facebook
facebook
Loading...

ម្ចាស់រងគ្រោះដល់ស្លាប់ ព្រោះមាន់ខ្លួនឯង

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 129 | 0 | ម៉ោង 14:14 pm

ភ្នំពេញ ៖ ក្មេងស្ទាវចំនួន៣នាក់ បានធ្វើសកម្មភាពលបចូលទៅលួចមាន់របស់ប្រជាពលរដ្ឋម្នាក់ លុះម្ចាស់មាន់ភ្ញាក់ដឹងខ្លួនទាន់ ស្ទុះចេញចាប់ ស្រាប់តែត្រូវក្រុមជនដៃដល់ទាញកាំបិតផ្គាក់របស់ជនរងគ្រោះ ដែលទុកនៅក្រោមគ្រែមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដាច់កញ្ចឹងក រយះមុខមាត់ និងក្បាល រងរបួសយ៉ាងធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកក្រុមជនដៃដល់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ ខណៈដែលបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់អស់ទៅហើយ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍ចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនដៃដល់ឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ហៃ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកបកពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះតួ និងទី២-មិនស្គាល់ឈ្មោះ។ ដោយឡែក ជនរងគ្រោះជាម្ចាស់មាន់ដែលត្រូវក្រុមឃាតករដៃឆៅកាប់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះមាស ចន្ថា ហៅឌៀប អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកម៉ៅ សឿត អធិការស្តីពីនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់ក្នុងដំណេក ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៣នាក់ខាងលើ បាននាំគ្នាធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងដីឡូតិ៍ចំការស្វាយរបស់ជនរងគ្រោះ ក្នុងគោលបំណងលួចមាន់។ លុះចូលទៅដល់ ក៏ស្រាប់តែសត្វឆ្កែរបស់ជនរងគ្រោះបានព្រុស ទើបធ្វើឱ្យជនរងគ្រោះភ្ញាក់ពីដំណេក ឆួលភ្លើងពិលរកមើល ក៏ប្រទះឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់របស់ខ្លួន ភ្លាមនោះ ជនរងគ្រោះក៏ស្ទុះក្រោកពីគ្រែ រត់ទៅដេញចាប់ជនសង្ស័យ តែត្រូវក្រុមជនសង្ស័យបានព្រួតគ្នាវាយទៅលើជនរងគ្រោះវិញ បណ្តាលឱ្យដួលទៅលើដី ហើយភ្លាមនោះ ជនដៃដល់ឈ្មោះតួ បានស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះដែលទុកនៅក្រោមគ្រែ មកកាប់ប្រហារទៅលើជនរងគ្រោះចំកញ្ចឹងក ចំថ្ពាល់ខាងស្តាំ និងចំក្បាល បណ្តាលឱ្យរបួសយ៉ាងធ្ងន់ រួចក៏នាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបោះកាំបិតផ្គាក់ចោលនៅក្បែរនោះ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបជនរងគ្រោះទ្រាំទ្រលែងបាន ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ។

បន្ទាប់មក សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវទាំងយប់ រហូតដល់កំណត់មុខសញ្ញាក្រុមជនដៃដល់បាន និងចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះជា ហៃ នៅវេលាម៉ោង១០យប់ថ្ងៃដដែល ខណៈដែលបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។

ជនសង្ស័យឈ្មោះ ជា ហៃ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕