Loading...

លុបលាងបែបណា ក្រោយតែងមុខស្អាត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 15:26 pm

នៅពេលត្រូវទៅចូលរួមកម្មវិធី  នារីៗតែងតែមានការតែងមុខ ផាត់ម្សៅ ប៉ុន្តែ ក្រោយពេលត្រឡប់ពីកម្មវិធីវិញ មុនពេលចូលគេង អ្នកត្រូវលាងសម្អាតគ្រឿងសម្អាង ឱ្យស្អាតសិន មិនត្រូវចូលគេងទាំងគ្រឿងសម្អាងជាប់មុខនោះទេ ព្រោះវាជាមូលហេតុមួយនៃការកើតមុន។ ដូច្នេះ តើអ្នកត្រូវលាងគ្រឿងសម្អាងលើមុខរបស់អ្នកយ៉ាងណា ទើបបានស្អាត ?

១-វិធីលាងគ្រឿងសម្អាង ដែលពិបាកលាង ៖

ក្រុមគ្រឿងសម្អាងដែលពិបាកលាង ឬគ្រឿងសម្អាងប្រភេទការពារទឹក ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំខាន ដោយសារត្រូវដុសលាងច្រើនដង ទម្រាំជ្រះ ធ្វើឱ្យខាតពេលដូច្នេះ អ្នកអាចសាកល្បងមកប្រើប្រេងលាងសម្អាត ឬប្រេងដូង ក៏បានដោយចាក់ប្រេងបន្តិចបន្តួចលើបាតដៃ រួចយកមកម៉ាស្សាត្រដុសឱ្យពេញផ្ទៃមុខ រហូតគ្រឿងសម្អាងជ្រះអស់ បន្ទាប់មកសឹមលាងមុខបន្តឱ្យស្អាត។

២-ប្រើប្រេងលាងសម្អាតចំណុចខ្លះ ៖

នារីមួយចំនួនខ្លាចការប្រើប្រេងលាងមុខ ធ្វើឱ្យស្ទះរន្ធញើស ជាពិសេសនារីដែលស្បែកមុខ ងាយប្រតិកម្ម និងកើតមុន បើបែបនេះ អ្នកអាចប្រើប្រេងលាងសម្អាតតែផ្នែកខ្លះ ដូចជា ប្រើសំឡីជ្រលក់ប្រេងលាងសម្អាត ជូតសម្អាតគ្រឿងសម្អាងតែងភ្នែក ឬម៉ាស្ការ៉ា ឬក្រែមលាបបបូរមាត់ប្រភេទការពារទឹកនោះ អ្នកនឹងអស់បារម្ភរឿងមុខកើតមុន ដោយសារប្រេងសម្អាតមុខទៀតហើយ។

៣-កម្ចាត់ក្រែមភ្លឺផ្លេកដោយស្កុត ៖

ប្រសិនបើអ្នកតែងមុខដោយមានប្រើក្រែមប្រភេទភ្លឺផ្លេក នៅពេលត្រូវលាងសម្អាត ទោះបីជាលាងយ៉ាងណា ក៏វានៅតែតោងជាប់លើមុខ ឬជុំវិញរង្វង់ភ្នែក ប៉ុន្តែអ្នកអាចកម្ចាត់សំណល់ភ្លឺផ្លេកនេះ បានដោយយកស្កុត ឬបង់ស្អិត មកបិទរួចទាញបកចេញធ្វើដដែលៗ នឹងជ្រះអស់ បន្ទាប់មកក៏លាងសម្អាតមុខតាមធម្មតា។

៤-ការលាងគ្រឿងសម្អាងសម្រាប់អ្នក ស្បែកងាយប្រតិកម្ម ៖

នារីដែលមានបញ្ហាស្បែក ងាយប្រតិកម្ម តែងមានកង្វល់នៅពេលចាំបាច់ត្រូវតែងមុខ ព្រោះបើលាងគ្រឿងសម្អាងមិនបានស្អាតហ្មត់ចត់ អាចកើតមុនថ្មីទៀតបានងាយ ឬទឹកថ្នាំលាងសម្អាតគ្រឿងសម្អាង អាចធ្វើឱ្យកើតភាពរោលក្រហាយ រហូតស្បែកមុខរលាកក្រហម ឬកើតកន្ទួល។ ដូច្នេះគួរសាកល្បងជ្រើសប្រើផលិតផលសម្អាតគ្រឿងសម្អាងប្រភេទក្រែម ដោយជ្រើសបែបទន់ភ្លន់ មិនមានផ្សំទឹកអប់ មកលាបឈ្លីម៉ាស្សាថ្នមៗលើផ្ទៃមុខ រហូតទាល់ តែគ្រឿងសម្អាងជ្រះអស់ ហើយប្រើសំឡីជូត ថ្នមៗ។

៥-កុំប្រើក្រដាសសើមជូតមុខញឹកញាប់ ៖

នារីខ្លះចូលចិត្តប្រើក្រដាសសើម សម្រាប់ជូតសម្អាតគ្រឿងសម្អាងជាញឹកញាប់ ដែលយកល្អក្រដាសសើមនេះ អ្នកគួរទុកប្រើតែនៅពេលណាមានការប្រញាប់បន្ទាន់តែប៉ុណ្ណោះ ព្រោះក្រដាសសើម មិនអាចសម្អាតគ្រឿងសម្អាងបានស្អាតល្អដូចប្រេង ឬក្រែមសម្អាតគ្រឿងសម្អាងទេ។ ដូច្នេះគួរទុកក្រដាសសើមនោះប្រើ នៅពេលចាំបាច់ ដូចជាពេលអ្នកត្រឡប់មកពីជប់លៀងយប់ជ្រៅពេកជាដើម៕