេងៗទៀត នៅភាគខាងត្បូងទីក្រុង។

អង្គការសហប្រជាជាតិ បានព្យាយាមបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យឈប់បាញ់គ្នា នៅក្នុងទីក្រុងនេះ ដែលមានប្រជាជនរស់នៅប្រហែលជាង60ម៉ឺននាក់។

កាលពីថ្ងៃសុក្រ សប្តាហ៍មុន អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើការវាយប្រហារនៅតែអូសបន្លាយជីវិតប្រជាពលរដ្ឋ ជាង25ម៉ឺននាក់ អាចនឹងបាត់បង់អ្វីៗទាំងអស់ រួមទាំងជីវតិរបស់ពួកគេផងដែរ។

ចាប់តាំងពីសង្គ្រាម ឆ្នាំ2015 មក បានឆក់យកជីវិតមនុស្ស អស់ 6385នាក់ និងរបួស ជាង10000នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕