Loading...

បរិយាយថ្ងៃនេះ ៖ ធ្វើក៏ខុស មិនធ្វើក៏ខុស

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 16:39 pm

ជាទូទៅ តារាភាពយន្ត តារាចម្រៀង តារាកំប្លែង ក៏ដូចជាអ្នកសិល្បៈល្បីៗតាមមុខជំនាញ លុះត្រាតែដើរតាមរដ្ឋាភិបាល ទើបបានសុខ ប៉ុន្តែបើពួកគាត់ធ្វើអ្វីៗតាមរដ្ឋាភិបាល ជាហេតុនាំឱ្យពួកប្រឆាំងខឹងសម្បា ស្របនឹងសុភាសិតខ្មែរថា “ធ្វើក៏ខុស មិនធ្វើក៏ខុស”។ ករណីតារាចម្រៀង តារាសម្តែង អ្នកកំប្លែងល្បីឈ្មោះ ចូលរួមឃោសនាឱ្យបក្សកាន់អំណាច ក៏ជាដើមចមនាំឱ្យមានជម្លោះពេញហ្វេសប៊ុក ដែល “នគរធំ” យល់ស្ថានការណ៍មិនស្រួល ក៏លើករឿង “អ្នកសិល្បៈ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្នុងការហែក្បួនគគ្រឹកគគ្រេង ឃោសនារកសំឡេងឆ្នោតឱ្យបក្សកាន់អំណាច (CPP) គេសង្កេតឃើញតារាចម្រៀងល្បីឈ្មោះ ដូចជាអ្នកនាងម៉េង កែវពេជ្ជតា លោកករុណា ពេជ្រ លោកខេមរៈ សិរីមន្ត ជាដើម ពាក់អាវរូបសញ្ញាទេវតាបាចផ្កា ជាពិសេស អ្នកនាងពេជ្ជតា កាន់ក្បាលមីក្រូឃោសនាគាំទ្របេក្ខភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកតារាកំប្លែង ក៏មាននាយពែកមី លេចធ្លោជាងគេ បានបង្ហោះរូបថតក្នុងហ្វេសប៊ុក បណ្តាលឱ្យពួកប្រឆាំងមួម៉ៅក្តៅក្រហាយ ជេរប្រទេច សិល្បករ សិល្បការិនីទាំងនោះ យ៉ាងចាស់ដៃ ទោះបីជាអ្នកនាងម៉េង កែវពេជ្ជតា ប្រកាសថា សំឡេងនាងត្រូវគេយកទៅកាត់តដើម្បីសម្អុយឈ្មោះនាង ក៏ការជេរប្រទេចនោះមិនទាន់ឈប់ ភាគច្រើនចេញមកពីក្រៅប្រទេស។ អ្នកជេរសិល្បករ សិល្បការិនី បានព្រមានតារាល្បីៗទាំងនោះធ្ងន់មែនទែន ខ្លះទៀតបានទាំងជាន់កម្ទេចស៊ីឌីចម្រៀងអ្នកនាងម៉េង កែវពេជ្ជតា និងប្រកាសឈប់មើលឆាកកំប្លែងនាយពែកមី ទៀតផង។ ក្រៅពីតារាសំខាន់ៗទាំងពីរនាក់នោះ ក៏មានអ្នកសិល្បៈឯទៀត ដូចជា អ្នកនាងចន ច័ន្ទលក្ខិណា លោកសាពូន មីដាដា ជាដើម ត្រូវអ្នកប្រឆាំងនៅក្រៅប្រទេស “ចុះបញ្ជីខ្មៅ” មិនស្វាគមន៍ បើសិនជាមានការទៅច្រៀងសម្តែងនៅក្រៅស្រុក។

ការរើសអើងស្អប់ខ្ពើមគ្នានេះ បណ្តាលមកពី “និន្នាការនយោបាយ” ដែលកំពុងកើតមានយ៉ាងពេញបន្ទុកក្នុងសង្គមកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះថា ស្រុកខ្មែរពេលនេះ គ្មានសង្គ្រាមអ្វីសោះ បែរជាមានជម្លោះនយោបាយរាលដាលដល់វិស័យសិល្បៈឯណោះ គួរឱ្យសង្វេគជាពន់ពេក ហើយបើ CPP មិនរកមធ្យោបាយផ្សះផ្សាជាតិឱ្យទាន់ពេលវេលា ច្បាស់ជាការហែកហួរគ្នាកាន់តែធ្ងន់ទៅៗ។

ងាកមករឿង “ធ្វើក៏ខុស មិនធ្វើក៏ខុស” វិញ គឺមានន័យថា អ្នកសិល្បៈល្បីល្បាញពិបាករើខ្លួនណាស់ ព្រោះបើគាត់នៅក្នុងសង្គមណា ត្រូវបម្រើសង្គមហ្នឹង របបហ្នឹង ឬថា “អង្គុយលើភ្លៅម្តាយណា បៅដោះម្តាយហ្នឹង”។ សូមរំព្ញកថា កាលពីសម័យសង្គមរាស្ត្រនិយម អ្នកសិល្បៈទាំងអស់ តាំងពីតារាចម្រៀង តារាភាពយន្ត កំប្លែង អាយ៉ៃ ចាប៉ីដងវែង ល្ខោនបាសាក់ យីកេ សុទ្ធតែដើរតាមគោលនយោបាយសង្គមរាស្ត្រនិយមទាំងអស់។ នាទសវត្សឆ្នាំ១៩៦០ បើសម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងទៅសម្ពោធសមិទ្ធផលអ្វីតាមបណ្តាខេត្ត តែងតែនាំអ្នកចម្រៀងល្បីៗទៅជាមួយ ដូចជា អ្នកស្រីម៉ៅ សារ៉េត អ្នកស្រីប៉ែន រ៉ន អ្នកស្រីហួយ មាស លោកអ៊ឹម សុងសឺម លោកសុះ ម៉ាត់ តាមទៅច្រៀងជូនប្រជារាស្ត្រស្តាប់។ នៅពេលព្រះអង្គថ្លែងព្រះរាជសង្កថាចប់ ក៏ត្រាស់បង្គាប់លោកមាស សាម៉ន លោកឡឹក សាវ៉ាត ឱ្យឡើងសម្តែងឆាកកំប្លែងពីមុខព្រះភ័ក្ត្រព្រះអង្គតែម្តង។ តារាកំប្លែងឯកទាំងពីរនោះ ជួនកាលសម្តែងជាជនជាតិឥណ្ឌា ចេះឡករបាំឥណ្ឌា កាច់ចង្កេះរស់រវើក និងនិយាយឆ្លើយឆ្លងគ្នាជាភាសាខ្មែរ តែយកសំនៀងតាមក្លិង្គ។ ជួនកាលដើរតួជាចិន និយាយខ្មែរប៉ៃឡាំៗ ដូចជាពាក្យថា “ស៊ីក្តាមប្រៃ” លោកមាស សាម៉ន ថា “ជាក់គីឡាមប៉ៃ” ជាដើម ធ្វើឱ្យទស្សនិកជនសើចសប្បាយ សូម្បីសម្តេចឪ ទ្រាំមិនបាននឹងភាពក្រមិចក្រមើមនោះ ក៏ទ្រង់ព្រះសម្រួល (សើច) នឹងគេដែរ។

សម័យនោះ មានការបង្កើតក្រុមតន្ត្រី “យោធាភិរម្យ” និង “តម្រួតភិរម្យ” បម្រើគោលនយោបាយសង្គមរាស្ត្រនិយម សូម្បីលោកស៊ីន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ធា ក៏ត្រូវសម្តេចឪ ត្រាស់បង្គាប់ឱ្យច្រៀងបញ្ចូលសំឡេងក្នុងខ្សែភាពយន្តរបស់ព្រះអង្គដែរ។ ចំណែកលោក “ស្មៀនយ៉ុង” ជាសិល្បករអាយ៉ៃល្បីល្បាញជំនាន់នោះ ពេលលោកឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រតាម “ឯកត្តនាម” ក៏បានច្រៀងអាយ៉ៃ ចេញយុទ្ធសាស្ត្រនយោបាយរកសំឡេងឆ្នោត និងឈ្នះឆ្នោតក្លាយជាតំណាងរាស្ត្រនៅមណ្ឌលមួយ។

លុះមានរដ្ឋប្រហារកើតឡើង អ្នកសិល្បៈទាំងអស់គ្មានជម្រើសអ្វីក្រៅពី “ចូលឃ្នងសាធារណរដ្ឋ” នោះឡើយ ដែលកាលនោះ តារាចម្រៀង តារាភាពយន្តល្បីៗ បានចូលបម្រើយោធា បានពាក់ស័ក្តិ៣ ស័ក្តិ៤ គ្រប់គ្នា ដែលបុណ្យស័ក្តិជំនាន់នោះថ្លៃណាស់។ បទចម្រៀងណាដែលបម្រើឱ្យរបបលោកលន់ នល់ ល្បីរន្ទឺខ្លាំងណាស់ ដូចជាបទ “ពលទោអភ័ព្វ”, “ថ្ងៃ១២កក្កដា” ច្រៀងដោយលោកអាប់ឌុល សារី ជាដើម។ ករណីអ្នកសិល្បៈចុះចូលបម្រើរបបសាធារណរដ្ឋខ្មែរ បណ្តាលឱ្យពួកខ្មែរក្រហម ខឹងសម្បា ចងគំនុំ លុះបែកភ្នំពេញ នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ តារាចម្រៀង តារាភាពយន្តល្បីៗ ដូចជា លោកស៊ីន ស៊ីសាមុត លោកសុះ ម៉ាត់ អ្នកស្រីរស់ សេរីសុទ្ធា លោកគង់ សំអឿន លោកជា យុទ្ធថន អ្នកស្រីទិត្យ វិជ្ជរ៉ាដានី អ្នកស្រីសោម វណ្ណសូដានី ជាដើម ត្រូវពួកខ្មែរក្រហម ចាប់យកទៅសម្លាប់មុនគេ ដោយចោទប្រកាន់ថា ជា “អ្នកសាបព្រោះវប្បធម៌ពាលាអាវាសែ”។

ការរៀបរាប់ដោយត្រួសៗខាងលើនេះ បង្ហាញថា “អ្នកសិល្បៈ ធ្វើក៏ខុស មិនធ្វើក៏ខុស” ពោលគឺ បើពួកគាត់មិនដើរតាមរដ្ឋាភិបាល នឹងរងការចោទប្រកាន់ដោយប្រការណាមួយួ ប៉ុន្តែបើពួកគាត់បម្រើគោលនយោបាយបក្សកាន់អំណាច ពិតណាស់ថា “ពួកប្រឆាំងស្អប់ខ្ពើម”។ អ៊ីចឹងតើឱ្យអ្នកសិល្បៈដោះស្រាយដោយវិធីណា? បើ “ធ្វើក៏ខុស មិនធ្វើក៏ខុស” យ៉ាងនេះ?។ ករណីអ្នកនាងម៉េង កែវពេជ្ជតា លោកពែកមី ត្រូវព្រនង់អ្នកប្រឆាំងក្រៅប្រទេសនោះ គឺចូលក្នុង “ធ្វើក៏ខុស មិនធ្វើក៏ខុស” នេះឯង ប៉ុន្តែកុំភ្លេចថា “អ្នកសិល្បៈសម័យនេះ កំពុងជាន់ដានអ្នកសិល្បៈជំនាន់មុន”។

ដូច្នេះបើមិនចង់ឱ្យអ្នកសិល្បៈសម័យនេះ ជួយឃោសនាឱ្យ CPP លុះត្រាតែគណបក្សណាមួយ “យកឈ្នះឆ្នោត បានដឹកនាំប្រទេស” ទើបអាចអូសទាញអ្នកសិល្បៈឱ្យដើរតាមរដ្ឋាភិបាលថ្មី ដូចករណីលោកស៊ីន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ធា ធ្លាប់ដើរតាមសម្តេចឪ លុះព្រះអង្គអស់មុខតំណែង តារាចម្រៀងល្បីទាំងពីរនោះ បានងាកទៅបម្រើរបបលន់ នល់ យកសេចក្តីសុខ ជាពិសេស លោកស៊ីន ស៊ីសាមុត បានក្លាយជានាយទាហានម្នាក់ រីឯអ្នកស្រីរស់ សេរីសុទ្ធា បានក្លាយជាភរិយាលោកឧត្តមសេនីយ៍ ស្រី យ៉ា ដ៏មានឥទ្ធិពល។

ឥឡូវពួកប្រឆាំងនៅក្រៅប្រទេស កំពុងខឹងសម្បាអ្នកនាងម៉េង កែវពេជ្ជតា លោកពែកមី ខ្លាំងណាស់ ដោយសារតែ “និន្នាការនយោបាយ” ប៉ុន្តែបើបានស្វែងយល់ពីអតីតកាលដូចអ្វីដែល “នគរធំ” គាស់កកាយនេះ ច្បាស់ជាមិនប្រកាន់ទោស អូសដំណើរអ្នកសិល្បៈនោះទេ។ បើពិចារណាឱ្យស៊ីជម្រៅ “អ្នកសិល្បៈត្រូវនៅអព្យាក្រឹត ទើបល្អ” ដើម្បីរក្សាឆ្នាំងបាយរបស់ខ្លួន ប៉ុន្តែសម្ពាធនយោបាយ រើខ្លួនមិនរួច “ធ្វើក៏ខុស មិនធ្វើក៏ខុស”។ ករណីលោកសោភ័ណ្ឌ័ ឡារី តារាសម្តែងដែលចូលបម្រើអតីត CNRP នោះ ក៏ជាហេតុនាំឱ្យអ្នកគាំទ្រ CPP ខឹងសម្បាដូចគ្នា ដែលសម្រេចទៅ អ្នកសិល្បៈចាំតែខុសរហូត។

សរុបទៅ “ធ្វើក៏ខុស មិនធ្វើក៏ខុស” គ្រាន់តែជាការដាស់តឿនស្មារតីប្រជាពលរដ្ឋខ្មែរ ដែលកំពុងបែងចែកនិន្នាការនយោបាយ “កុំចងពៀរអ្នកសិល្បៈធ្វើអ្វី”។ ចំណែកអ្នកសិល្បៈទៀតសោត ក៏គួររក្សាឥរិយាបថល្មមៗបានហើយ កុំចេញមុខយកគាប់គួរខ្លាំងពេក នាំឱ្យមានប្រតិកម្ម ឬថា បើបម្រើបក្សណា ក៏បម្រើទៅ ប៉ុន្តែកុំវ៉ៃប្រហារប៉ះពាល់ដល់ទស្សនិកជន អាចជាន់សុភាសិតមួយទៀតថា “សុខៗយកជ័រព្នៅត្បៀតក្លៀក”…៕