ខេត្តព្រះសីហនុ ៖ ករណីថៅកែស្រីរូបស្រស់ Lumi ដែលតូចចិត្តនឹងរឿងស្នេហាខកបំណង បែកបាក់ពីប្រុសស្នេហ៍ជនជាតិអាមេរិក និងថែមទាំងត្រូវបានកូនស្រីរបស់ប្រុសស្នេហ៍រូបនោះ ចោទប្រកាន់ថា បានដណ្តើមប្តីរបស់គេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង រហូតដល់ថៅកែស្រី Lumi មានគំនិតខ្លីអារដៃ និងលេបថ្នាំសម្លាប់ខ្លួននោះ ពេលនេះ ត្រូវបានភាគីកូនស្រីរបស់គូស្នេហ៍ជាជនជាតិអាមេរិក រូបនោះ បានចេញមុខបកស្រាយគ្រប់យ៉ាង តាមរយៈការឡាយវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
នារីវ័យក្មេងដែលជាកូនស្រីរបស់អតីតសង្សារ ថៅកែស្រី Lumi រូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Pisey Stein។ ចំណែកថៅកែស្រីរូបស្រស់រូបនោះ មានឈ្មោះញឹម សុខឡេង ហៅ Lumi ជាម្ចាស់ហាងលក់នំខេក យីហោ THE NUM CAKE មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងផ្លូវលេខ២៨៨ ម្តុំខាងក្រោយរោងកុនគិរីរម្យចាស់។
តាមរយៈ Live Video រយៈពេលជាង៣០នាទី ម្ចាស់គណនី Pisey Stein បានរៀបរាប់ថា “ឥឡូវហ្នឹងខ្ញុំមកនិយាយរឿង ម្នាក់ស្រីដណ្តើមប្តីគេហ្នឹងហើយ គាត់គំរាមគ្រួសារខ្ញុំ មិនមែនសុខៗខ្ញុំទៅជេរគាត់ទេ តែគាត់ទេសុខៗមកជេរខ្ញុំមុន ហើយមិនមែនជេរតែម្តងទេ គឺ៣ដង ទាំងលើកនេះហើយ ទើបធ្វើឱ្យខ្ញុំទ្រាំមិនបាន ក៏ឆាតទៅជេរវិញ ព្រោះមនុស្សហ្នឹង ធ្វើខុសហើយសុំទោសដដែលៗពេល៣ដងហើយ ជេរខ្ញុំរហូត គាត់បានប្រើឱ្យមនុស្សប្រុសម្នាក់ឆាតមកគំរាមម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំថា ប្រសិនបើមិនចង់ឱ្យមានបញ្ហាធំទេ ត្រូវលុបគ្រប់យ៉ាងដែលខ្ញុំបានផុស ខ្ញុំអត់លប់ទេ បើអ្នកឯងអត់សុំទោសខ្ញុំ ដំបូងឡើយ កើតរឿងឡើងមក គឺគាត់ជាសង្សារប៉ាខ្ញុំ តែមិនឱ្យម៉ាក់ខ្ញុំដឹងទេ ព្រោះម៉ាក់ខ្ញុំនៅកំពង់សោម ប៉ាខ្ញុំនៅភ្នំពេញ ដល់ពេលគាត់បែកគ្នាហ្នឹង គាត់អត់ព្រមលែងប៉ាខ្ញុំទេ នៅតែឆាតរកប៉ាខ្ញុំ ខលរកប៉ាខ្ញុំ ណាត់ប៉ាខ្ញុំចេញក្រៅ ដល់ថ្ងៃមួយួ ខ្ញុំឡើងទៅភ្នំពេញ ពេលហ្នឹងគាត់បែកគ្នាហើយ ពេលនោះខ្ញុំជិះឡាននៅខាងមុខ តែគាត់ខឹង គាត់ដេញឱ្យខ្ញុំទៅអង្គុយក្រោយ តែខ្ញុំខ្លាំងដែរ ខ្ញុំអត់ចេញ ខ្ញុំនៅអង្គុយមុខហ្នឹង គាត់ខឹងរឿងហ្នឹងមួយ ដល់រឿងបន្ទាប់ គាត់សម្ពោធហាងថ្មី គាត់ខ្វះលុយ គាត់សុំលុយប៉ាខ្ញុំ ហើយគាត់ចង់បានឡានទៀត គាត់សុំលុយប៉ាខ្ញុំ២-៣ពាន់ តែប៉ាខ្ញុំអត់ឱ្យទេ ព្រោះគាត់ទុកចំណាយលើអ្វីផ្សេង មិនមែនចំណាយលើមនុស្សស្រីដូចគាត់តែប៉ុណ្ណឹងទេ ទើបគាត់ខឹងរឿងហ្នឹងជាលើកទី២ គាត់យកលុយសំខាន់ គាត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីលុយ គាត់សាហាវណាស់ គាត់ថាប៉ាខ្ញុំតាមរំខានគាត់ ឆាតទៅគាត់ ខលទៅគាត់ តែតាមពិតគាត់ទេជាអ្នករំខានប៉ាខ្ញុំ… តាមពិតមុនដំបូង គឺយើងល្អជាមួយគ្នាមែនទែន ឆាតនិយាយជាមួយគ្នាចុះឡើង តាមពិតទៅ ខ្ញុំកាន់ជើងប៉ា ដឹងថាប៉ាមានស្រី យើងបិទមាត់ អត់ហ៊ានឱ្យម៉ាក់ដឹងទេ ហើយខ្ញុំនិងគាត់គឺត្រូវគ្នាណាស់ តែក្រោយមក ក៏ចាប់ផ្តើមមានរឿង គាត់ច្រណែនខ្ញុំ ប្រពន្ធចុងច្រណែនកូន ពេលគាត់បែកគ្នា គាត់ព្យាយាមផុសនៅលើហ្វេសប៊ុក ចង់ឱ្យគេដឹងថា ប៉ារបស់ខ្ញុំជាអ្នកតាមរំខានគាត់ ចង់ត្រូវគ្នាជាមួយគាត់វិញ តែតាមពិតប៉ាខ្ញុំមិនព្រមត្រឡប់ទៅរកគាត់វិញទេ ហើយគាត់ទៅជាអ្នករំខានប៉ាខ្ញុំ ដល់ពេលខឹងប៉ាខ្ញុំអត់ត្រូវរ៉ូវវិញ ក៏លេងមកខ្ញុំតែម្តង គាត់និយាយថា រឿងរវាងគាត់ និងប៉ាខ្ញុំមិនចង់ឱ្យខ្ញុំទៅពាក់ព័ន្ធទេ តែខ្ញុំជាកូនខ្ញុំទ្រាំមិនបាន ឃើញចរិតគាត់ចឹង គាត់ធ្វើខុស តែគាត់ព្យាយាមធ្វើខ្លួនឯងត្រូវ ទម្លាក់កំហុសគ្រប់យ៉ាងមកប៉ាខ្ញុំ មនុស្សចូលចិត្តដណ្តើមប្តីគេ ព្រោះអីប្តីគេលុយច្រើន ប្តីប្រពន្ធគេ កសាងលុយនេះ រាប់ម៉ឺនរាប់លានដុល្លារ រាប់ឆ្នាំមកហើយ តែមកចង់បានហ្វ្រីៗម៉េចកើត? អ្នកទាំងអស់គ្នាច្បាស់ជាគិតថាគាត់ត្រឹមត្រូវណាស់ បើខ្ញុំអត់បង្ហាញភ័ស្តុតាង បង្ហាញសារអីចឹង ច្បាស់ជាថាគាត់ត្រឹមត្រូវណាស់…”។

ដោយឡែក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ម្ចាស់គណនីហ្វេសប៊ុក Mss Lumi បានបង្ហោះសារមួយថា “ឃើញហួសចិត្ត មិនដឹងនិយាយមិចឱ្យសម ខ្ញុំឈឺចាប់ដោយសារក្មេងស្រីម្នាក់បំផ្លាញឈ្មោះខ្ញុំ Pisey Stain វាបំផ្លាញអ្វីៗដែរខ្ញុំខំសាងកន្លងមក ហើយវាថាខ្ញុំយកប្តីគេ ហើយញុះញុងសង្សារខ្ញុំឱ្យជឿវាគ្រប់យ៉ាង ថាខ្ញុំនឹងស្រលាញ់តែលុយគេ ធ្វើស្នេហ៍ ហាងរាល់ថ្ងៃបានមកពីដើរសុំគេ បរិហាកេរ្តិ៍ខ្ញុំ ជេរដៀលខ្ញុំសព្វគ្រប់បែបយ៉ាង អារម្មណ៍ធ្លាក់ចុះមួយពេល ដែលបាត់បង់គ្រប់យ៉ាង វាធ្វើឱ្យខ្ញុំសម្លាប់ខ្លួន តែបន្ទាប់ពីលេបថ្នាំហើយខ្ញុំគ្រាន់តែសន្លប់អត់ងាប់ទេ ហើយបងប្អូនខ្ញុំមកពេញនឹង ចឹងខ្ញុំឃើញបងប្អូនខ្ញុំហើយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគិតខុស ខ្ញុំមិនគួរគិតខ្លីទេ ខ្ងុំត្រូវរស់ ត្រូវរឹងមាំ ហើយក៏លែងចង់ ងាប់ទៀត ខ្ញុំមិនបានឈឺចាប់រឿងស្នេហាដល់ថ្នាក់ចង់ងាប់ទេ សូមបងប្អូនយល់ផងចុះ…”។
បន្ទាប់មកនៅរសៀលថ្ងៃដដែល ម្ចាស់គណនីខាងលើ បានបន្តទៀតថា “ដើរ Aeon គេមើលមុខពេញនឹង ចប់ហើយជីវិតនេះ គេបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំគ្មានសល់…”។
ទាក់ទងទៅនឹងករណីវិវាទរវាងថៅកែស្រីវ័យក្មេងរូបស្រស់ និងកូនស្រីរបស់អតីតសង្សារ ខាងលើនេះ “នគរធំ” មិនអាចសុំការបញ្ជាក់បន្ថែមពីសាមីខ្លួនភាគីទំនាស់ខាងលើបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕