Loading...

ប្តីរវល់រកសុី យូរៗមកផ្ទះម្តង ទាន់ប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយលោកពូសន្តិសុខ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:12 am

ភ្នំពេញ ៖ បុរសអភ័ព្វម្នាក់នេះ ហេតុតែចង់ឱ្យជីវភាពគ្រួសារបានខ្ពង់ខ្ពស់ ប្រពន្ធកូនរស់នៅបានសុខស្រួល ក៏ខំស្កាត់ចេញទៅធ្វើជំនួញ នាំទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជា រវល់តែឡើងចុះវីវក់ជាមួយនឹងមុខរបរ ឃ្លាតឆ្ងាយគ្រួសារយូរ ស្រាប់តែស្ត្រីជាប្រពន្ធជូរមាត់ ក៏បែកគំនិតលបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងប្រុសថ្មី រហូតដល់ថ្លើមធំហ៊ាននាំប្រុសថ្មីចូលមករួមស្នេហ៍ដល់ក្នុងផ្ទះទៀត ទីបំផុត ក៏ត្រូវបុរសជាប្តីតាមទាន់ ផ្ទុះជម្លោះផ្អើលដល់សមត្ថកិច្ចចុះមកនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

ករណីប្តីតាមទាន់ ប្រពន្ធបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦សេ២០ ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បុរសអភ័ព្វដែលត្រូវប្រពន្ធផិតក្បត់លួចលាក់មានប្រុសថ្មីនេះ មានឈ្មោះសៀ គឹមលី អាយុ៣៧ឆ្នាំ មុខរបរអ្នកជំនួញ ខ្មែរ-ថៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ ប៉ុន្តែក្នុងរយៈពេល៤ខែកន្លងមកនេះ ដោយសារតែក្នុងគ្រួសារមានបញ្ហាច្រើនពេក ទើបចេញទៅស្នាក់នៅផ្ទះបងបង្កើតរបស់ខ្លួនជាបណ្តោះអាសន្ន។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះប្រាក់ ឆវី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ និងកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយឡែក ភាគីបុរសជាប្រុសស្នេហ៍របស់ស្ត្រីខាងលើ មានឈ្មោះឯក ណាង អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្រុកកំណើតជាមួយស្រីស្នេហ៍)។

ក្រោយពីកើតមានជម្លោះតឹងសរសៃកដាក់គ្នាទាំងយប់រួចមក អ្នកជិតខាងខ្លាចកើតជាអំពើហិង្សា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ រួចបាននាំភាគីទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ដើម្បីសួរនាំ។

ជុំវិញរឿងរ៉ាវខាងលើិនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីជាប្រពន្ធ ក៏ដូចជាភាគីបុរសដែលទទួលរងការចោទប្រកាន់ថាជាប្រុសសហាយបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)