Loading...

បរិយាយថ្ងៃនេះ ៖ ផ្លូវណាទៅទ្រាំង?

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:27 pm

ចម្រៀងភ្លេងការប្រពៃណីខ្មែរ បទ “កន្ទែនទ្រាំង” មានទំនុកច្រៀងថា “ផ្លូវណាទៅទ្រាំង ទៅរាំងទម្លុះ ផ្លូវណាទៅគុស ទៅស្រែននោង ផ្លូវណាកាត់ត្រង់ តម្រង់ទៅស្ទោង ពីស្រែននោង ទៅត្នោតចុងស្រង់” មានអត្ថន័យរស់រវើក បង្ហាញពីមនុស្សវង្វេងផ្លូវ លុះត្រាតែសួរគេ ទើបដឹង។ យ៉ាងណាមិញ អ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស គួរតែសួរប្រជាពលរដ្ឋផង តើរាស្ត្រចង់បានអ្វី? ចង់ទៅផ្លូវណា? ចង់តាមចិន ឬតាមអាមេរិក។ បើអ្នកនយោបាយអត្តនោម័ត ជួនកាលវង្វេង ដើរផ្លូវខុស ដែល “នគរធំ” សូមលើកពី “ផ្លូវណាទៅទ្រាំង?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងរឿង “នាងត្រចើលដោះក្រាល” បានតំណាលពីព្រះអគ្គមហេសីស្តេចនៅរាជធានីលង្វែក ប្រសូតបុត្រជាពង ត្រូវបានព្រះស្វាមីជីកកប់នៅក្នុងព្រៃ។ ក្រោយមក ព្រានវឹង បានបណ្តើរឆ្កែរកបរបាញ់សត្វក្នុងព្រៃ ក៏ឃើញពងនោះ ដោយសារឆ្កែព្រុស ទើបគាត់រើសយកទៅផ្ទះ ក៏ញាស់បានជាទារកថ្លោសទ្រលុក ទុកជាកូន ដាក់ឈ្មោះថា “វឹងស៊ុង”។ លុះធំពេញកំលោះ ចៅប្រមាញ់វឹងស៊ុង មានទំនាក់ទំនងស្នេហាជាមួយនាងក្រមុំម្នាក់ ឈ្មោះ “ត្រចើលដោះក្រាល” ដែលជាកូនតាដុង យាយជ័យ។ នាងក្រមុំនោះ មានរូបស្អាតណាស់ ត្រូវពួកអាមាត្យ ដេញចាប់យកទៅថ្វាយស្តេច ទើបតាដុង យាយជ័យ ជម្លៀសនាំរត់វង្វេងក្នុងព្រៃ លុះទៅដល់ផ្លូវរទេះបែកជា៤ ក៏សួរអ្នកស្រុកថា “ផ្លូវណាទៅទ្រាំង ទៅរាំងទម្លុះ ផ្លូវណាទៅគុស ទៅស្រែននោង ផ្លូវណាកាត់ត្រង់ តម្រង់ទៅស្ទោង ពីស្រែននោង ទៅត្នោតចុងស្រង់”។ ដោយសារតែមានអ្នកស្រុកចង្អុលបង្ហាញផ្លូវ ទើបតាដុង យាយជ័យ ជម្លៀសកូនស្រីផុតពីកណ្តាប់ដៃពួកអាមាត្យ ហើយទីបំផុត នាងត្រចើលដោះក្រាល ក៏បានជួបកំលោះ វឹងស៊ុង ជាសង្សារ និងបានអភិសេកជាស្តេច បន្ទាប់ពីបានដឹងប្រវត្តិពិតរបស់កំលោះវឹងស៊ុង ដែលញាស់ពីពងនោះ…។

ចំណុចសំខាន់ បើសិនជាអ្នកវង្វេងមិនសួរផ្លូវគេ ច្បាស់ជាវង្វេង រកអនាគតមិនឃើញ។ យ៉ាងណាមិញ អ្នកនយោបាយគ្រប់រូប បើចេះតែធ្វើនយោបាយមិនស្ទាបស្ទង់សួរមតិយោបល់ប្រជាពលរដ្ឋ អាចនឹងដើរខុសផ្លូវ ឈានទៅបរាជ័យ។ គោលនយោបាយបក្សកាន់អំណាច ក៏ដូចគណបក្សឯទៀត ដែលចូលប្រកួតក្នុងការបោះឆ្នោតនោះ ភាគច្រើនមិនបានស្ទាបស្ទង់មតិយោបល់ប្រជាពលរដ្ឋនោះទេ បណ្តាលឱ្យមានមតិជំទាស់ច្រើនទៅៗ លេចឡើងក្នុងប្រព័ន្ធអ៊ីនធើរណេត។

ជំនួបប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលឈានដល់ការចុះហត្ថលេខាព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះ មានខ្លឹមសារ៤ចំណុច ជាពិសេស ខ្លឹមសារទី១ សរសេរជាអាទិ៍ថា “សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ប្តេជ្ញាបង្កើតទំនាក់ទំនងថ្មីជាមួយគ្នា យោងតាមបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព”។ ចំណុចនេះមានន័យថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើង ធ្វើអ្វីៗតាមការចង់បានរបស់ប្រជាពលរដ្ឋ ជាពិសេស ពលរដ្ឋមិនចង់ឱ្យមានការប្រកួតប្រជែងអាវុធប្រល័យលោកនោះទេ គឺមុននឹងស្កាត់ជួបគ្នា ច្បាស់ជាលោកត្រាំ និងលោកគីម សួរមតិយោបល់សហការី និងប្រជាពលរដ្ឋមិនខានឡើយ។ អាចនិយាយបានថា ពីមុន លោកគីម ជុងអ៊ុន វង្វេងដើរផ្លូវខុស ប្រឹងតែសាកល្បងមីសស៊ីល រហូតបាញ់រំលងលើទឹកដីជប៉ុន បង្កភាពក្តៅក្រហាយ រហូតចង់ពាក់មុខយក្សដាក់គ្នា។ លុះលោកគីម ស្ទាបស្ទង់ដឹងថា ពលរដ្ឋកូរ៉េខាងជើង មិនចូលចិត្តមហិច្ឆតានុយក្លេអ៊ែរ ខណៈដែលប្រជាជនទូទាំងពិភពលោក ថ្កោលទោសជុំទិសនោះ លោកគីម ងាកមកប្រើយុទ្ធសាស្ត្រ “នាគវាត់កន្ទុយ” ក្រឡាស់ខ្លួនឆាល់ ងាកទៅចាប់ដៃអាមេរិកវិញ។ ពីមុន គាត់ចាប់ដៃចិន គឺចាប់បន្តគ្នាតាំងពីជំនាន់ ជីតា គីម អ៊ីលស៊ុង និងឪពុកគីម ជុងអ៊ីល ឃើញថា មិនសូវចំណេញ ខណៈដែលជីវភាពពលរដ្ឋកូរ៉េ កាន់តែក្រទៅៗ ទើបលោកគីម ដែល “ទៅរៀនពីគ្រូស្វីស ត្រូវតែធ្វើតាមគ្រូស្វីស”។ អ្នកដែលធ្លាប់ចោទប្រកាន់គីម ជុងអ៊ុន ថា ជាជនផ្តាច់ការ បែរជាសរសើរថា “គាត់កំពុងដើរលើផ្លូវត្រូវ” ព្រោះការដែលគាត់ងាកទៅចាប់ដៃអាមេរិក អាចធ្វើឱ្យអនាគតប្រជាពលរដ្ឋកូរ៉េខាងជើង មានជីវភាពប្រសើរឡើង។

ងាកមករឿងកម្ពុជា វិញ អ្នកនយោបាយគ្រប់រូប គួរតែសួរយោបល់ប្រជាពលរដ្ឋផង កុំឱ្យ “តំណាងរាស្ត្រ មិនចំជាតំណាងរាស្ត្រ ក្លាយជា “តំណាងបក្ស”។ បើជាតំណាងបក្ស ច្បាស់ជានៅដាច់ឆ្ងាយពីរាស្ត្រ ធ្វើអ្វីៗតាមតែបក្សនាំផ្លូវ ដូច្នេះគួរតែសួររាស្ត្រខ្លះផង តើរាស្ត្រចង់ទៅផ្លូវណា? ឬគោលការណ៍អ្វីខ្លះ ដែលរាស្ត្រចង់បាន។ អ្នកនយោបាយ ទោះជារៀនចេះដឹងដល់កម្រិតណាក៏ដោយ “បើដើររំលងមតិយោបល់ពលរដ្ឋ” គឺ មិនខុសពីតាដុង យាយជ័យ ដើរវង្វេងក្នុងព្រៃ បើពួកគាត់មិនសួរគេថា “ផ្លូវណាទៅទ្រាំង ទៅរាំងទម្លុះ….” ច្បាស់ជាវង្វេងក្នុងព្រៃ ក្លាយជាចំណីខ្លាមិនខាន។

“វេទិកាសាធារណៈ” គឺបើកឱ្យមានការសួរដេញដោលគ្នានេះឯង ប៉ុន្តែតាមការឃ្លាំមើល ក្នុងវេទិកានេះ អ្នកនយោបាយ អត់សួរប្រជាពលរដ្ឋទេ គាត់បែរជាឃោសនាពន្យល់ពលរដ្ឋទៅវិញ ជួនកាលបន្ទោសពលរដ្ឋថា គាត់ពន្យល់ប៉ុណ្ណឹងទៅហើយ នៅតែស្តាប់មិនបាន។ រឿងពលរដ្ឋស្តាប់មិនបាន មកពីអ្នកនយោបាយនោះ “ដើរផ្លូវខុស” ទើបរាស្ត្រមិនយកចិត្តទុកដាក់ស្តាប់ រីឯអ្នកដើរផ្លូវខុសនេះ អត់ដឹងថា ខ្លួនវង្វេងទេ។

ដូចលើកឡើងរួចមកហើយថា លោកត្រាំ និងលោកគីម មុននឹងជួបចរចាទល់មុខគ្នា “បានសួរយោបល់ពលរដ្ឋអាមេរិក និងកូរ៉េខាងជើង” រួចហើយ តែគេលាក់មិនឱ្យដឹងពីរឿងសួរនោះ។ លោកមហាសេនាប្រមុខ គីម អ៊ីលស៊ុង និងគីម ជុងអ៊ីល ធ្លាប់តោងចិន ធ្វើឱ្យកូរ៉េខាងជើង នៅក្រោមឥទ្ធិពលចិន ជាច្រើនទសវត្សមកហើយ ប៉ុន្តែពេលនេះ លោកគីម ជុងអ៊ុន មិនធ្វើដូចជីតា និងឪពុកនោះទេ ដោយងាកទៅតោងអាមេរិកម្តង។ មុននឹងតោងអាមេរិក លោកគីម ជុងអ៊ុន ប្រហែលជាបានសួរយោបល់សមភាគី លោកមូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង មិនខានឡើយ ដោយសមភាគីនោះ ជួយចង្អុលបង្ហាញផ្លូវឱ្យដើរទៅរកអនាគតថ្មី បើមានការត្រូវរ៉ូវគ្នាជាមួយអាមេរិក កូរ៉េខាងជើង អាចនឹងត្រូវគេដកទណ្ឌកម្មសេដ្ឋកិច្ច និងផ្តល់ជំនួយមកសន្ធឹកសន្ធាប់មិនខានឡើយ។

ដូច្នេះសម្រាប់កម្ពុជា ត្រូវតែស្ទាបស្ទង់សួរយោបល់ប្រជារាស្ត្រដែរ តើរាស្ត្រចង្អុលផ្លូវណា? ឱ្យទៅតាមចិន តាមរុស្ស៊ី ឬតាមអាមេរិក? ធម្មតាប្រទេសតូចៗក្នុងពិភពលោក ចៀសដើរតាមមហាអំណាចមិនរួចទេ ទោះជាគេមិនដាក់អាណានិគម ក៏ទ្វារសេដ្ឋកិច្ចសំខាន់ណាស់ បើមហាអំណាចចង់ធ្វើបាប គេបិទទ្វារសេដ្ឋកិច្ច គ្រឹប! គ្រោះធ្ងន់តែម្តង។ ទោះយ៉ាងណា បក្សកាន់អំណាច (CPP) ទោះជាងាកទៅតោងចិន ក៏មិនទាន់ផាត់អាមេរិក ចោលនោះដែរ ដោយព្យាយាមរក្សាចំណងការទូតជាមួយអាមេរិក មិនឱ្យដាច់។ ជាក់ស្តែង ទោះជាមានការចោទប្រកាន់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ថា “ក្បត់ជាតិ សមគំនិតជាមួយអាមេរិក” ក៏តុលាការអត់ហ៊ានកោះហៅមន្ត្រីការទូតអាមេរិក មកសាកសួរនោះឡើយ ជាហេតុនាំឱ្យអ្នកឃ្លាំមើល ចោទប្រកាន់ថា ជារឿងនយោបាយ។ ដូច្នេះរឿងតោងចិន យកជំនួយ គួរកុំចោលអាមេរិក ដែល CPP គួរឧស្សាហ៍សាកសួរពលរដ្ឋផង ទើបរកផ្លូវត្រូវឃើញ។

សរុបទៅ “ផ្លូវណាទៅទ្រាំង?” ទោះបីជាទំនុកច្រៀងភ្លេងប្រពៃណីខ្មែរ ក៏អ្នកនយោបាយ ជាពិសេស បក្សកាន់អំណាច គួរយកមកពិចារណាដែរ ខណៈដែលកំពុងមានការរិះគន់ពីប្រជាពលរដ្ឋដែលធ្លាប់គាំទ្រអតីតបក្សប្រឆាំង (CNRP) ថា “ដើរតាមចិន អត់ចំណេញ” ខ្លះទៀតថា “ខ្មែរចេះតែកិន ចិនចេះតែកត់”។ ហេតុនេះ នយោបាយកណ្តាល និងចេះបត់បែនតាមកាលៈទេសៈ ដូចលោកគីម ជុងអ៊ុន នឹងទទួលបានការសរសើរ …៕