Loading...

បេប៊ី គ្រងឈុតព្រះឥន្ទ្រទេវី មើលទៅស្រស់ស្អាតខ្លាំងណាស់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:43 pm

ជាមួយរូបរាងស្វែលស្រលនស្អាត សាច់សខ្ចីរលើបរលោង គួរឱ្យក្នាញ់នោះ ស្រីស្រស់ជុំ រចនាពេជ្រ ហៅនាងបេប៊ី មានអារម្មណ៍ស្រស់ថ្លា ញញឹមបិទមាត់មិនជិតឡើយ ដែលបានគ្រងឈុតសម្លៀកបំពាក់បុរាណ ព្រះនាងឥន្ទ្រទេវី  បង្ហាញសម្រស់កាន់តែគួរឱ្យទាក់ទាញក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា “គ្រួសារតារាកម្ពុជា” កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអ្នកប្រគល់ពានឱ្យ។  ទោះជាយ៉ាងណា កម្មវិធីជប់លៀងនោះ តារាទាំងប្រុសស្រីដែលគ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ បុរាណពេញហាង The Terrace Tk នោះវិលត្រឡប់ទៅផ្ទះវិញ សុទ្ធតែកាន់ពានគ្រប់ៗគ្នាទាំងអស់ ទើបមិនមានតារាណាម្នាក់អាក់អន់ស្រពោនចិន្តាឡើយ។

ក្រៅពីស្រីក្មេងសាច់សខ្ចី នាងបេប៊ី នោះ តារាដែលគ្រងសម្លៀកបំពាក់បុរាណបានស័ក្តិសមនោះ មានដូចជា អ្នកនាងគង់ សុជាតិ, ឈួន សុវណ្ណឆ័យ, លី ម៉ារីណា, ស្រីពេជ្រ, នីតា វីរៈវង្ស, ឌួង ហ្សូរីដា, លោករុន ណាកូ និងសេម ម៉ាកូ ជាដើម ដែលធ្វើឱ្យភ្ញៀវផ្អើលពេញហាងទាំងអស់។

ម្តាយបេប៊ី បានឱ្យដឹងថា កូនស្រីគាត់ធ្លាប់ចូលរួមកម្មវិធីសប្បុរសធម៌ម្តង នៅខណ្ឌពោធិ៍សែនជ័យ ហើយគេហៅឱ្យមកយកពាន ហេតុនេះហើយទោះជារវល់យ៉ាងណា ក៏ត្រូវតែមកយកសិនហើយ។

ដោយឡែក នាងបេប៊ី វិញ មិនវាចាច្រើននោះទេ ក្រៅពីនិយាយថា រាងធ្ងន់ក្បាល ពិបាកទ្រាំបន្តិច នៅពេលដែលពាក់ម្កុដនោះ តែនាងពិតជាមានមោទភាពដែលបានគ្រងឈុតព្រះនាងឥន្ទ្រទេវី នោះណាស់ ហើយសប្បាយចិត្តដែលគេសរសើរថា នាងស័ក្តិសម និងស្អាត ពេលគ្រងឈុតដ៏ល្បីល្បាញមួយនេះ។

បេប៊ី លេចធ្លោរយៈពេលចុងក្រោយនេះ ទាំងទ្រព្យធន និងរូបសម្រស់ ធ្វើឱ្យស្រីស្អាតកាន់តែមានការតែងខ្លួនប្លែកៗ ធ្វើឱ្យប្រុសៗជាច្រើនជ្រួលជ្រើម និងរូបសម្រស់តារាអាយុទើប២១ឆ្នាំ។ តាមការប្រមាណពីតារាសិល្បៈដែលស្និទ្ធនាងបេប៊ី បានបង្ហើបឱ្យដឹងថា តារាវ័យខ្ចីល្ហក់នេះ មានទ្រព្យមិនក្រោមកន្លះលានដុល្លារឡើយ  គិតត្រឹមលើផ្ទះវីឡាយ៉ាងប្រណីត តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីពិភពថ្មីបឹងស្នោ និងរថយន្តទំនើប Lexus LX 570 ដ៏ថ្មីសន្លាង តម្លៃជាង១០ម៉ឺនដុល្លារថែមទៀត។ យ៉ាងណា បេប៊ី ធ្លាប់ចេញមកអះអាងថា នាងគ្មានប្រុសណាឧបត្ថម្ភឡើយ គឺទឹកប្រាក់ដែលបានទាំងនោះកើតចេញពីការខិតខំប្រឹងប្រែងរបស់នាងក្នុងសិល្បៈសុទ្ធសាធតែម្តង។

គេរំពឹងថា ក្រោយនាងបេប៊ី ទទួលបានពានដែលប្រគល់ដោយឯកឧត្តមខៀវ កាញារីទ្ធ នោះហើយ អាជីពសិល្បៈរបស់នាងនឹងហក់ទៅមុខថែមទៀតជាមិនខាន៕