Loading...

ទើបចេញពីគុក ឃាតករកាត់ក្បាលយកទៅបាត់ រួចបោះចោលខ្លួនក្នុងស្ទឹង

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:41 pm

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានបាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ប្រពន្ធដើរតាមរក ក៏ស្រាប់តែប្រទះឃើញសាកសពប្តីត្រូវឃាតករចិត្តកំណាចឃោរឃៅ សម្លាប់កាត់ក្បាលយកទៅបាត់ ដោយបន្សល់ទុកតែដងខ្លួននៅក្នុងទឹកស្ទឹង ធ្វើឱ្យស្ត្រីជាប្រពន្ធរន្ធត់ចិត្តស្ទើរគាំងបេះដូង។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង នៅរង្វង់យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមាត់ស្ទឹងរលាព្រក ក្បែរផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ។ លុះព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ទើបស្ត្រីជាប្រពន្ធជនរងគ្រោះ បានប្រទះឃើញសាកសពប្តី ដែលសល់តែដងខ្លួន (បាត់ក្បាល) ត្រូវគេបោះចោលនៅក្នុងទឹកស្ទឹងក្បែរផ្ទះ។

បុរសរងគ្រោះ ដែលត្រូវឃាតករដៃឆៅសម្លាប់កាត់ក្បាលយកទៅបាត់នេះ មានឈ្មោះម៉ែន ថា អាយុ៥៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធ ឈ្មោះយ៉ម ហុន មុខរបរកសិករ។ ប្តីប្រពន្ធជនរងគ្រោះ មានលំនៅក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន តែសព្វថ្ងៃបានមកស្នាក់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ គាត់បានឮសំឡេងប្តីរបស់គាត់ បានប្រកែកគ្នាជាមួយនឹងអ្នកបរទេះ នៅចំណុចមាត់ស្ទឹងរលាកព្រក ក្បែរផ្ទះរបស់គាត់។ បន្ទាប់មក គាត់ក៏បានដើរតាមទៅរកមើលប្តីដែរ តែរកមិនឃើញសោះ ទើបគាត់បានត្រឡប់មកសម្រាកនៅផ្ទះវិញ ទន្ទឹងចាំមើលក្រែងប្តីត្រឡប់មកវិញ តែពេញ១យប់ មិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញសោះ។

រហូតមកដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងចំរុះបានសហការគ្នាចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះពិតជាករណីឃាតកម្មប្រាកដមែន ដោយឃាតករអាចមានគ្នាយ៉ាងតិច៣នាក់ បានសម្លាប់ជនរងគ្រោះក្នុងរូបភាពដ៏ឃោរឃៅ ដោយសម្លាប់កាត់ក្បាល រួចយកក្បាលសាកសពទៅបាត់ ដោយបន្សល់ទុកតែដងខ្លួននៅក្នុងទឹកស្ទឹងប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ក្បាលរបស់ជនរងគ្រោះ នៅមិនទាន់រកឃើញនៅឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ព្រោះកន្លងមក ជនរងគ្រោះធ្លាប់មានជម្លោះជាមួយគេ ណាមួយជនរងគ្រោះទើបចេញពីពន្ធនាគារផង។

ដងខ្លួនសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ទាំងមិនទាន់រកឃើញក្បាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕