Loading...

ចេម បង្ហើបស្រីស្នេហ៍

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | | 0 | ម៉ោង 8:56 am

ចេមជិ ជិរ៉ាយុ តាំងស៊ីស៊ុក យល់ព្រមបើកចំហស្នេហាជាលើកដំបូង ដោយប្រាប់ថា ពេលនេះ លោកមានដៃគូសន្ទនាភាសាបេះដូងហើយ។ លោកមិនខ្លាចប្រជាប្រិយភាព ធ្លាក់ក្រោយបើកចំហរឿងបេះដូងទេ ព្រោះនេះគឺជាសច្ចធម៌ជីវិត!

ធ្វើឱ្យប្រិយមិត្តភ្ញាក់ផ្អើលមិនតិចទេ ជាពិសេស ប្រិយមិត្តស្រីៗតែម្តង ត្រូវខកចិត្តជាខ្លាំង នៅពេលបុរសសង្ហា ចេមជិ ជិរ៉ាយុ តាំងស៊ីសុក ប្រកាសថា ខ្លួនមាននារីទុកគ្រាន់ សន្ទនាភាសាបេះដូងរួចហើយ។ លោកបញ្ជាក់ថា នេះពុំមែនជារឿងដែលត្រូវបិទបាំងឡើយ។ ទោះជាលោកពុំទាន់ប្រាប់ថា នារី ម្នាក់នោះជានរណា តែលោកជំរុញឱ្យក្រុម អ្នកស៊ើបតាមស៊ើបដោយខ្លួនឯងចុះ។

+ ឮថា លោកមាននារីជាដៃគូសន្ទនា ហើយ?

-ខ្ញុំមានដៃគូសន្ទនាហើយ តែខ្ញុំនៅមិនទាន់អាចបង្ហាញខ្លួន ឬប្រាប់អ្វីបានទេ។ ខ្ញុំមិនទាន់អាចបើកចំហដល់ថ្នាក់ហ្នឹងបានទេ ព្រោះយើងទើបតែសន្ទនាគ្នាបានមួយរយៈ។ ខ្ញុំគ្រាន់តែប្រាប់ថា មានដៃគូសន្ទនា។ សួរថា មានការជឿជាក់ទេ? ខ្ញុំយល់ថា ត្រូវរង់ចាំអ៊ុតមើលសិន។ ពេលនេះគ្រាន់តែដឹងថា មានដៃគូសន្ទនាទៅបានហើយ។

+ និយាយពាំត្រណោតបែបនេះ ប្រិយមិត្ត ស្រីៗអាចស៊ើបដឹងណា៎!

-ស្រេចតែគេចុះ! បើយើងរស់នៅតាមធម្មតារបស់យើង វាគឺជារឿងធម្មតាហើយ ដៃគូសន្ទនា របស់ខ្ញុំ នាងពុំបានថាអីទេ។ មុននេះខ្ញុំធ្លាប់ប្រាប់នាង ថា ខ្ញុំនឹងប្រាប់បណ្តាញសារព័ត៌មាន ព្រោះខ្ញុំមិនចង់បិទបាំងអ្វីឡើយ។ យើងគ្រាន់តែពុំបានបញ្ជាក់ថា ជានរណាតែប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែប្រាប់ថា មានដៃគូសន្ទនាហើយ យើងក៏ទៅណាមកណាជាមួយគ្នាខ្លះៗដែរ ដូចជាទៅញ៉ាំបាយជាដើម។

+ ពេលទៅណាមកណាជាមួយគ្នា ត្រូវក្លែងខ្លួនលាក់បាំងភ្នែកមហាជនឬទេ?

-ខ្ញុំមិនដល់ថ្នាក់ត្រូវក្លែងខ្លួនទេ គឺទៅបែបធម្មតា។

+ ចេញមកចំហរឿងស្នេហា មិនខ្លាចចរន្តប្រឆាំង ឬប្រជាប្រិយភាពធ្លាក់ចុះទេ?

-វាជារឿងធម្មតាទេបាទ បើមិនអ៊ីចឹង មានតែឱ្យខ្ញុំលាក់បាំង។ បែបហ្នឹងក៏មិនល្អដែរ។ វាជាសច្ចធម៌របស់មនុស្ស ដែលត្រូវតែមានអ្នកស្រលាញ់ និងមិនស្រលាញ់។ យើងត្រូវតែយល់ឱ្យបានពីបញ្ហានេះ។ សួរថា បារម្ភខ្លាចប្រជាប្រិយភាពធ្លាក់ចុះឬទេ? ខ្ញុំយល់ថា ដូចជាមិនមានអីទេ។ ពេលនេះ ការធ្វើការរបស់ខ្ញុំ ការងារគ្រប់យ៉ាងរបស់ខ្ញុំ ខ្ញុំចង់ធ្វើឱ្យវាជាការងារសិល្បៈ។ ខ្ញុំចង់បង្កើតសមិទ្ធផលដ៏ល្អបំផុត។ សម្រាប់អ្នកនិយមចូលចិត្ត ពេលបានទស្សនា ក៏នឹងទទួលបានការកម្សាន្ត ឬក៏ទទួលបានចំណេះដឹង ព្រមទាំងសារប្រយោជន៍ពីការងារដែលខ្ញុំបានធ្វើ…។

គួរបញ្ជាក់ថា មុនពេលបើកចំហដៃគូសន្ទនាក្នុងភាពអាថ៌កំបាំងនេះ លោកចេមជិ ជិរ៉ាយុ ធ្លាប់មានសង្សារដំបូង គឺនាងពិកេ ភិម្ពកាន្ត បានឆៈវង្ស អ្នកទាំងពីរជាសង្សារនឹងគ្នា កាលពីរៀនមធ្យមសិក្សា។ លុះ ពេលពួកគេតម្រង់ត្រីវិស័យមកកាន់ពិភពសិល្បៈ និងក្លាយជាតារាឯកល្បីដូចគ្នា ពួកគេក៏បែកបាក់គ្នាដោយគ្មានមូលហេតុច្បាស់លាស់។ ទោះជាដូច្នោះក៏ដោយ ពួកគេនៅតែនិយាយរកគ្នាដូចដើម។

ក្រៅពីនេះ ក៏ធ្លាប់មានដំណឹងថា លោកចេមជិ ធ្លាប់ទាក់ទងស្រីដែលមានអាយុច្រើនជាងឈ្មោះព្រិងប្រាវ ឬណាងក្វាង។ ប៉ុន្តែវិថីស្នេហ៍ជាមួយស្រីម្នាក់នេះ ក៏ត្រូវបញ្ចប់នៅពេលដែលលោកចេមជិ ល្បីល្បាញខ្លាំងក្នុងរឿង “សុភាពបុរសភុតធិផាត់”៕