Loading...

ស្រមោចខំស្រែកយំ នាងឈឺចាប់យ៉ាងណាទៅ សំណាងហើយអ្នកកាប់អុសប្រទះឃើញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:52 pm

ខេត្តសៀមរាប ៖ ទារិកាអភ័ព្វម្នាក់ ទើបនឹងកើតបានប្រមាណ២ថ្ងៃ ក៏ត្រូវស្ត្រីជាម្តាយចិត្តអប្រិយ យកទៅបំបរបង់ចោលនៅក្នុងព្រៃ និងត្រូវសត្វស្រមោចអង្ក្រង ទិចខាំរបួសសុសពេញខ្លួនគួរឱ្យសង្វេគ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាំយកមកសង្គ្រោះបានទាន់ពេលវេលា។

ករណីប្រទះឃើញក្មេងស្រីទើបនឹងកើត ត្រូវម្តាយយកទៅបំបរបង់ចោលក្នុងព្រៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃមួយកន្លែង ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

ក្មេងស្រីអភ័ព្វដែលត្រូវម្តាយយកទៅបោះបង់ចោលកណ្តាលព្រៃនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ ទើបនឹងសម្រាលបានប្រមាណ២ថ្ងៃប៉ុណ្ណោះ។ ចំណែកឪពុកម្តាយទារិកានេះ ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី២នាក់បានដើរទៅរកកាប់អុសនៅក្បែរកន្លែងកើតហេតុ ស្រាប់តែទៅដល់ ក៏បានឮសំឡេងក្មេងយំចេញពីក្នុងព្រៃ ធ្វើឱ្យពួកគាត់មានការនឹកឆ្ងល់ ក៏នាំគ្នាដើររកមើលតាមសំឡេង ស្រាប់តែប្រទះឃើញទារិកាខាងលើកំពុងស្រែកទ្រហោយំដោយក្តីស្រេកឃ្លានផង ណាមួយត្រូវសត្វស្រមោច អង្ក្រង រោមទិចសុសពេញខ្លួន មើលទៅគួរឱ្យសង្វេគបំផុត។ ភ្លាមនោះ ស្ត្រីទាំង២នាក់ខាងលើ ក៏ប្រញាប់រើសយកទារិកាអភ័ព្វរូបនោះ ចេញពីក្នុងព្រៃ បេះសត្វស្រមោច អង្ក្រងចេញអស់ពីលើខ្លួន រួចក៏ប្រញាប់នាំទារិកានោះត្រឡប់ចូលភូមិ និងបានរាយការណ៍ប្រាប់អាជ្ញាធរសង្កាត់គោកចក ចុះមកទទួលយកទារិកាខាងលើ បញ្ជូនទៅកាន់មន្ទីរពេទ្យកុមាអង្គរខេត្តសៀមរាប ភ្លាមៗ។

តាមសម្តីប្រជាពលរដ្ឋដែលចោមរោមមើលទារិកាអភ័ព្វ ត្រូវម្តាយយកទៅបំបរបង់ចោលខាងលើ បានលើកឡើងថា ទារិកានេះមានមុខមាត់គួរឱ្យស្រលាញ់ណាស់ មិនគួរណាមកចាប់កំណើតចំម្តាយចិត្តកំណាចបែបនេះសោះ បង្កើតកូនមកហើយ បែរជាយកទៅបោះបង់ចោលក្នុងព្រៃទៅវិញ ហើយនេះចាត់ទុកសំណាងធំណាស់ ដែលមានគេប្រទះឃើញទាន់ពេល ពុំនោះទេ ទារិកាអភ័ព្វនេះ ច្បាស់ជាស្លាប់ដោយសារសត្វស្រមោច និងអង្ក្រងទិចខាំមិនខាន។

បច្ចុប្បន្នសុខភាពទារិកាខាងលើ មានសភាពល្អប្រក្រតីឡើងវិញហើយ និងកំពុងស្ថិតក្រោមការមើលថែ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕