Loading...

គ្រួសារតាមរកមិនឃើញ ៦ថ្ងៃ ក្លាយជាសាកសព

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:16 am

ខេត្តកំពង់ធំ ៖ បុរសម្នាក់ផឹកស្រារហូតដល់ក្តៅខួរ ក្លាយជាជំងឺសរសៃប្រសាទ និងត្រូវក្រុមគ្រួសារនាំទៅព្យាបាលផ្ទះគ្រូខ្មែរ លុះភ្លេចខ្លួនតែបន្តិច បុរសរូបនោះក៏រត់ចេញពីផ្ទះគ្រូខ្មែរបាត់អស់រយៈពេល៦ថ្ងៃ ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្បែរគុម្ពឬស្សី ក្នុងសភាពហើមស្អុយ ដង្កូវចោះផ្ទៃមុខ លលាដ៍ក្បាល និងប្រដាប់ភេទ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគុម្ពឬស្សីចម្ការស្វាយចន្ទី ក្រោយផ្ទះឈ្មោះសៀប រី ភេទស្រី ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះយឹម ដារ៉ា ហៅវិន អាយុ៤៨ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកពង់ធំ និងមានលំនៅក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរឆ្លងកាត់កន្លែងកើតហេតុខាងលើ រួចក៏ប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ហើមស្អុយ និងមានដង្កូវចោះពេញខ្លួន នៅក្បែរគុម្ពឬស្សី ទើបកើតមានការភ្ញាក់ផ្អើល រត់មកប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

តាមសម្តីស្ត្រីឈ្មោះយឹម ថាវីន ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះដើមឡើយ គឺជាមន្ត្រីនគរបាលមួយរូប តែក្រោយមក ដោយសារតែផឹកស្រាច្រើនពេក ទើបធ្វើឱ្យប៉ះពាល់ដល់ការងារ លែងអាចទៅបំពេញការងារទៀតបាន និងថែមទាំងកើតមានជម្ងឺប៉ះពាល់ដល់សរសៃប្រសាទទៀតផង ធ្វើឱ្យដើរហើរនិយាយស្តីលែងសូវដឹងអ្វីដូចមុន។

បងស្រីបុរសរងគ្រោះ បានបន្តថា លុះមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ គាត់បាននាំប្អូនប្រុសរូបនេះចេញពីពេទ្យខេត្តកំពង់ធំ ទៅព្យាបាលនៅផ្ទះគ្រូខ្មែរ ឈ្មោះពៅ ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ។ គ្រាន់តែទៅដល់ផ្ទះគ្រូខ្មែរ មិនទាន់បាន១ថ្ងៃស្រួលបួលផង នៅវេលាល្ងាចថ្ងៃដដែលនោះ ប្អូនប្រុសក៏បានរត់ចេញពីផ្ទះគ្រូខ្មែរបាត់ ខណៈដែលគ្រប់គ្នាភ្លេចខ្លួនតែមួយភ្លែតប៉ុណ្ណោះ។ ភ្លាមនោះ ក្រុមគ្រួសារគាត់បាននាំគ្នាដើរតាមស្វែងរកដែរ តែមិនឃើញសោះ។ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺក្រោយពីបាត់ខ្លួនអស់រយៈពេល៦ថ្ងៃ ក៏ស្រាប់តែមានគេប្រទះឃើញប្អូនប្រុសរបស់គាត់ បានដេកស្លាប់ក្បែរគុម្ពឬស្សី ទាំងសាកសពមានសភាពហើមស្អុយរលួយ ដង្កូវចោះទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពជនរងគ្រោះមានសភាពហើមស្អុយ និងមានដង្កូវចោះត្រង់ផ្ទៃមុខ លលាដ៍ក្បាល និងប្រដាប់ភេទ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយសារតែហេវហត់ គ្មានបាយទឹកហូប ទើបបណ្តាលឱ្យកើតអាការៈខ្យល់គរស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕