Loading...

ឈិត សុវណ្ណបញ្ញា ប្រឈមការខកចិត្តលើកទី២

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:44 pm

ថ្មីៗនេះ តារាចម្រៀងថោន នាងឈិត  សុវណ្ណបញ្ញា បានចេញទៅដើរកម្សាន្តនៅសិង្ហបុរី ជាមួយបុរសប្លែកម្នាក់ ដែលត្រូវបានគេសង្ស័យថាជាគូស្នេហ៍ថ្មីនាង ដោយរួមដំណើរជាមួយអតីតអ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាស លោកអ៊ិន ទីតូ ផងដែរ។

ការទៅលំហែកាយានៅបរទេសរបស់អ្នកចម្រៀងតូចច្រឡឹង ឈិត សុវណ្ណបញ្ញា នេះ ស្របពេលដែលអាជីពចម្រៀងរបស់នាងនៅផលិតកម្មថោន ហាក់មិនទាន់មានលំនឹង ព្រោះបំណងដែលសុវណ្ណបញ្ញា ចង់ចេញបទចម្រៀងផ្ទាល់ខ្លួនតែម្នាក់ឯង (Solo Album) នោះ មិនទាន់បានសម្រេចនៅឡើយ ព្រោះថោន នៅតែចាត់ទុកអ្នកចម្រៀងសំខាន់ជាងគេរបស់ខ្លួន គឺជានាងមាស សុខសោភា ដដែល។

អ្វីដែលគួរឱ្យខកចិត្តសម្រាប់ឈិត សុវណ្ណបញ្ញា នោះដែរ គឺនៅពេលនេះនាងក៏មិនអាចក្តាប់តំណែងជា តារាស្រីលេខ២ នៅថោន បានទេ ដោយសារតែសិស្សប្អូននាងផាន វីរ៉ាទី ម្ចាស់បទ “មាន់ស្រែ” នោះ មានយីអ៊ុនឡើងខ្ពស់ ក្រសោបបានតំណែង បន្ទាប់ពីនាងមាស សុខសោភា ទៅហើយ បើទោះជារ៉ាប៊ី មានសំឡេងមិនខ្ពស់ជាងសុវណ្ណបញ្ញា ក៏ដោយ។

តារាចម្រៀងហង្សមាសម្នាក់ ដែលធ្លាប់ស្និទ្ធស្នាលជាមួយឈិត សុវណ្ណបញ្ញា បានឱ្យដឹងថា នៅផលិតកម្មណា ក៏ដូចជាផលិតកម្មណាដែរ ទាល់តែមានខ្សែ ទើបឆាប់ល្បី។ ចំពោះសុវណ្ណបញ្ញា វិញ នាងមានចរិតសុភាពរាបសា និងរាប់អានតារាទូទៅ តែការចេញពីហង្សមាស ទៅថោន នោះ ធ្វើឱ្យនាងចុះខ្សោយជាងមុន ទាំងកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូល ហេតុនេះហើយបានជាពេលថ្មីៗនេះ គេច្រើនឃើញបញ្ញា ទៅដើរលេងក្រៅស្រុកច្រើនជាងនៅក្នុងស្រុក។

ទោះជាយ៉ាងណា តាមរយៈការជួបផ្ទាល់ជាមួយឈិត សុវណ្ណបញ្ញា កន្លងមក នាងទទួលស្គាល់ថា ពិតជាបាត់បង់ការប្រគំតន្ត្រីខ្លះៗមែន ព្រោះពេលនេះ ហង្សមាស កាន់ការប្រគំតន្ត្រីច្រើនក្នុងដៃ។ តែសម្រាប់រូបនាងផ្ទាល់ មិនដែលចង់បានលេខ១ នៅផលិតកម្មណា ឬចង់ប្រជែងជាមួយតារាណានោះទេ គឺសូមឱ្យតែគេមានបទថ្មីច្រៀងនាងមានបទថ្មីច្រៀងដូចគេដែរ ទៅបានហើយ។

ថ្វីត្បិតតែពេលនេះ ឈិត សុវណ្ណបញ្ញា ហាក់នៅទ្រឹងកេរ្តិ៍ឈ្មោះក្តី តែស្រីស្រស់តូចច្រឡឹងរូបនេះ កាន់តែមានមន្តស្នេហ៍ខ្លាំងជាងមុន ដោយមានមន្ត្រីធំតាមស្នេហ៍ច្រើន ធ្វើឱ្យនាងកាន់តែហ៊ឺហាជិះរថយន្តទំនើបៗ ដូចជា Range Rover និង Landcruiser V8 ជាដើម៕