Loading...

លី ម៉ារីណា ចេញសារព្រមានអ្នកជំពាក់លុយ មិនព្រមសង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 9:54 am

លី ម៉ារីណា បានព្រមានដោយប្រយោលមួយ ចំពោះអ្នកដែលជំពាក់លុយនាងហើយ មិនព្រមសងថា នឹងមិនទុកមុខឱ្យជាដាច់ខាត ព្រោះមិនចង់ឱ្យអ្នកណាម្នាក់លេងល្បិចស៊ីខ្សែលើនាងឡើយ។

យ៉ាងណា ម៉ារីណា មិនបង្ហាញឈ្មោះកូនបំណុលទាំងនោះចំៗថាជាអ្នកណាទេ ខណៈដែលមុននេះ នាងសឿ សុធារ៉ា ទើបតែធ្វើឱ្យផ្អើលអស់មហាជន និងអ្នកសិល្បៈ ព្រោះតែនាងទម្លាយរឿង Vj អាណូ ជំពាក់5ម៉ឺនដុល្លារ បានសងសែកស្អុយទៅនាង…។

តាំងពីសឿ សុធារ៉ា បានបំបាក់មុខ Vj អាណូ រឿងសែកលុយស្អុយទឹកប្រាក់5ម៉ឺនដុល្លារនោះមក តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ ក៏បានព្រមានអ្នកជំពាក់លុយទាំងឡាយ ដែលមិនព្រមសងដែរថា នឹងបកអាក្រាតឱ្យខ្មាសគេ បើសិនជាមិនមកទូទាត់សំណងតាមពេលកំណត់នោះ ស្រាប់តែពេលថ្មីៗនេះដែរ តារាកូន1 ទ្រលុកទ្រលន់ នាងលី ម៉ារីណា ស្រាប់តែបានធ្វើការព្រមានដោយប្រយោលដែរថា នាងក៏មិនទុកមុខអ្នកដែលជំពាក់លុយនាងហើយមិនសងនោះ គឺមិនមានការយោគយល់ជាដាច់ខាត។

លី ម៉ារីណា ធ្វើការព្រមានកូនបំណុលនាងថា “លុយមិនអាចបោះពុម្ពបានទេ អ៊ីចឹងខ្ញុំមិនលើកលែងឱ្យអ្នកណាលេងបួនសន្លឹកដាក់ខ្ញុំទេ ទោះអ្នកឯងជាអ្នកណាក៏ដោយ”។

ការព្រមានរបស់លី ម៉ារីណា នៅពេលនេះ ត្រូវបានមិត្តភក្តិនាងជាច្រើនបានចូលទៅសួរ ដោយចង់ដឹងថា តារាណាទៅដែលខ្ចីលុយនាង ហើយមិនព្រមសងនោះ? តែម៉ារីណា មិនទម្លាយឡើយ ដោយថាទុកមុខឱ្យសិន តែបើគេគេចវេះទៀត ទើបនាងបកអាក្រាតជាសាធារណៈតែម្តង។

គួរបញ្ជាក់ថា លី ម៉ារីណា ដែលបោះបង់អាជីពសម្តែង3ឆ្នាំ ក្រោយរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី27 ខែឧសភា ឆ្នាំ2017នោះ បានវិលត្រឡប់មកចូលសិល្បៈសាជាថ្មីវិញ នៅឆ្នាំ2016 ក្រោយពេលដែលរឿងស្នេហាដែលគេចោទថា នាងមានទំនាក់ទំនងជាមួយលោកធំផ្កាយ3 ហើយត្រូវភរិយាមន្ត្រីធំនោះព្រមានត្រូវបានស្ងប់ស្ងាត់មក។

ម៉ារីណា បានសម្ងំថត2រឿង ឱ្យហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “កូនពស់កេងកង” និងត្រៀមថតរឿងទី3ទៀតផងដែរ។

តារាកូន1រូបនេះ ត្រូវបានគេបង្ហើបថា នាងនៅតែត្រូវបានមន្ត្រីធំៗឆ្វែលតាមស្នេហ៍ដដែល ហើយថ្មី²នេះ នាងទិញរថយន្តទំនើប Lexus LX 570 ពណ៌ស ស៊េរីឆ្នាំ2015 តម្លៃជិត20ម៉ឺនដុល្លារ ហើយគ្រាន់តែកាបូបដៃដែលនាងកាន់តាមខ្លួន 1 តម្លៃ5ពាន់ដុល្លារឯណោះ ទើបធ្វើឱ្យតារារួមអាជីពថា លី ម៉ារីណា ហ៊ឺហាមិនចាញ់ជំទាវឡើយ៕