facebook
facebook
Loading...

អស់ទ្រាំនឹងទង្វើបង ប្តឹងប៉ូលិសវាយខ្នោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 33 | 0 | ម៉ោង 16:09 pm

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកវិញ ក៏ស្រាប់តែបង្ករឿងឈ្លោះប្រកែកជាមួយប្អូនស្រីបង្កើតរបស់ខ្លួន រហូតដល់គ្រប់គ្រងសតិលែងបាន ក៏ស្ទុះទៅវាយប្អូនស្រី១ដៃ ចូលគុម្ពត្រចៀក បណ្តាលឱ្យហូរឈាមត្រចៀករងរបួសធ្ងន់។

ករណីហិង្សាបងប្រុសវ៉ៃប្អូនស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនបង្កហេតុ ដែលវាយប្អូនស្រីបែកគុម្ពត្រចៀក មានឈ្មោះគា សុខហេង អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះគា សាវិន អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ។ ជនបង្ក និងជនរងគ្រោះ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅផ្ទះជាមួយគ្នា។

តាមសម្តីនារីរងគ្រោះជាប្អូនស្រី បានរៀបរាប់ប្រាប់ថា បងប្រុសរបស់នាងម្នាក់នេះ (ជនដៃដល់) គឺជាមនុស្សគ្មានការងារធ្វើនោះទេ មួយថ្ងៃៗ ដើរតែផឹកស៊ីប៉ោឡែ ឥតប្រយោជន៍ មិនដែលជួយធ្វើការងារផ្ទះអ្វីទាំងអស់ មិនតែប៉ុណ្ណោះ ថែមទាំងមានចរិតកោងកាចខ្លាំងណាស់ ឱ្យតែស្រវឹងតែងរករឿងអុកឡុកក្នុងផ្ទះជាញឹកញាប់ ព្រោះតែបណ្តោយឱ្យជាតិស្រាគ្រប់គ្រងខួរក្បាលបាន។

នារីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃកើតហេតុ បងប្រុសកំណាចរូបនេះបានចេញទៅផឹកស្រាជាមួយបនភឿនតាំងពីថ្ងៃ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ស្រវឹងធ្លាក់ភ្នែក ក៏ត្រឡប់ចូលផ្ទះវិញ ហើយក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយនាង លុះនាងទ្រាំមិនបាន ក៏ស្តីបន្ទោសបងប្រុស២-៣ម៉ាត់ ស្រាប់តែបងប្រុសកំណាចបានស្ទុះមកវាយនាង១ដៃ ចូលគុម្ពត្រចៀកខាងឆ្វេង បណ្តាលឱ្យហូរឈាមតាមត្រចៀកមិនឈប់តែម្តង។

ក្រោយកើតហេតុ ដោយសារតែនារីរងគ្រោះជាប្អូនស្រី ទ្រាំនឹងទង្វើឃោរឃៅរបស់បងប្រុសលែងបាន ក៏សម្រេចទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ជាបងប្រុស នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

facebook