Loading...

មិនធ្វើការងារ គិតតែផឹក រួចដើរត្អូញត្អែរតូចចិត្តនឹងជីវភាពក្រីក្រ ឡើងចងកសម្លាប់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:45 am

ខេត្តរតនគិរី ៖ បុរសម្នាក់ ត្រូវបានអ្នកភូមិអះអាងថា ជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ មួយថ្ងៃៗផឹកស្រវឹងគ្មានពេលស្វាង ការងារអ្វីក៏មិនព្រមរកធ្វើ លុះផឹកស្រវឹង ចេះតែត្អូញថា តូចចិត្តតូចថ្លើម ជីវភាពទ័លក្រខ្លាំងពេក គ្មានដីចម្ការធ្វើដូចគេ រួចក៏រត់ទៅចងកសម្លាប់ខ្លួន។

ករណីបុរសប្រមឹក តូចចិត្តអត់មានដីចម្ការធ្វើនឹងគេ ធ្វើឱ្យជីវភាពទីទ័លក្រខ្លាំង រហូតដល់ដាច់ចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាអ ឃុំកិចុង ស្រុកបរកែវ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះទីង ហ្យៅ អាយុ៣៩ឆ្នាំ ជាជនជាតិភាគតិចទំពូន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ជនរងគ្រោះរូបនេះ គឺជាមនុស្សប្រមឹក ដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងមិនដែលគិតខ្វល់ពីរឿងធ្វើការរកស៊ីចិញ្ចឹមជីវិតអ្វីទាំងអស់ លុះជីវភាពទីទ័លក្រ ខ្វះមុខខ្វះក្រោយ បែរជាតូចចិត្តតូចថ្លើមបន្ទោសលើព្រហ្មលិខិត រហូតដល់ចុងក្រោយ មានគំនិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ ឱ្យតែផឹកស្រាស្រវឹង ជនរងគ្រោះតែងលើកឡើងថា រូបគេអភ័ព្វណាស់ ជីវភាពក្រដុនដាបជាងគេក្នុងភូមិ ព្រោះតែគ្មានដីចម្ការសម្រាប់ធ្វើនឹងគេ ហើយបើរស់នៅវេទនាម្លឹងៗ លែងចង់រស់បន្តទៀតហើយ។ រហូតមកដល់វេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក៏មានការភ្ញាក់ផ្អើលឡើងថា ជនរងគ្រោះបានចងកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើរួចមក សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងពណ៌ខៀវ ចងកភ្ជាប់ជាមួយរនងផ្ទះកម្ពស់២,២០ម៉ែត្រ។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងរាល់ៗថ្ងៃ ហើយតូចចិត្តខ្លួនឯងគ្មានចំការធ្វើដូចគេ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕