Loading...

ក្មេងទី១១ ត្រូវបានសង្គ្រោះចេញពីរូងភ្នំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:38 pm

យោងតាមទាហានជើងទឹកថៃម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីនៅល្ងាចថ្ងៃអង្គារ៍ ទី១០ ខែកក្កដា ឆ្ន្នាំ២០១៨ ថា ក្រុមសង្គ្រោះនៅក្នុងប្រទេសថៃ បាននាំយកក្មេងប្រុសទី១១ ក្នង្នុចំណោមទាំង១៣នាក់ ចេញពីរូងភ្នំថាំហ្លួង។ ក្រុមសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ទម្រាំយកបានក្មេងទាំងបីនាក់បន្ថែមទៀតចេញមកក្រៅ។

មន្ត្រីទាហានជើងទឹកថៃរូបនេះ បានឱ្យដឹងថា ក្មេងប្រុសទាំង៣ ដែលទើបយកចេញពីរូងនេះ កំពុងត្រូវបានព្យាបាលនៅក្បែរជើងភ្នំ ដោយមិនទាន់នាំយកទៅកាន់មន្ទីរពេទ្យនៅឡើយទេ។ ក្មេងប្រុសទី៩ នេះ ត្រូវបានយកចេញពីរូងភ្នំ កាលពីវេលាម៉ោង៤ ខណៈក្មេងប្រុសទី១០ ត្រូវបានយកចេញក្នុងរយៈពេល២០នាទី  ក្រោយមក បន្ទាប់មកក្មេងប្រុសទី១១ ក៏បានត្រូវយកចេញជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ នៅសល់តែក្មេងប្រុស១នាក់ និងគ្រូបង្វឹក ១នាក់ ដែលអាចនឹងចេញមកនៅយប់នេះ ឬក៏ថ្ងៃស្អែក។

បើតាមប្រភពពីគ្រូពេទ្យប្រចាំតំបន់ បានឱ្យដឹងថា ការសង្គ្រោះនឹងធ្វើដូចគ្នា គឺត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់ឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់មន្ទីរពេទ្យខេត្តឆៀងរ៉ៃ។

យោងតាមលោកណារ៉ុង សាក់ អភិបាលខេត្តឆៀងរ៉ៃ និងជាប្រធានក្រុមសង្គ្រោះ បានឱ្យដឹងថា ប្រតិបត្តិការនាំយកក្មេង និងគ្រូបង្វឹក ទាំង១៣នាក់នោះ គ្រោងនឹងធ្វើឱ្យរួចរាល់ត្រឹមថ្ងៃអង្គារ៍នេះ។

គួររំលឹកថា ក្រុមកីឡាករនឹងគ្រូបង្វឹក សរុប១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង តាំងពីថ្ងៃទី២៣ ខែមិថុន៉ា ត្រូវបានរកឃើញនៅរស់រានមានជីវិត បន្ទាប់ពី៩ថ្ងៃក្រោយមក ដោយជនជាតិអង់គ្លេស។ ទោះជាយ៉ាងណាក្តី  បន្ទាប់ពីបេសកកម្ម៣ថ្ងៃ ត្រូវបានជួយសង្គ្រោះពួកគេចេញអស់ពីរូងភ្នំទៅហើយ៕