Loading...

ប៉េងប៉ោះ អាចឲ្យស្ត្រីគ្រប់រូប មានស្បែកស្អាតរាងស្វែល

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 15:33 pm

ការពិសាប៉េងប៉ោះ ជាអាហារពេលល្ងាច ដើម្បីសម្រកទម្ងន់ផង និងដើម្បីឱ្យបានស្បែកស្អាតផង។ ចំណុចល្អគឺងាយស្រួល មិនខាតពេលច្រើន សមស្របចំពោះអ្នកមិនសូវមានពេលវេលា…។

-ជួយឱ្យរាងស្វែលជាងមុន និងធ្វើឱ្យស្បែកស្អាត ៖

ខាងក្នុងប៉េងប៉ោះ មានជាតិលីកូប៉ែន (Lycopene) បរិមាណច្រើន ដូច្នេះ លទ្ធផលដែលទទួលបាន មិនត្រឹមតែធ្វើឱ្យរាងស្វែលជាងមុនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យស្បែកស្អាតទៀតផង។ ម៉្យាងទៀត ជាតិលីកូប៉ែន និងកាកសរសៃអាហារក្នុងប៉េងប៉ោះ ជួយបន្ថយជាតិខ្លាញ់ក្នុងឈាម ជំរុញឱ្យចរន្តឈាមរត់ប្រសើរឡើង និងជួយជំរុញប្រព័ន្ធដុតបំផ្លាញថាមពលទៀតផង។ ជាតិលីកូប៉ែន ក៏ជាសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយបំប៉នស្បែក ចំណែកជាតិវីតាមីនក្នុងប៉េងប៉ោះ ជួយឱ្យស្បែករឹងមាំ បន្ថយអាការរមាស់ស្បែក បន្ថយបញ្ហាផ្សេងៗរបស់ស្បែក។

-ពិសាប៉េងប៉ោះដូចម្តេច ដើម្បីសម្រកទម្ងន់? ៖

មានចំណុចសំខាន់ៗ4ចំណុច គឺ ៖

  • ពិសាប៉េងប៉ោះជាអាហារពេលល្ងាច អាចពិសាឆៅ ឆ្អិន ធ្វើជាទឹកប៉េងប៉ោះ ឬធ្វើជាញាំប៉េងប៉ោះ (Salad) ក៏បាន។
  • ពិសារាល់ថ្ងៃ រយៈពេលយ៉ាងតិច3ខែ ៖ ដើម្បីប្រសិទ្ធភាព​ យកល្អគួរពិសាឱ្យបាន 6ខែ ឬយ៉ាងតិច3ខែ។ តាមការសិក្សាបានឱ្យដឹងថា រាងកាយមានវដ្តនៃការប្រែប្រួល ឬមានការផ្លាស់ប្តូរកោសិការៀងរាល់6ខែម្តង បានន័យថា រាងកាយនឹងចងចាំយន្តការរបស់រាងកាយ រយៈពេល6ខែ បន្ទាប់ពីនោះ ទើបមានការប្រែប្រួលតាមក្រោយទៀត។
  • ប្រើប្រាស់ជីវិតយ៉ាងមានរបៀប ៖ ទោះជាអ្នកសម្រកទម្ងន់ដោយប្រើប៉េងប៉ោះ ​ឬអត់ក្តី បើអ្នកពិសាច្រើនពេក តែមួយមុខ រាងកាយនឹងខ្វះសារធាតុអាហារ។ ហើយបើអ្នកសម្រាកមិនបានគ្រប់គ្រាន់ អ្នកក៏មិនអាចសម្រកទម្ងន់ខ្លួនបានសម្រេចដែរ។ ដូច្នេះ គួររៀបចំកែលម្អការប្រព្រឹត្ត និងការដំណើរជីវិតរបស់ខ្លួន ឱ្យបានសមស្របផង។
  • ពិសាជាតិលីកូប៉ែន ឱ្យបាន15មិល្លីក្រាម ឡើងទៅ ៖ គិតងាយៗ គឺប៉េងប៉ោះធំ 2ផ្លែ ឬប៉េងប៉ោះតូច 17ផ្លែ ទឹកក្រឡុកប៉េងប៉ោះ 1កែវ ឬទឹកប៉េងប៉ោះ 4ស្លាបព្រាបាយ។ បើចេញក្រៅផ្ទះ គួរជ្រើសពិសាទឹកក្រឡុកប៉េងប៉ោះ ល្អជាង។

-បន្ថែមបន្លែបង្កើនប្រសិទ្ធភាពប៉េងប៉ោះ ៖ ប៉េងប៉ោះ មានទាំងជាតិវីតាមីន និងជាតិខនិជ ព្រមទាំងមានថាមពលតិច អាចយកទៅចម្អិនជាអាហារបានច្រើនយ៉ាង។ ដូច្នេះ គួរច្នៃប៉េងប៉ោះ ជាអាហារផ្សេងៗឆ្លាស់គ្នា ដើម្បីឱ្យអាចពិសាបាន ដោយមិនធុញទ្រាន់ និងមិនតានតឹងចិត្ត។ បើចង់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត អាចបន្ថែមម្ទេស ឬបន្លែដែលជួយបង្កើនសីតុណ្ហភាពរាងកាយ ជួយបន្ថែមការដុតបំផ្លាញថាមពល។ អ្នកអាចប្រើប្រេងអូលីវ  ដើម្បីជួយឱ្យរាងកាយបឺតស្រូបយកជាតិវីតាមីន A និងជាតិលីកូប៉ែន បានល្អ និងជួយបង្ការការទល់លាមកផង។ អាចពិសារួមជាមួយផលិតផលពីទឹកដោះគោ ដើម្បីបង្កើនជាតិកាល់ស្យូម ជួយបន្ថយភាពតានតឹង។ បើពិសាជាមួយ ហ្វ្រូម៉ា នឹងបានវីតាមីន B2 ជួយដុតបំផ្លាញជាតិខ្លាញ់ទៀតផង។

-អំឡុងពេលសម្រកទម្ងន់ ដោយប៉េងប៉ោះ អាចពិសាស្រាបានឬទេ? ៖ បើតិចតួច អាចពិសាបាន ប៉ុន្តែត្រូវពិសាទឹកក្រឡុកប៉េងប៉ោះ ឱ្យបាន2ម៉ោងមុន។ ជាតិលីកូប៉ែន នឹងជ្រាបចូលទៅក្នុងចរន្តឈាម ដើម្បីទៅជួយថ្លើម ក្នុងយន្តការកម្ចាត់ជាតិស្រវឹង៕