Loading...

លួចម៉ូតូជិះបានពាក់កណ្តាលផ្លូវ ម្ចាស់តាមទាន់

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨​ | សង្គម និងជីវិត | | 0 | ម៉ោង 17:20 pm

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់កម៉ូតូបានហើយ ជិះគេចខ្លួនមិនរួច ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មុខផ្ទះជនរងគ្រោះ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះចាន់ សុដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះនួន សុវណ្ណធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ម៉ូតូដែលជនសង្ស័យលួចកាច់សោ.កហើយបើកគេចខ្លួនមិនរួចនោះម៉ាកហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1643។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅ មុខផ្ទះ រួចចូលទៅហូបបាយស្រាប់តែឮសំឡេងបញ្ឆោះម៉ូតូ និងជាន់លេខម៉ូតូ គាត់ក្រឡេកមើល ម៉ូតូដែលចតនោះមិនឃើញក៏ចេញមកក្រៅផ្ទះ។ ពេលនោះ ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះម៉ូតូគាត់ ហើយបក្ខពួកជនសង្ស័យម្នាក់ទៀត ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ គាត់ក៏ស្រវាម៉ូតូមួយគ្រឿងទៀត បើកដេញតាមរហូតដល់មុខសាលាកូរ៉េ ក្នុងភូមិផ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក៏តាមទាន់។ ជនសង្ស័យជិះទៅមុខលែងរួច ដោយផ្លូវទាល់ទើបខ្លួន និងប្រជាពលរដ្ឋនៅក្បែរនោះក៏ចាប់បានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក តែម្តង។ ចំណែកបក្ខពួកម្នាក់ទៀត ជិះគេចខ្លួនបាត់ស្រមោល។ វត្ថុតាងដែលសមត្ថកិច្ច ដកហូតពីជនសង្ស័យមានដែកសម្រាប់កាច់ សោ.កម៉ូតូចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕