Loading...

មានជំងឺប្រចាំកាយមើលមិនជា ធុះថប់ជីវិតពេក ក៏ដាច់ចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 9:43 am

ខេត្តកំពង់ចាម ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្យាបាលមិនជា ទើបធ្វើឱ្យកើតមានអាការៈធុញថប់នឹងជីវិតលែងមានចិត្តចង់រស់ ក៏ដាច់ចិត្តយកថ្នាំបំពុលសត្វមកផឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

ស្ត្រីគិតខ្លីដែលផឹកថ្នាំពុលធ្វើអត្តឃាត មានឈ្មោះគីម ហ៊ាង អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីកូនបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីជាម្តាយ (ស្ត្រីរងគ្រោះ) បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ព្យាបាលមិនជាសោះ មិនតែប៉ុណ្ណោះស្ថានភាពជំងឺចេះតែធ្វើទុក្ខជាប់ជាប្រចាំ ទើបស្ត្រីរងគ្រោះលំបាកក្នុងខ្លួនយ៉ាងខ្លាំង ទើបកន្លងមកចេះ តែត្អូញត្អែរថា គាត់ធុញទ្រាន់នឹងជីវិតបែបនេះណាស់ មិនចង់រស់នៅបន្តទៀតនោះទេ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកូនៗនៅក្រោមផ្ទះ បានស្តាប់ឮសំឡេងម្តាយក្អួតចង្អោរយ៉ាងខ្លាំងនៅលើផ្ទះ ទើបនឹកឆ្ងល់ឡើងទៅមើល ស្រាប់តែប្រទះឃើញម្តាយដេកបែកពពុះមាត់ និងមានថ្នាំសម្លាប់សត្វល្អិត១កំប៉ុង នៅក្បែរខ្លួនផង ទើបដឹងថា ម្តាយផឹកថ្នាំពុលសម្លាប់ខ្លួន ក៏រៀបចំដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ម្តាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។ ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព ឃើញថា ផ្នែកក្បាលពុំមានស្លាកស្នាមអ្វីទេ ចំណែកផ្នែកកក៏ពុំមានស្លាកស្នាមអ្វីដែរ រីឯដងខ្លួន ក៏គ្មានស្លាកស្នាមអ្វីដូចគ្នា។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយលេបថ្នាំបំពុលសម្លាប់សត្វល្អិតប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុដោយសារតែស្ត្រីរងគ្រោះកើតមានវិបត្តិផ្លូវចិត្ត និងមានជម្ងឺប្រចាំកាយ។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕