facebook
facebook
Loading...

ឡាយ លក្ខិណា ធូរទ្រូងពិន័យ៣មុឺនដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 52 | 0 | ម៉ោង 17:45 pm

ឡាយ លក្ខិណា ដែលធ្លាប់តែភ្នែកនៅកញ្ចឹងក ពេលត្រូវអ្នកកាសែតចោមរោមសួររឿងថតភាពយន្តឱ្យប៉ុស្តិ៍ហង្សមាស ហើយអ្នកនាងត្រូវបានផលិតកម្មនេះ ដាក់គំនាប សូម្បីតែចំណងជើងក៏មិនឱ្យប្រាប់នោះ ពេលនេះ អ្នកនាងលក្ខិណា ធូរទ្រូងវិញហើយ ព្រោះរឿងដែលអាថ៌កំបាំងជាងគេនោះ ត្រូវបានប៉ុស្តិ៍ហង្សមាស ចេញជា Trailer ឃោសនាហើយ គឺរឿង “ផ្កាថ្ម” ដែលមាននាងមាន សូនីតា និងលោកណា ខុន ជាតួឯក ចំណែកនាងឌុច សុភា និងឡាយ លក្ខិណា គឺជាតួម្តាយ។

តាមរយៈការលេចមុខជាថ្មីក្នុងភាពយន្តភាគជាលើកដំបូង ឱ្យប៉ុស្តិ៍ហង្សមាស នេះ អ្នកនាងឡាយ លក្ខិណា  ដែលផ្អាកការសម្តែងជាង10ឆ្នាំនោះ គេឃើញអ្នកនាងនៅតែមានរូបសម្រស់ស្អាតគួរឱ្យទាក់ទាញ ព្រមទាំងមានទេពកោសល្យសម្តែងនៅតែខ្លាំងដដែល ហេតុនេះហើយបានជាហង្សមាស ត្រូវការអ្នកនាងជាចាំបាច់ក្នុងភាពយន្ត ដែលអ្នកដឹកនាំសម្តែងរឿងនេះ បានព្រមានតារាទាំងអស់ដែលលេងរឿងនេះ រួមទាំងអ្នកនាងឡាយ លក្ខិណា ផងថា បើហ៊ានតែនិយាយពីចំណងជើង ឬសាច់រឿងប្រាប់អ្នកកាសែតនោះ នឹងត្រូវក្រុមហ៊ុនផាកទឹកប្រាក់ចំនួនម្នាក់ៗ 3ម៉ឺនដុល្លារអាមេរិក។ ការព្រមានបែបនេះមិនថាតែតារាថ្មីៗដែលសម្តែងក្នុងរឿងនេះទេ តែសូម្បីតែតារាជើងចាស់ដូចអ្នកនាងឡាយ លក្ខិណា ក៏ញាក់សាច់ទទ្រើតៗដែរ ហើយអ្នកនាងព្យាយាមគេចចេញពីអ្នកសារព័ត៌មាន ព្រោះខ្លាចថ្លោះធ្លោយមាត់ប្រាប់ទៅអ្នកកាសែតទៅ នាំតែអស់លុយ3ម៉ឺនដុល្លារទទេរ ទើបសុខចិត្តរហូតទាល់តែរឿង1នេះ បង្ហោះជា Trailer ហើយទើបអ្នកសម្តែងទាំងអស់ក្នុងរឿងនេះ បានធូរស្បើយទាំងអស់គ្នា ព្រោះថា ការដែលពួកគេមិនប្រាប់អ្នកកាសែតពីឈុតឆាកសម្តែងរឿងនេះ ហាក់ដូចជាបានចំណេញក្នុងម្នាក់ៗ 3ម៉ឺនដុល្លារ ពីការពិន័យនោះអ៊ីចឹង។

ឡាយ លក្ខិណា ដែលផ្តាច់ខ្លួនពីអាជីពសិល្បៈជាង 10ឆ្នាំ សម្ងំលក់ខោអាវនៅផ្សារអូរឬស្សីនោះ បានប្តូរមកលក់ក្បែរផ្សារទួលគោកវិញ ហើយអ្នកនាងឱ្យប្អូនស្រីជាអ្នកគ្រប់គ្រងហាង  ខណៈដែលលក្ខិណា វិលត្រឡប់មករកអាជីពចាស់វិញ តាមរយៈការទទួលច្រៀងសម្តែង ដូចកាលពី10ឆ្នាំមុន។ អ្នកនាងឡាយ លក្ខិណា ឡើងច្រៀងតាមឆាកតន្ត្រីគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ច្រៀងតាមរោងការ និងទទួលសម្តែង ភាពយន្តដែលបើកឆាកដំបូងឱ្យផលិតកម្មរស្មីហង្សមាស រឿង “ផ្កាថ្ម” នេះតែម្តង។

មហាជនបានមើលឃើញថា អ្នកនាងឡាយ លក្ខិណា នៅតែមានរូបសម្រស់ទ្រលុកទ្រលន់ មិនចាស់ទៅតាមវ័យនោះឡើយ ហើយអតីតរាជិនីសម្រស់កាលពីឆ្នាំ2007 នេះ ហាក់ទម្លាក់ខ្លួនច្រើន ដោយព្រមសម្តែងជាតួម្តាយ ដូចនាងឌុច សុភា ដែរ។ ជាមួយការតែងខ្លួនគួរឱ្យទាក់ទាញ ដើមទ្រូងនៅតែទ្រលុកទ្រលន់ មិនជ្រេទៅតាមវ័យនោះ អ្នកនាងលក្ខិណា ដែលច្រៀងតាមមង្គលការកូនអ្នកធំៗនោះ ត្រូវបានមន្ត្រីធំៗទាំងឡាយចោលភ្នែកគយគន់ បូឆោមអ្នកនាងមិនដាក់ភ្នែកឡើយ ស្របពេលដែលតារាជើងចាស់រូបនេះ ធ្លាប់បានបង្ហើបឱ្យដឹងថា អ្នកនាងកំពុងស្វែងយល់ចិត្តគ្នា ជាមួយបុរសម្នាក់ តែមិនទាន់ច្បាស់100%ទេ ព្រោះស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នានៅឡើយ៕

facebook