Loading...

ខេមរៈ សិរីមន្ដ ឲ្យមេធាវីរៀបចំពាក្យបណ្តឹង ប្ដឹងម៉ៃ សុគន្ធ ឡើងតុលាការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:05 am

ពិតជារំជើបរំជួលពេញចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជនទៀតហើយ ដែលពេលនេះ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ខេមរៈ សិរីមន្ដ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយចោទប្រកាន់លើ៣ចំណុចសំខាន់ៗ ហើយសំណុំរឿងនេះ មេធាវីរបស់សិរីមន្ដ កំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើង។

ខេមរៈ សិរីមន្ដ បានប្ដឹងម៉ៃ សុគន្ធ ពីបទ ” ចោទ”, ”ញុះញង់មានជាអាទិ៍” និងបទ “ធ្វើឲ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល“។

ខេមរៈ សិរីមន្ដ ថ្លែងរឿងប្ដឹងម៉ៃ សុគន្ធ នោះ ដោយសង្កត់ថា​”មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភស្ដុតាងមានគ្រប់គ្រាន់អស់ហើយ។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាង បទល្មើសនេះចុះ “។

 

ការដែលខេមរៈ សរីមន្ដ ឈានទៅប្ដឹងម៉ៃ សុគន្ធ នេះ ដោយសារតារាចម្រៀងហង្សមាស អស់ភាពអត់ធ្មត់ និងលោកសុគន្ធ ដែលតែងចេញវាយប្រហារលើខ្លួនជាបន្ដបន្ទាប់ ហើយចុងក្រោយនេះ សុគន្ធ បានរិះគន់ទៅលើសិរីមន្ដ រឿងជិះឧទ្ធម្ភាគចក្រ ទៅលក់ដីឡូតិ៍នៅខេត្តកំពង់ស្ពឺ និងការច្រៀងបទ ”ក្ងោក” ដែលលោកសុគន្ធ ចោទថា សិរីមន្ដ ស្លៀកបែកស្លុយ ខណៈដែលឡាវ រាំបែបសុភាពរមទមនោះ បានលួចយកបទរាំវង់ខ្មែរ ដាក់ចូលបេតិកភណ្ឌពិភពលោក បាត់។

ម៉ៃ សុគន្ធ បានសរសេររិះគន់ទៅលើខេមរៈ សិរីមន្ដ ថា ”ត្រឹមទៅលក់ដីនៅម្ដុំវាលស្រែមួយសោះ ជិះសុទ្ធតែអេលីកុបទ័រ (ឧទ្ធម្ភាគចក្រ ) មើលតែទៅលក់ពេជ្រ នៅឌូបៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយឃើញថា ឧកញ៉ាល្បីៗមួយចំនួនធំដែលមានរបររកស៊ីលក់ដីបូរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចចឹងសោះ ចំលែកអីតែអ្នកចម្រៀងយើងបានចឹងគេប្រៀបធៀបទៅនិងក្ងោក មិនខុសមែន”។

ម៉ៃ សុគន្ធ ក៏បានរិះគន់តារាចម្រៀងខេមរៈ សិរីមន្ដ ដែលច្រៀងបទ ”ក្ងោក” នោះ ដោយសង្កត់ថា តារាចម្រៀងកំពូលៗរបស់ឡាវ និងកម្ពុជា មានភាពខុសគ្នា អ៊ីចឹងហើយបានជាឡាវ អាចយកបទរាំវង់របស់ខ្មែរ ទៅដាក់ចូលអង្គការយូឌីស្កូ ជាបេតិកភណ្ឌពិភពលោក ឯតារាខ្មែរវិញ មួយឆ្នាំៗ គិតតែចេញបទបែកស្លុយ ស្លៀកខោអាយៈរហែក ហើយមានតែយកម៉ូដខោអាវនោះ ទៅចូលយូឌីស្កូ ដែរហើយ  ។

ម៉ៃ សុគន្ធ បាននិយាយដៀមដាមដាក់សិរីមន្ដ ថា នេះជាគំរូមហាសែនល្អ ជាកំពូលតារាចម្រៀង ក្បាច់ក្ងោក ស្លុយ …។

នេះមិនមែនជាលើកទី១ឡើយ ដែលលោកម៉ៃ សុគន្ធ បានធ្វើការវាយប្រហារទៅលើតារាចម្រៀងខេមរៈ សិរីមន្ដ នោះគឺមានរាប់មិនអស់ទៅហើយ ដោយលោកសុគន្ធ បានហៅម៉ូដសក់សិរីមន្ដ ថា ជាម៉ូដបង្កួយ និងជាតារាចម្រៀងចាស្ទីន កូពី ទៀតផង ខណៈដែលបទចម្រៀងល្បីរបស់សិរីមន្ដ “ស្ទឹងត្រែងបងអើយ”​នោះ ក៏សុគន្ធ ចោទប្រកាន់ទៅលើសិរីមន្ដ ថា បានកាឡៃបទនោះពីឡាវ ដែរ។ ប៉ុន្ដែ សិរីមន្ដ ដែលត្រូវព្រនង់ញឹកញាប់ពីសុគន្ធ នោះ មិនតតបឡើយ គឺទើបតែលើកនេះទេ ដែលតារាហង្សមាស បានប្ដឹងសុគន្ធ ទៅតុលាកាសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតទល់គ្នាតាមផ្លូវច្បាប់ ហើយមហាជនរង់ចាំមើលថា តើសុគន្ធ នឹងទប់ជាមួយសិរីមន្ដ ដោយរបៀបណា?៕