Loading...

វិធីកែបញ្ហាលាបក្រែមបបូរមាត់មិនស្អាត និងជាប់មិនបានយូរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 15:44 pm

នារីមួយចំនួន មានបញ្ហាលាបក្រែមបបូរមាត់យ៉ាងណា ក៏មិនបានស្អាត និងជាប់មិនបានយូរ ទោះបីជាប្រើក្រែមម៉ាកល្បីៗ តម្លៃថ្លៃៗ ក៏ដោយ។

អ្នកអាចកែបញ្ហាលាបក្រែមបបូរមាត់មិនស្អាត និងជាប់មិនបានយូរនេះបាន តាមវិធីខាងក្រោម ៖

១-កុំបណ្តោយឱ្យបបូរមាត់ស្ងួតប្រេះ ៖ ភាគច្រើន ការលាបក្រែមបបូរមាត់មិនបានស្អាត មិនរាបរលោង និងជាប់មិនបានយូរ រមែងដោយសារបបូរមាត់ស្ងួត ប្រេះរបក ព្រោះវាធ្វើឱ្យក្រែមមិនស៊ីនឹងស្បែកបបូរមាត់។ វិធីកែបញ្ហានេះ ដំបូងគឺត្រូវកែដើមហេតុដែលបណ្តាលឱ្យបបូរមាត់ស្ងួតនោះ ដោយការទទួលទានទឹកឱ្យបានច្រើនៗ ឱ្យបបូរមាត់មានសំណើម ឬសាកល្បងរកក្រែមម៉ាសក៍បបូរមាត់ មកប្រើឱ្យបានញឹកញាប់ នឹងធ្វើឱ្យបបូរមាត់មានសំណើម លាបក្រែមបានរលោងស្អាត និងជាប់បានយូរផងដែរ។

២-ខាត់បបូរមាត់ជាប្រចាំ ៖ ក្រៅពីធ្វើឱ្យបបូរមាត់មានសំណើម ក៏ត្រូវព្យាយាមខាត់បបូរមាត់ ជាប្រចាំផងដែរ ដើម្បីឱ្យកោសិកាស្បែកដែលខូចទៅហើយជ្រុះចេញ ធ្វើឱ្យបបូរមាត់មានសភាពទន់រលោងឡើង។ ក្រោយពេលដុសធ្មេញរាល់លើក អ្នកអាចយកច្រាសដុសធ្មេញស្អាតៗ មកខាត់ថ្នមៗនៅបបូរមាត់ ឬប្រើកន្សែងពោះគោ ដុសជូតថ្នមៗ បន្ទាប់ពីងូតទឹកហើយថ្មីៗក៏បាន។ ក្រៅពីនេះ អ្នកក៏អាចប្រើក្រែមខាត់ស្បែក ឬប្រើស្ករស លាយទឹកខាត់ មកខាត់ស្បែកបបូរមាត់។

៣-លាបក្រែមរលោង ៖ ឧស្សាហ៍លាបក្រែមរលោងឱ្យបានញឹកញាប់ ដើម្បីឱ្យស្បែកបបូរមាត់ទន់​និងមានសំណើមគ្រប់ពេល ជាពិសេស មុនពេលតែងមុខ អ្នកគួរលាបក្រែមរលោងលើបបូរមាត់ជាមុន រង់ចាំរហូតដល់ពេលតែងមុខផ្នែកផ្សេងៗ រួចរាល់ក្រែមរលោង នឹងជ្រាបចូលបបូរមាត់ បំប៉នបបូរមាត់ឱ្យមានសំណើម ត្រៀមសម្រាប់ការលាបក្រែមពណ៌ផ្សេងៗ ដែលអ្នកចូលចិត្ត នឹងជួយឱ្យលាបក្រែមបបូរមាត់បានរលោងស្អាត និងជាប់បានយូរ។

៤-លាបក្រែមបំបាត់ស្នាមខ្លះៗ ៖ មុនពេលលាបក្រែមបបូរមាត់ បើចង់ឱ្យពណ៌ដិតច្បាស់ និងជាប់បានយូរឡើង សាកល្បងលាបក្រែម បំបាត់ស្នាមស្តើងៗ (កុំលាបក្រាស់ឱ្យសោះ) ព្រោះបើលាបក្រាស់ពេក នឹងលាបក្រែមបបូរមាត់ មិនបានម៉ដ្ឋរលោងស្អាត។

៥-លាបក្រែមបបូរមាត់ដោយជក់ ៖ នារីជាច្រើនតែងមើលរំលងដំណាក់កាលនេះ ដោយលាបក្រែមបបូរមាត់ពីបំពង់ផ្ទាល់តែម្តង ប៉ុន្តែ បើបបូរមាត់របស់អ្នកមានបញ្ហាលាបក្រែម បបូរមាត់មិនជាប់ ប្រសិនបើអ្នកលាបក្រែមពីបំពង់តែម្តង អាចមិនសមស្របទេ។ អ្នកគួរប្រើជក់លាបក្រែមបបូរមាត់មកញីលើបបូរមាត់ មួយសន្ទុះ ដើម្បីឱ្យសាច់ក្រែមរលោងឡើង​ មុននឹងលាបក្រែមពីបំពង់ ឬក៏ប្រើក្រែមប្រភេទរាវ មានជក់លាបរឹតតែល្អ ព្រោះនឹងជួយឱ្យអ្នកអាចកៀរលាបបានរលោងស្អាត និងធ្វើឱ្យក្រែមជាប់បានយូរទៀតផង៕