Loading...

ខឹងបង្អាប់ដដែលៗ ច្រើនដងពេក ៣កណ្តៀវធ្លាយពោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:55 am

ខេត្តស្វាយរៀង ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានអង្គុយផឹកស៊ីជាមួយនឹងមិត្តភក្តិម្នាក់ជាព្រូរថយន្ត លុះផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ភាគីព្រូក៏ចាប់ផ្តើមបង្អាប់ភាគីជាងឡានថា ជួសជុលរថយន្តមិនកើតសោះ លុះចេះតែបង្អាប់ដោយពាក្យដដែលៗសង្កៀរត្រចៀកពេក ធ្វើឱ្យជាងឡានទ្រាំលែងបាន ស្ទុះទៅទាញកណ្តៀវ មកកាប់ទៅលើព្រូរថយន្ត បណ្តាលឱ្យធ្លាយពោះរងរបួសធ្ងន់។

ករណីផឹកស៊ីផ្ទុះជម្លោះ ឈានដល់ការកាប់ចាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ជនសង្ស័យដែលកាប់ប្រហារគូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះព្រំ សុផាត ហៅឌឿ អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះនឹម ជុន អាយុ៣៨ឆ្នាំ មុខរបរហៅម៉ូយតាក់ស៊ី  (ព្រូឡាន) ស្នាក់នៅភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ បានអង្គុយផឹកស៊ីជាមួយគ្នា លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនរងគ្រោះជាព្រូឡានបានបង្អាប់ជនសង្ស័យជាជាងជួសជុលឡានថា “ឯងនេះ ធ្វើឡានមិនកើតសោះ!”។ ដំបូងឡើយ ជនសង្ស័យនៅសើចញញឹម ឆ្លើយតបជាមួយជនរងគ្រោះជាធម្មតាទេ ប៉ុន្តែជនរងគ្រាះមិនព្រមបង្វែរប្រធានបទនិយាយ ចេះតែនិយាយបង្អាប់ជនសង្ស័យដដែលៗច្រើនដងពេក រហូតដល់ជនសង្ស័យទ្រាំលែងបាន ក៏កើតជាជម្លោះតឹងសរសៃក ហើយភ្លាមនោះជនសង្ស័យបានស្ទុះទៅទាញកណ្តៀវ មកកាប់ប្រហារទៅលើជនរងគ្រោះចំនួន៣កណ្តៀវ បណ្តាលឱ្យជនរងគ្រោះរងរបួសម្រាមដៃ កដៃខាងឆ្វេង និងធ្លាយពោះផ្នែកខាងឆ្វេងយ៉ាងធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់បន្តតាមនីតិវិធី៕