facebook
facebook
Loading...

ស្រីស្នេហ៍អន្ទិត ស្រិល វណ្ណា ដាក់ពាក្យបណ្តឹងចោទចាប់រំលោភ និងទារប្រាក់៥មុឺនដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 48 | 0 | ម៉ោង 21:05 pm

បន្ទាយមានជ័យ៖ រឿងអាស្រូវស្នេហារវាងអន្ទិត ស្រិល វណ្ណា និងនាងកាយ លីតា នៅតែបន្ត ដោយល្ងាចនេះ នាងលីតា បានទៅដាក់ពាក្យប្តឹងចោទប្រកាន់ពីបទចាប់រំលោភ និងទារប្រាក់៥មុឺនដុល្លារ បន្ទាប់ពីអន្ទិតស្រិល  វណ្ណា ត្រូវបានចាប់ផ្សឹក ហើយសមត្ថកិច្ចបានដោះលែងវិញ កាលពីល្ងាចម្សិលមិញនេះ។

នៅក្នុងពាក្យបណ្តឹងរបស់នាងកាយ លីតា មានអត្ថន័យថា “នាងខ្ញុំ ឈ្មោះកាយ លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០២យប់ ឈ្មោះ ស្រិល វណ្ណា ភេទប្រុស  អាយុ៣៩ឆ្នាំ ជាចៅអធិការវត្តភ្នំបាក់លើ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកសុំសឹង (សុំដេក) នៅផ្ទះរបស់ខ្លួនចំនួន០២យប់។ លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២១និង០០នាទីយប់ ខ្លួនបានយកភេសជ្ជៈទៅប្រគេនលោក (លោកសង្ឃ ស្រិល វណ្ណា) ហើយត្រូវបានព្រះសង្ឃអង្គនេះ បានចាប់បង្ខំរួមភេទជាមួយខ្លួន រហូតបានសម្រេច ដោយសន្យាថា ខែវិច្ឆិកា ឆ្នាំ២០១៨ និងលាចាកសិក្ខាបទចូលស្តីដណ្តឹងយកធ្វើជាប្រពន្ធ លុះពេលបានខ្លួនប្រាណហើយ ឈ្មោះ ស្រិល វណ្ណា បានបិទទូរស័ព្ទមិនព្រមចូលមកដោះស្រាយជាមួយខ្លួន ទើបខ្លួនបង្ហោះឃ្លីបវីដេអូដែលលោកសង្ឃ ស្រិល វណ្ណា បានប្រឡែងជាមួយខ្លួន និងឆាន់ពោតស្ងោនោះឲ្យសាធារណជន និងលោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំងសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូន និងទាមទាសំណងជំងឺចិត្តចំនួន៥០០០០ដុល្លារ (ប្រាំមុឺនដុល្លារ)។

 

ចំពោះពាក្យបណ្តឹងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា “ករណីនេះ ខាងសមត្ថកិច្ចជំនាញកំពុងស្នើសុំទៅអយ្យការសាលាដំបូងខេត្ត ដើម្បីបើកការសើបអង្កេតបឋម”។

ដោយឡែក រសៀលថ្ងៃនេះផងដែរ អន្ទិតស្រិលវណ្ណា បានផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា “អន្ទិតមិនដែលបានចាប់រំលោភនាងកាយ លីតា នោះទេ ទាំងនៅផ្ទះនាង និងនៅក្នុងកុដិ ប៉ុន្តែអន្ទិតស្រិល វណ្ណា បានទទួលស្គាល់ថា អន្ទិតពិតជាបានធ្លាប់ថើប ចាប់ដៃ និងឆាន់ពោតស្ងោរ ពិតប្រាកដមែន”។

គួររំលឹកថា អតីតចៅអធិការវត្ត ស្រិល វណ្ណា ដែលទទួលរងការចោទប្រកាន់ពីនារីវ័យក្មេងរូបស្រស់ឈ្មោះកែ លីតា ថាបានចាប់រំលោភ នាងរួចព្យាយាមរត់គេចចេញពីវត្ត ក្នុងបំណងមិនទទួលខុសត្រូវនោះ ត្រូវបានមន្ត្រីសង្ឃសម្រេចចាប់ផ្សឹក កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីភាគីទាំងសងខាង (ចៅអធិការ និងស្រីស្នេហ៍) ត្រូវបាននាំមកឆ្លើយឆ្លងតទល់មុខគ្នា រួចមក៕

facebook