ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់បានចុះទៅងូតទឹកប្រឡាយលេងតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះភុក ភារម្យ អាយុ៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានដើរទៅងូតទឹកប្រឡាយលេងតែម្នាក់ឯង លុះកំពុងងូតទឹកលេង ស្រាប់តែរអិលជើងចូលទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលគ្មានអ្នកប្រទះឃើញជួយសង្គ្រោះបានទាន់ពេលវេលា។
ក្រោយកើតហេតុ ដោយសារតែបាត់កូនប្រុសយូរពេក ទើបឪពុកម្តាយបាននាំគ្នាដើរតាមរក លុះសង្ស័យថាកូនប្រុសលង់ទឹក ក៏ចុះទៅរាវរក រហូតប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់ក្នុងប្រឡាយទឹកខាងលើ។ បន្ទាប់មក ក្រុមគ្រួសារបានចុះស្រង់យកសាកសពក្មេងប្រុសរងគ្រោះ រួចយកមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យឪពុកម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕