Loading...

បរិយាយថ្ងៃនេះ ៖ ប្រពៃណីឡើងស័ក្តិតាមខ្សែ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 16:50 pm

បន្ទាប់ពីឃើញហ្វេសប៊ុកបង្ហោះរូបថតយុវជនម្នាក់ អាយុ២១ឆ្នាំ បានពាក់ស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក៏មានអ្នករិះគន់ពីបញ្ហា “គ្រួសារនិយម” ដោយពាក្យពេចន៍មិនគប្បីនោះ គឺមកពីភាគីទាំងសងខាងមិនបានដឹងច្បាស់ពី “ប្រពៃណីឡើងស័ក្តិតាមខ្សែ” ដែលមានតាំងពីសម័យព្រេងនាយ។ អ្នកដំឡើងស័ក្តិឱ្យគេ ក៏ដូចជាអ្នកឡើងស័ក្តិ បើ “ឡើងផ្លោះថ្នាក់” នាំឱ្យមានការច្រណែនឈ្នានីស រីឯអ្នករិះគន់ កាលបើមិនបានដឹងពី “ប្រពៃណីឡើងស័ក្តិ” ក៏មិនល្អដែរ ដែល “នគរធំ” មើលឃើញចន្លោះប្រហោងខ្លះ ក៏លើករឿង “ឡើងស័ក្តិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ឋានន្តរស័ក្តិយោធា ធ្លាប់បង្កើតឡើងតាំងពីបរមបុរាណមកម៉្លេះ ដែលពីសម័យអង្គរ លង្វែក ឧដុង្គ រហូតដល់សម័យអាណានិគមបារាំង សូម្បីមន្ត្រីធ្វើការក្នុងព្រះបរមរាជវាំង ឬមន្ត្រីរដ្ឋបាល ក៏មានស័ក្តិពាក់ដែរ ដែលយើងសូមបែងចែកតាមសម័យកាលដូចខាងក្រោម មុននឹងនិយាយពីរឿង “ឡើងស័ក្តិតាមខ្សែ”។

១-សម័យអង្គរ ៖ នៅសម័យនោះ អរិយធម’ខ្មែរឡើងខ្ពស់កប់ពពក ជាពិសេស​ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧។ រីឯឋានន្តរស័ក្តិសំខាន់ៗ មានចារទុកក្នុងសិលាចារឹក គឺ “វ្រះកម្រតេងអញ” (នាយករដ្ឋមន្ត្រី), “ម្រតេងគុរុង” (ចៅហ្វាយខេត្ត-ក្រុង), “ម្រតេងខ្លោញសភាបតី” (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) “ម្រតេងខ្លោញសិក្សា” (រដ្ឋមន្ត្រីក្រសួងអប់រំ), “ខ្លោញវល” មេពល ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ)៘ ឋានន្តរស័ក្តសម័យអង្គរ សម្គាល់ដោយការកាន់ផ្លិតពណ៌ ជាពិសេស “វ្រៈកម្រតេងអញ” ចេញទៅណាម្តងៗ ត្រូវជិះគ្រែស្នែង បាំងដោយក្លស់ដងមាស៤ ដោយមានសេនា អង្គរក្សហែហមគគ្រឹកគគ្រេង។ ឋានៈទាបជាងនេះ មាន “លោញ” (ជាកូនម្រតេង), “វាប” (មន្ត្រីជាន់ទាប ឬមេអង្គរក្ស)។

២-សម័យលង្វែក-ឧដុង្គ ៖ អរិយធម៌ខ្មែរ ធ្លាក់ចុះបន្តិច ក្រោយការផ្លាស់រាជធានី ដែលឋានន្តរស័ក្តិជំនាន់នោះ គឺ ៖ “សម្តេច ចៅហ៊្វាទឡ្ហៈ” (នាយករដ្ឋមន្ត្រី) “ឧកញ៉ាចតុស្តម្ភ” (ចែកជាឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោម ឧកញ៉ាយមរាជ និងឧកញ៉ាវាំង)។ មន្ត្រីជាន់ខ្ពស់៥រូបនេះ ជា “ចន្ទល់ប្រទេស” បន្ទាប់មក មានឧកញ៉ា, ព្រះ, ហ្លួង, ឃុន, ឧកម៉ឺន, ចៈម៉ឺន, ម៉ឺន, នាយ។ សម្តេចចៅហ៊្វាទឡ្ហៈ ពាក់ស័ក្តិ១១ហ៊ូពាន់ មន្ត្រីចតុស្តម្ភ និងស្តេចត្រាញ់ត្រួតភូមិភាគ ពាក់ស័ក្តិ១០ហ៊ូពាន់។ ដោយឡែក ឋានៈម៉ឺន (សក្តិ១) ចៈម៉ឺន (ស័ក្តិ២) ឧកម៉ឺន (ស័ក្តិ៣) ឃុន (ស័ក្តិ៤) ហ្លួង (ស័ក្តិ៥) ព្រះ (ស័ក្តិ៦) ឧកញ៉ា (ចាប់ពីស័ក្តិ៧ ដល់ស័ក្តិ៩)។ ពាក្យថា “ហ៊ូពាន់” មានន័យថា “ក្បាលពាន់” គឺក្នុងករណីមានសឹកសង្គ្រាម ខ្វះធនធានមនុស្ស គេអាចជ្រើសមន្ត្រីយោធា ឋានៈ “ម៉ឺន” កាន់សាច់ទ័ពបាន១ពាន់នាក់ តែបើគ្មានសង្គ្រាម លុះត្រាតែឋានៈ “ឧកញ៉ា” ទើបកាន់កងពាន់បាន។

៣-សម័យអាណាព្យាបាលបារាំង ៖ ឋានន្តរស័ក្តិសំខាន់ៗមាន “សម្តេចអគ្គមហាសេនា, ឧកញ៉ា ព្រះ ហ្លួង ឃុន ម៉ឺន ដូចមុន សូម្បីតែមេឃុំ ក៏មានបុណ្យស័ក្តិដែរ គឺមេឃុំ (ស័ក្តិ៤ហ៊ូពាន់) ជំទប់ទី១ (ស័ក្តិ៣ ហ៊ូពាន់)៘

ឋានន្តរស័ក្តិទាំង៣សម័យកាលនេះ មាន “ប្រពៃណីឡើងស័ក្តិតាមខ្សែ” ដែលយើងសូមបង្ហាញដោយត្រួសៗដូចខាងក្រោម ៖

  • ឡើងស័ក្តិតាមឪពុក ៖ នៅសម័យអង្គរ បើឪពុកមានឋានៈជា “វ្រៈកម្រតេងអញ” (នាយករដ្ឋមន្ត្រី) បើមានការតែងតាំងកូនប្រុសដោយព្រះរាជក្រឹត្យ កូននោះ នឹងមានឋានៈជា “ខ្លោញ” (មេខ្លោង)។ បើឪពុកជា “ម្រតេងគុរុង” (ចៅហ្វាយខេត្ត-ក្រុង) ឬ “ម្រតេងខ្លោញ” (ត្រួតក្រសួងណាមួយ) កូននោះ ត្រូវឡើងជា “លោញ” ដោយស្វ័យប្រវត្តិ។ សម័យនោះ មន្ត្រីធំៗធ្វើការមួយជីវិត មិនចូលនិវត្តន៍ទេ លើកលែងតែគាត់សុំលាឈប់ពីតំណែងដោយជរាភាព។ ដូច្នេះកូនរបស់លោក គ្រាន់តែកើតប្រិចមក ក៏មានឈ្មោះថា ខ្លោញ លោញ យ៉ាងនេះ។ នៅសម័យលង្វែក-ឧដុង្គ បើឪពុកមានឋានៈ ជា “សម្តេចចៅហ៊្វាទឡ្ហៈ“ (នាយករដ្ឋមន្ត្រី) ស័ក្តិ១១ហ៊ូពាន់ បើមានការតែងតាំងកូនប្រុសច្បង នឹងឡើងជា “ឃុន” ឬថាគ្រាន់តែកើតប្រិចមក គេហៅ “ឃុន” ដោយបានទទួល “ប្រាក់បៀលៀង” ឬ “ប្រាក់ចិញ្ចឹម” ស្មើនឹងមន្ត្រីយោធាស័ក្តិ៤ហ៊ូពាន់។ បើឪពុកជាឧកញ៉ាក្នុងក្រុមចតុស្តម្ភ ឬស្តេចត្រាញ់ ស័ក្តិ១០ហ៊ូពាន់ កូនកើតភ្លាម គេហៅ “ម៉ឺន” បានប្រាក់ចិញ្ចឹមស្មើមន្ត្រីយោធាថ្នាក់ម៉ឺន ហើយពេលពេញកំលោះ ចូលក្របខ័ណ្ឌរាជការ ចាប់ផ្តើមពី “ម៉ឺន” ឡើងទៅ។
  • ឡើងស័ក្តិតាមគ្រូបាធ្យាយ ៖ សម័យនោះ តាំងពីព្រះអង្គម្ចាស់ក្មេងៗ ក៏ដូចកូនមន្ត្រីធំៗ សុទ្ធតែបានទៅរៀនសូត្រ ក្នុងសំណាក់សម្តេចព្រះសង្ឃរាជ ឬព្រះចៅអធិការវត្ត។ នៅពេលព្រះអង្គម្ចាស់នោះ បានសោយរាជ្យជាស្តេចផែនដី ក៏នៅតែគោរពគ្រូបាធ្យាយជានិច្ច។ រីឯមន្ត្រីធំៗ មិនភ្លេចគុណព្រះគ្រូឧបជ្ឈាយ៍ ដែលបានបង្ហាត់បង្រៀន និងបំបួសគាត់ទេ។ ក្នុងករណីមាន “សិស្សប្អូន” ណារៀនពូកែ ជាពិសេសចេះកំណាព្យកាព្យឃ្លោងបានល្អជាងគេ លោកគ្រូក៏នាំសិស្សនោះ ទៅថ្វាយព្រះមហាក្សត្រ ឬផ្ញើមន្ត្រីធំ ដែលជាអតីតសិស្ស ធ្វើឱ្យសិស្សប្អូននោះ ឡើងស័ក្តិលឿនណាស់។ ដូចករណី “កវីម៉ុក” ត្រូវលោកគ្រូនាំទៅថ្វាយព្រះបាទនរោត្តម ជាហេតុនាំឱ្យ “ឧកញ៉ាសន្ធរវោហារ ម៉ុក” ល្បីល្បាញពេញព្រះនគរ។
  • ឡើងស័ក្តិតាមបងប្អូនសាច់ញាតិ ៖ ជួនកាល គ្រួសារមួយ មានប្អូនស្រី ឬកូនស្រី ក្លាយជាស្នំស្តេច ឬជំទាវរបស់មន្ត្រីធំណាមួយ ឪពុកម្តាយក៏នាំកូនប្រុសដែលទើបលាចាកសិក្ខាបទ (ប្រុសៗសម័យនោះសុទ្ធតែបួស) ទៅ “ពឹងពាក់ប្អូនស្រី ឬកូនស្រី” នោះ ឱ្យជួយយឹតយោង រហូតអន្ទិតសក់ខ្លីនោះ ឡើងស័ក្តិទៅតាមចំណេះជំនាញដែលខ្លួនមាន…។

ការបង្ហាញត្រួសៗខាងលើនេះ បញ្ជាក់ថា ខ្មែរយើងមាន “ប្រពៃណីឡើងស័ក្តិតាមខ្សែ” តាំងពីសម័យព្រេងនាយមកម៉្លេះ ពុំមែនទើបតែបច្ចុប្បន្ននេះទេ ដោយឡើងតាមខ្សែឪពុក ខ្សែគ្រូ និងខ្សែបងប្អូនសាច់ញាតិ។ ប៉ុន្តែ “មិនអាចឡើងផ្លោះថ្នាក់” បានឡើយ ដូចកូនប្រុសសម្តេចចៅហ៊្វាទឡ្ហៈ បានឡើងដំបូងត្រឹម “ឃុន” (ស័ក្តិ៤) ខណៈដែលឪពុកស័ក្តិ១១។ បើឪពុកស័ក្តិ១០ កូនឡើងដំបូងត្រឹមស័ក្តិ៣ (ឧកម៉ឺន) យ៉ាងខ្ពស់បំផុត ដូច “ឧកញ៉ាអរជូន” ស្តេចត្រាញ់ខេត្តត្បូងឃ្មុំ (ស័ក្តិ១០) មានកូនឈ្មោះ “ម៉ឺនងួន” (ស័ក្តិ១) ចារទុកយ៉ាងច្បាស់ក្នុងរឿង “ទុំទាវ”។ ចំណែក “ចៅហ៊្វាបែន” ដែលស្តេចសៀម តម្កុំតម្កើងឱ្យត្រួតត្រាខេត្តបាត់ដំបង ឋានៈស្មើ “សម្តេចចៅហ៊្វាទឡ្ហៈ” បានក្លាយជា “ត្រកូលអភ័យវង្ស” ស្នងតំណែងពីឪពុក ទៅកូនចំនួន៦តំណឯណោះ។ ស្តេចត្រាញ់ ឬ “ពញាគទាធរ ឈុំ” សៀមហៅ “ប្រះយ៉ាកថាថន ឈុំ” មានកូនប្រុសស្រី រាប់សិបនាក់ គេហៅ “ឃុន” ទាំងអស់ ដូចជា “ឃុនលឿម ឃុនឈួម ឃុនឆវី” ជាដើម។

បើប្រៀបធៀបឋានន្តរស័ក្តិសម័យបច្ចុប្បន្ន យើងឃើញឋានៈ “នាយ” ពីសម័យលង្វែក ឧដុង្គ ស្មើនឹង “នាយចំណង់ ឬបេក្ខសេនីយ៍” (Aspirant) “ម៉ឺន” ស្មើអនុសេនីយ៍ត្រី “ចៈម៉ឺន” ស្មើអនុសេនីយ៍ទោ) “ឧកម៉ឺន” (ស្មើអនុសេនីយ៍ឯក) “ឃុន” (ស្មើវរសេនីយ៍ត្រី ឬវរសេនីយ៍ទោ) “ហ្លួង” (ស្មើវរសេនីយ៍ឯក) “ព្រះ” (ស្មើឧត្តមសេនីយ៍ត្រី ផ្កាយ១)។ ចាប់ពី “ឧកញ៉ា ស័ក្តិ៧ រហូតស័ក្តិ៩” ស្មើឧត្តមសេនីយ៍ទោ (ផ្កាយ២) ឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ ចំណែកនាយឧត្តមសេនីយ៍ផ្កាយមាស៤ អាចស្មើស័ក្តិ១០ ខណៈដែល “នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥” អាចស្មើស័ក្តិ១១ នៅសម័យលង្វែក-ឧដុង្គ។ អ៊ីចឹងបើឪពុកស័ក្តិ១០ ឬផ្កាយ៤ កូនអាចឡើងត្រឹម “ឧកម៉ឺន” (ស័ក្តិ៣) យ៉ាងខ្ពស់បំផុត ហើយ៥ឆ្នាំ ត្រូវឡើង១កាំ មិនមែនឡើងព្រឹប ពាក់ផ្កាយ១ ឬស្មើនឹងឋានៈ “ព្រះ” ស័ក្តិ៦នោះទេ។

សរុបទៅ “ប្រពៃណីឡើងស័ក្តិតាមខ្សែ” មានមកតាំងពីសម័យព្រេងនាយ អាចថាតាំងពីសម័យ “នគរគោកធ្លក” មក ម៉្លេះ ប៉ុន្តែ “នគរធំ” លើកមកបង្ហាញត្រឹមសម័យអង្គរ មកទល់បច្ចុប្បន្ន។ ការឡើងស័ក្តិតាម៣ខ្សែ ដូចលើកឡើងខាងលើនេះ ជាប្រពៃណីខ្មែរ តាំងពីបុរាណ ប៉ុន្តែយុវជនដែលត្រូវឡើងតាមខ្សែនោះ ត្រូវមានចំណេះដឹងជ្រៅជ្រះ និងឡើងតាមកម្រិត តាមកាំ កុំឱ្យហួស។ ដូច្នេះករណីយុវជនម្នាក់ឡើងស័ក្តិតាមឪពុក បានក្លាយជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ខណៈដែលខ្លួនទើបមានអាយុ២១ឆ្នាំនោះ “មិនខុសអ្វីទេ” ព្រោះជាប្រពៃណី ប៉ុន្តែ “ឡើងផ្លោះកាំ” ជាហេតុនាំឱ្យមានការរិះគន់ គួរតែរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ ព្យាយាមកែលម្អបញ្ហាឡើងស័ក្តិតាមខ្សែនេះផង ដើម្បីទប់ស្កាត់ការរិះគន់ពី “អ្នកអត់ខ្សែ”៕