Loading...

៣ដងបានសម្រេច កំពុងប្រតិបត្តិការលើកទី៤ ប្រពន្ធតាមទាន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:52 pm

ឪបង្កើតរំលោភកូនស្រី៣ដង លើកទី៤ ប្រពន្ធតាមទាន់

ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន រហូតដល់បានសម្រេចជាបន្តបន្ទាប់ចំនួន ៣ដងរួចមកហើយ លុះលើកទី៤ កំពុងហៅកូនស្រីចូលបន្ទប់ស្រាតខោរៀបចំរំលោភ ក៏ត្រូវស្ត្រីជាប្រពន្ធតាមទាន់ស្រែកឆោឡោ ធ្វើឱ្យប្តីហេងស៊យភ័យស្លន់ស្លោលើកខោរត់គេចខ្លួនបាត់ស្រមោល។

ករណីឪបង្កើតចាប់រំលោភកូនស្រី ត្រូវប្រពន្ធតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះបងប្រុសបង្កើតរបស់ជនសង្ស័យ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើត មានឈ្មោះនូរ ត្រា ហៅនូ សុផាត អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលធ្វើចម្ការ មានប្រពន្ធឈ្មោះធឿន សុរ៉ា អាយុ៣១ឆ្នាំ មុខរបរស៊ីឈ្នួលធ្វើចម្ការ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះផ.រ អាយុ១១ឆ្នាំ ដើរស៊ីឈ្នួលធ្វើចម្ការជាមួយឪពុកម្តាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបាននាំប្រពន្ធ និងកូនស្រី (ក្មេងស្រីរងគ្រោះ) មកស្នាក់នៅផ្ទះបងប្រុសបង្កើតរបស់ខ្លួន ឈ្មោះនូ សុភាព អាយុ៤៨ឆ្នាំ នៅចំណុចភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ដើម្បីស៊ីឈ្នួលធ្វើចម្ការឱ្យគេ។ លុះមកដល់យប់កើតហេតុ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យក៏បានហៅកូនស្រីបង្កើតរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) ចូលទៅក្នុងបន្ទប់លើផ្ទះ រួចហើយបានធ្វើសកម្មភាពស្រាតខោអាវខ្លួនឯងចេញអស់ បន្ទាប់មក ក៏បង្ខំឱ្យកូនស្រីស្រាតខោចេញ ដើម្បីធ្វើសកម្មភាពរំលោភ លុះរៀបចំប្រតិបត្តិការរំលោភកូនស្រី ស្រាប់តែត្រូវស្ត្រីជាប្រពន្ធចូលមកទាន់ ក៏ទាញដៃកូនស្រីនាំចេញក្រៅ រួចស្រែកឆោឡោប្រាប់គេឯងក្បែរនោះ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏លើកខោរត់គេចខ្លួនបាត់តែម្តង។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធជនសង្ស័យបាននាំកូនស្រីមកប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ប្តីល្មោភកាមរូបនោះ យកមកផ្តន្ទាទោសតាមច្បាប់។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ឪពុកបង្កើតរបស់នាង (ជនសង្ស័យ) មិនមែនទើបតែចាប់រំលោភនាងលើកទី១ទេ តែកន្លងមកធ្លាប់ចាប់រំលោភនាងបានសម្រេចចំនួន៣ដងរួចមកហើយ គ្រាន់តែនាងមិនបានចាំថ្ងៃខែ និងពេលវេលាច្បាស់លាស់ប៉ុណ្ណោះ។ ក្នុងនោះលើកទី១ និងលើកទី២ នៅចំណុចភូមិស្រែស្ពៃ ឃុំទួលុសុភី ស្រុកអូរាំងឪ ដោយឪពុកបានចាប់រំលោភនាងនៅក្នុងព្រៃខាងក្រោយផ្ទះអ៊ំស្រី រហូតដល់បានសម្រេចចំនួន២លើក។ ចំណែកលើកទី៣  ឪពុកបានចាប់រំលោភនាង នៅចំណុចភូមិម៉ារីយូ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ដោយចាប់រំលោភនាងនៅក្នុងចំការដំឡូង។ រាល់ពេលចាប់រំលោភនាងរួចម្តងៗ ឪពុកតែងគំរាមមិនឱ្យនាងនិយាយរឿងនេះ ប្រាប់អ្នកណាដាច់ខាត ពិសេសម្តាយរបស់នាង ចំណែកនាងដោយចេះតែខ្លាចពាក្យគំរាមឪពុក ទើបចេះតែទ្រាំបៀមទុក្ខតែម្នាក់ឯងរហូតមក។

ក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់លើកទី៤ នៅមុនពេលកើតហេតុ ឪពុកបានហៅនាងឱ្យចូលទៅក្នុងបន្ទប់ រួចហើយគាត់ក៏បានស្រាតខោអាវខ្លួនឯងចេញអស់ ហើយក៏សម្លុតឱ្យនាងស្រាតខោចេញ ដើម្បីឱ្យគាត់រំលោភ លុះនាងកំពុងស្រាតខោ ក៏ត្រូវម្តាយចូលមកទាន់ចាប់អូសដៃចេញទាន់ និងស្រែកឆោឡោ ធ្វើឱ្យឪពុកភ័យក៏រត់គេចខ្លួនបាត់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕