facebook
facebook
Loading...

មូលហេតុ ជម្ពូ ទទួលបានពាក្យថា កំពូល

​ សោម សុភា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | 38 | 0 | ម៉ោង 15:59 pm

ថ្វីបើមានកូនភ្លោះរួចទៅហើយ ក៏ជម្ពូ អារយ៉ា នៅតែរក្សាបានតំណែងរាជិនីបង្ហាញម៉ូដ អួតបង្ហាញរាងលើកម្រាលព្រំក្រហម ក្នុងទីក្រុងកានស៍ ប្រទេសបារាំង អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា។ តើអ្វីទៅ គឺជាអាថ៌កំបាំងនៃជោគជ័យរបស់នាង?

ជំហានជាន់លើកម្រាលព្រំក្រហម នៅទីក្រុងកានស៍ របស់ជម្ពូ ក្នុងឆ្នាំនេះ អាចខុសប្លែកពីឆ្នាំមុនៗបន្តិច ព្រោះនាងទៅដោយបេះដូង មិនដូចកាលមុន ដោយសារតែត្រូវបែកពីកូនភ្លោះជាទីស្រលាញ់ គឺស្វាយហ្វា និង ផាយុ។ នាងពុំធ្លាប់ឃ្លាតឆ្ងាយពីកូនយូរដល់ទៅ១០ថ្ងៃ ដូចពេលនេះទេ តែនាងក៏ទទួលបានកម្លាំងចិត្តដោយការនិយាយតាមវីដេអូ (Video Call) ជាមួយកូនៗជា ប្រចាំ។ ក្រៅពីនេះ នាងក៏មានត្រៀមដបទឹកដោះគោ (សម្រាប់កូនបៅ) ទុកផ្ញើកូនទៀតផង។ មិនចម្លែកទេដែលកំពូលតារាម្នាក់នេះ ទទួលបានរហស្សនាមកំពូលម្តាយ និងកំពូលភរិយាថែមទៀត។ ដូច្នោះហើយទើបក្រុមគ្រួសាររបស់ជម្ពូ ក្លាយជាក្រុមគ្រួសារដ៏គួរឱ្យស្រលាញ់បំផុត។ នាងពុំបានបង្ខិតបង្ខំឱ្យកូនៗត្រូវតែដើរតាមមាគ៌ាសិល្បៈឡើយ ព្រោះអ្វីៗនាងអនុលោមទៅតាមភាពសមស្របប៉ុណ្ណោះ។ ប៉ុន្តែកូនតូចៗរបស់នាងក៏ចាប់ផ្តើមចែងចាំងរស្មីកំពូលតារា តាំងពីបាតជើង ក្រហមរងាល។ ជម្ពូ-សាយហ្វា-ផាយុ បានក្លាយជាអ្នកផ្សព្វផ្សាយខោទឹកនោម កើបលុយមហាសាល។ ក្រៅពីនេះ ផលិតកររឿងភាគ អែនថង ប្រះសុម ក៏ធ្លាប់បង្ហើបចង់បានជម្ពូ សម្តែងរឿងភាគរួមជាមួយកូនៗ។ តែជម្ពូ នៅមិនទាន់ហ៊ានទទួល ការងារនេះទេ។

សម្រាប់វិស័យបង្ហាញម៉ូដវិញ ជម្ពូ ធ្លាប់បាននិយាយហើយថា នាងពុំមែនជាមនុស្សចូលចិត្តធ្វើអីសើៗទេ។ អ្វីៗចេញពីការសម្រិតសម្រាំងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈ ប្រឈមនឹងស្ថានការណ៍ជានិច្ច។ អ្វីដែលនាងស្លៀកពាក់នោះ ត្រូវតែមើលឃើញសម និងដូចជានាងជាម្ចាស់នៃសម្លៀកបំពាក់នោះយ៉ាងពិតប្រាកដ ពុំមែនគ្រាន់តែជាអ្នកបង្ហាញម៉ូដ ឱ្យក្រុមហ៊ុននោះឡើយ។

បើយើងសម្លឹងមើលឱ្យស៊ីជម្រៅ និងឱ្យបានឆ្ងាយហួសពីវិស័យម៉ូដតែម៉្យាង យើងនឹងបានឃើញថា ជម្ពូ បានច្របាច់បញ្ចូលគំនិតទស្សនៈនៃការរស់នៅទៅនឹងវិស័យម៉ូដយ៉ាងល្អ។ ជាពិសេស នាងប្រដូចការចិញ្ចឹមកូន ទៅនឹងការបង្ហាញម៉ូដថា “វាដូចជាការមើលថែទាំកូន អ៊ីចឹង ឱ្យយើងត្រូវតែសម្រិតសម្រាំងត្រៀមរបស់របរឱ្យកូន។ ការរៀបចំគម្រោងក៏សំខាន់ណាស់ដែរ អ្វីដែលយើងមានអារម្មណ៍ថា ជាការទទួលខុសត្រូវរបស់យើង យើងត្រូវតែរៀបចំស្វែងរកមកឱ្យកូនកុំឱ្យខ្វះ តែអ្វីដែលជារឿងធម្មជាតិរបស់កូន ក៏បណ្តោយទៅតាមដំណើរទៅ មិនត្រូវបង្ខិតបង្ខំឡើយ”។ នេះមានន័យថា ការបង្ហាញម៉ូដ ក្រៅពីត្រូវសម្រិតសម្រាំងត្រៀមលក្ខណៈ នាងក៏ត្រូវបណ្តោយឱ្យអ្វីៗប្រព្រឹត្តទៅតាមសម្រួលទៅតាមភាពសមសួន ជាជាងជម្នះលើអ្វីដែលមិនសមស្របនឹងធម្មជាតិរបស់នាង។

សម្រាប់ពេលវេលាផ្អែមល្ហែមជាមួយស្វាមី ខណៈដែលនាងក្លាយជាម្តាយទៅហើយនោះ នាងប្រាប់ថា “វាមិនដូចកាលមុនទេ យើងត្រូវតែទទួលស្គាល់រឿងនេះ។ តែវាក៏ជាសេចក្តីសុខម៉្យាងដែរ។ ពីមុន មានតែយើងពីរនាក់ តែពេលនេះ យើងត្រូវមានរឿងកូនចូលមកពាក់ព័ន្ធ មានកូន អ្វីៗរឹតតែល្អប្រសើរ”។

ស្គាល់នាងកាន់តែច្បាស់ យើងនឹងយល់ស្របថា ស័ក្តិសមហើយដែលនាងទទួលបានរហស្សនាមកំពូលតារា កំពូលភរិយា និងកំពូលម្តាយ៕

facebook