Loading...

បរិយាយថ្ងៃនេះ ៖ ចេះវិន័យ មិនខ្លាចអាបត្តិ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 16:56 pm

ពាក្យស្លោកបុរាណ ១ឃ្លាថា “ចេះច្បាប់ មិនខ្លាចក្តី ចេះវិន័យ មិនខ្លាចអាបត្តិ” ចង់បង្ហាញថា បើអ្នកមានជំនាញខាងអ្វី មិនខ្លាចនឹងធ្វើសកម្មភាពតាមមុខជំនាញនោះទេ ដូចជាអ្នកជំនាញធ្វើស្ករត្នោត មិនខ្លាចឡើងដើមត្នោត អ្នកជំនាញខាងអគ្គិសនី មិនខ្លាចខ្សែភ្លើងឆក់ ជាដើម។ ដោយឡែក ព្រះសង្ឃបួសចាស់វស្សា ធ្លាប់រៀនធម្មវិន័យចេះស្ទាត់ មិនខ្លាចត្រូវអាបត្តិនោះទេ ឯអ្នកចេះច្បាប់ស្ទាត់ជំនាញ ក៏មិនខ្លាចក្តីក្តាំ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យស្លោកខាងលើនេះ យើងសូមជ្រើសយកតែត្រង់ចំណុច “ចេះវិន័យ មិនខ្លាចអាបត្តិ” មកបកស្រាយលម្អិតតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញព្រះសង្ឃខ្លះចូលប្រឡូកក្នុងនយោបាយ។ កាលពីពេលថ្មីៗនេះ ព្រះតេជគុណ ហង្ស ដារ៉ា “ប្រធានស្ថាបនិក គណបក្សសញ្ជាតិកម្ពុជា” បានបង្ហាញព្រះភ័ក្ត្រក្នុងហ្វេសប៊ុក ដាក់ទំនាយវិទ្យុអាស៊ីសេរី និងអាមេរិក ឱ្យ “រន្ទះបាញ់” បណ្តល្កាឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទ។ ថេរដីកាធ្ងន់ៗរបស់ព្រះអង្គ មិនចាញ់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលកំពុងភៀសព្រះកាយទៅក្រៅប្រទេសនោះទេ គ្រាន់តែសន្និដ្ឋានបានថា មួយអង្គ “ស្អប់អាមេរិក” ឯមួយអង្គទៀត “ស្រលាញ់អាមេរិក”។

សកម្មភាពព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលឈរខាងពួកប្រឆាំងនោះ ត្រូវបានអ្នកគាំទ្រ CPP ជេរប្រទេចស្ទើរដាច់សាច់ ជាពិសេស ជេរថា “អាត្រងោល បួសកុំឱ្យតែចៃខាំក្បាល” ឥឡូវព្រះតេជគុណ ហង្ស ដារ៉ា ក៏ត្រូវពួកប្រឆាំងជេរ “អាត្រងោល” ដូចគ្នា ធ្វើឱ្យប្រជាពុទ្ធបរិស័ទទទួលអារម្មណ៍មិនល្អ ព្រោះមិនចង់ឱ្យព្រះសង្ឃចូលប្រឡូកក្នុងនយោបាយ ហើយក៏មិនចង់ឱ្យគ្រហស្ថជេរព្រះសង្ឃ ដែលទ្រទ្រង់នូវ “សំពត់កាសាវពស្ត្រ” ឬ “ត្រៃចីវរ” សាវ័កព្រះសម្មាសម្ពុទ្ធ បរមគ្រូ។

ដូច្នេះសួរថា “តើព្រះសង្ឃចូលពាក់ព័ន្ធនយោបាយ ខុសវិន័យឬទេ?” យើងសូមឆ្លើយថា “មិនខុសអ្វីទេ” ព្រោះវិន័យសិក្ខាបទ១០ ដែលព្រះសង្ឃត្រូវកាន់បែកជាសាខារហូតដល់ ២២៧ សិក្ខាបទនោះ គ្មានចំណុចណានិយាយពីនយោបាយនោះទេ។ សិក្ខាបទ ១០ រួមមាន ១-វៀរចាកសម្លាប់សត្វ ២-វៀរចាកលួចទ្រព្យគេ ៣-វៀរចាកនូវការសេពមេថុនធម្ម ៤-វៀរចាកពោលពាក្យកុហក ៥-វៀរចាកផឹកនូវទឹកស្រវឹង ៦-វៀរចាកឆាន់ចង្ហាន់ពេលល្ងាច លើកលែងតែភេសជ្ជៈ ៧- វៀរចាកការរាំច្រៀង មើលល្បែងរបាំ ៨-វៀរចាកស្អាងកាយដោយកម្រងផ្កា លាបទឹកអប់ ជាដើម ៩-វៀរចាកសិងលើ គ្រែខ្ពស់ហួសប្រមាណ ១០-វៀរចាកទទួលកាន់យកនូវមាស និងប្រាក់ (សព្វថ្ងៃអនុញ្ញាតឱ្យកាន់លុយ ដោយរាប់បញ្ចូលក្នុងបច្ច័យ៤)។ បើព្រះសង្ឃប្រព្រឹត្តកន្លងសិក្ខាបទទាំង១០នេះ នឹងត្រូវអាបត្តិ ឬកំហុសតាមជាន់ថ្នាក់ តាមពុទ្ធប្បញ្ញត្តិ។

ដោយឡែក អាបត្តិ មាន ៧កងធំៗ គឺ ១-បារាជិក ២-សង្ឃាទិសេស ៣-ថុល្លច្ច័យ ៤-បាចិត្តិយៈ ៥-បាដិទេសនីយ ៦- ទុក្កដ ៧-ទុព្ភាសិត។ អាបត្តិទាំង ៧កងនេះ ធ្ងន់បំផុត “បារាជិក” បើព្រះសង្ឃប៉ះទង្គិច ត្រូវចាប់ផ្សឹកដោយគណៈសង្ឃ ពុំមែនគ្រហស្ថ អាចផ្សឹកព្រះសង្ឃបាននោះទេ។ រីឯកំហុសដល់បារាជិក មាន៤ គឺ ១-សេពមេថុនធម្ម ២-លួចទ្រព្យគេ ៣-សម្លាប់សត្វ ៤-ពោលអួតអាងថា ខ្លួនខ្លាំងពូកែគ្មានគូប្រដូច។

ទោះយ៉ាងណា ព្រះសង្ឃពាក់ព័ន្ធនយោបាយ មិនត្រូវអាបត្តិទេ ប៉ុន្តែបើធ្វើនយោបាយ ពោលពាក្យអសុរោះ ញុះញង់ ចាក់ដោត បំបែកសាមគ្គី ជេរប្រទេចគេ នឹងត្រូវអាបត្តិ “សង្ឃាទិសេស” ឬ “បាចិត្តិយៈ” តាមជាន់ថ្នាក់។ ពាក្យអសុរោះ សំដៅដល់ “វចីកម្ម ៤យ៉ាង” គឺ ១-មុសាវាទោ (កិរិយាពោលនូវពាក្យកុហក) ២-បិសុណាវាចា (កិរិយាពោលនូវពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ) ៣-ផារុសវាចា (កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃ ជាដើម) ៤-សម្ផប្បលាបោ (កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍)។ យោងតាមគម្ពីរព្រះត្រៃបិដក បញ្ជាក់ថា មានតែ “ព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ” ទើបមិនត្រូវអាបត្តិ ប៉ុន្តែព្រះសង្ឃសាវ័ក ទោះជាអរហន្ត បើធ្វើខុស នឹងត្រូវអាបត្តិ ប៉ុន្តែព្រះអារហន្ត ត្រូវអាបត្តិតិចតួចណាស់ និងជាអាបត្តិស្រាល មិនដល់ថ្នាក់ “បារាជិក” នោះទេ។

ដូច្នេះយើងឃើញថា ធម៌វិន័យព្រះពុទ្ធសាសនា គ្មានចំណុចណាមួយហាមឃាត់ព្រះសង្ឃមិនឱ្យធ្វើនយោបាយនោះទេ ប៉ុន្តែលៃយ៉ាងណា កុំឱ្យប៉ះ “ផារុសវាចា” នឹងត្រូវអាបត្តិចៀសមិនរួច។ ករណីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងព្រះតេជគុណ ហង្ស ដារ៉ា ដែលពាក់ព័ន្ធនយោបាយនោះ ក៏មិនខុសពីសម្តេចសង្ឃ ដាឡៃ ឡាម៉ា (ទីបេត៍) ដែលធ្វើសកម្មភាពប្រឆាំងប្រទេសចិន ហើយក៏មិនខុសពីព្រះអាចារ្យហែម ចៀវ ដែលការពារអក្សរសាស្ត្រខ្មែរ ប្រឆាំងបារាំង នោះឡើយ។ ព្រះតេជគុណទាំង២នេះ ចាត់ទុកជា “ទាយាទអាចារ្យហែម ចៀវ” ក៏ថាបាន ហេតុនេះគួរតែអ្នកលេងហ្វេសប៊ុក ឈប់ជេរព្រះអង្គទៀតទៅ ព្រោះព្រះអង្គមានទាន់លាចាកសិក្ខាបទឯណា កំពុងតែទ្រទ្រង់ “សំពត់កាសាវពស្ត្រ” សំដៅដល់ត្រៃចីវរនេះឯង។

សូម្បីតែ “ភិក្ខុទេវទត្ត ជេរប្រទេចព្រះពុទ្ធ បរមគ្រូ” ក៏គ្មានពុទ្ធបរិស័ទជាគ្រហស្ថ ជេរតតាំងវិញនោះដែរ ដោយទុកឱ្យទេវទត្ត រងផលកម្ម ត្រូវព្រះធរណីស្រូបធ្លាក់ទៅកើតនៅ “នរកអវិចី” អស់១កប្ប ទើបរួចទុក្ខទោស។ យ៉ាងណាមិញ ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ គួរកុំជេរព្រះសង្ឃថា “អាត្រងោល” នាំឱ្យមានបាបកម្ម ព្រោះព្រះអង្គមិនទាន់សឹក ឯរឿងដែលព្រះអង្គចូលប្រឡូកនយោបាយ រហូតផ្ទុះកំហឹងជេរមហាអំណាចនោះ ជារឿង “ចេះវិន័យ មិនខ្លាចអាបត្តិ” នេះឯង។

គួរកុំភ្លេចថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ រៀនដល់ថ្នាក់អនុបណ្ឌិតិ ចេះវិន័យសិក្ខាបទស្ទាត់ណាស់ ចំណែកព្រះតេជគុណ ហង្ស ដារ៉ា ក៏បានបួសរៀនច្រើនវស្សា ចេះស្ទាត់ផ្នែកពុទ្ធចក្រ អាណាចក្រ ក៏ដូចជាវិន័យសិក្ខាបទ មិនធម្មតាទេ ប៉ុន្តែដូចយើងលើកឡើងរួចមកហើយថា “អ្នកផលិតស្ករត្នោត មិនខ្លាចឡើងដើមត្នោត” ចំណែក “បុគ្គលិកអគ្គិសនី មិនខ្លាចខ្សែភ្លើងឆក់”។ យ៉ាងណាមិញ ករណីព្រះតេជគុណ ប៊ុត ប៊ុនតិញ ដៀមដាម ថ្កោលទោសមន្ត្រី CPP រឿងកាប់ព្រៃឈើ ក៏ដូចជា ព្រះតេជគុណ ហង្ស ដារ៉ា ជេរអាមេរិក ជេរវិទ្យុអាស៊ីសេរី នោះ មកពីពាក់ព័ន្ធនយោបាយ។ បើមូលហេតុមកពីនយោបាយ “អត់ខុស” ប៉ុន្តែទាស់ត្រង់ “ផារុសវាចា” នេះឯង លុះត្រាតែព្រះអង្គសុំខមាទោសពី “ជំនុំសង្ឃ” ទើបរួចពីអាបត្តិ។ នៅក្នុងរឿង “កាឡនាគរាជ” បានតំណាលពីព្រះសង្ឃ ១អង្គ ទៅបេះបោចស្លឹកឈើលេង និងពោលពាក្យរោយរាយអត់ប្រយោជន៍ មិនបានសុំខមាទោសពីជំនុំសង្ឃ លុះព្រះអង្គសុគតទៅ កើតជាសត្វនាគ មានទំហំខ្លួនប៉ុនទូកត្នោត រស់នៅក្នុងបាតស្រះដ៏ធំមួយ នាព្រៃហិមពាន្ត។ បានន័យថា ព្រះសង្ឃនោះមានអាបត្តិ ក៏ភ្លាត់គតិ ទៅកើតជា “តិរច្ឆាន” ប៉ុន្តែសត្វនាគ ជា “តិរច្ឆានជាន់ខ្ពស់” ដោយសារអានិសង្សដែលព្រះអង្គបានសាងផ្នួសជាច្រើនវស្សា ដែលជាបរិបទសម្រាប់ព្រះសង្ឃត្រូវអាបត្តិ តែមិនបានសុំខមាទោស ពិចារណា។

សរុបទៅ “ចេះវិន័យ មិនខ្លាចអាបត្តិ” ចង់បង្ហាញថា រឿងនយោបាយ ធ្វើឱ្យព្រះសង្ឃខ្លះគង់មិនស្រណុក ក៏និមន្តចូលរួមជាមួយអ្នកនយោបាយ តាមនិន្នាការដែលព្រះអង្គចូលចិត្ត។ ព្រះអង្គពិតជាចេះវិន័យច្បាស់លាស់ណាស់ តែព្រះអង្គ “ហ៊ានលះបង់” ឬ “ធ្វើពលិកម្ម” ដើម្បីបុព្វហេតុនយោបាយ ដែលព្រះអង្គស្រលាញ់។ អាចនិយាយបានថា ព្រះអង្គសុខចិត្តត្រូវអាបត្តិ ឱ្យតែបានសម្រេចវត្ថុបំណងប៉ងប្រាថ្នា។ ហេតុនេះ គួរតែយុវវ័យមួយចំនួន ដែលជេរព្រះសង្ឃថា “អាត្រងោល” នោះ គួរបញ្ឈប់ទៅ ព្រោះអ្វីដែលព្រះសង្ឃហ៊ានធ្វើ គឺព្រះអង្គហ៊ានទទួលខុសត្រូវហើយ៕