Saturday, July 5, 2025
Homeសង្គម និងជីវិតមួួម៉ៅរឿងម្ចាស់ផ្ទះឈប់ជួលបន្ទប់ឱ្យនៅ ចាក់សាំងដុត

មួួម៉ៅរឿងម្ចាស់ផ្ទះឈប់ជួលបន្ទប់ឱ្យនៅ ចាក់សាំងដុត

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែមួួម៉ៅក្តៅចិត្ត រឿងម្ចាស់ផ្ទះឈប់ជួលបន្ទប់ឱ្យស្នាក់នៅបន្តទៀត ក៏ដើរទៅទិញសាំងចំនួន២លីត្រ បំណងយកមកចាក់ដុតបន្ទប់ចោល ស្រាប់តែសំណាងមិនល្អ ក៏ត្រូវភ្លើងឆេះរលាករលួយពេញខ្លួនប្រាណខ្លួនឯងទៅវិញ និងត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។

ករណីចាក់សាំងដុតបន្ទប់ជួល បែរជាឆេះរលាកខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទ្រា៤ ក្រុមទី៦ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បុរសដែលចាក់សាំងដុតបន្ទប់ បែរជាឆេះខ្លួនឯងរងរបួសធ្ងន់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បុរសរូបនេះ គឺជាមនុស្សប្រើប្រាស់ថ្នាំញៀន។

តាមប្រភពពីប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ បានឱ្យដឹងថា បុរសខាងលើ គឺជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយមុនពេលកើតហេតុម្ចាស់ផ្ទះ បានឈប់ជួលបន្ទប់ឱ្យរូបគេរស់នៅទៀត ដោយសារតែខ្លាចពាក់ព័ន្ធដល់រូបគាត់ ពេលនោះស្រាប់តែធ្វើឱ្យជនខាងលើខឹងច្រឡោត រត់ទៅទិញសាំង ចំនួន២លីត្រ បំណងយកមកចាក់ដុតបន្ទប់ជួលនេះចោលតែម្តង។

ប្រភពដដែលបន្តថា លុះទិញសាំងមកដល់ ជនខាងលើ បានចាក់ពេញបន្ទប់ រួចក៏កេះដែកកេះដុត ស្រាប់តែមិនដឹងជាយ៉ាងម៉េច ភ្លើងក៏បានឆាបឆេះបុរសរូបនោះ បណ្តាលឱ្យរលាកសុសពេញខ្លួនតែម្តង។ ភ្លាមនោះ ម្ចាស់ផ្ទះជួល រួមនឹងអ្នកជិតខាង បាននាំគ្នាជួយបាញ់ទឹកពន្លត់ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយកើតហេតុ គេឃើញជនរងគ្រោះដែលត្រូវភ្លើងឆេះរលាកពេញខ្លួន ក្តៅក្រហល់ក្រហាយ ស្រែកហៅគេឱ្យជួយ និងរត់ទៅអង្គុយត្រាំទឹកនៅខាងមុខបន្ទប់ជួល។ បន្ទាប់មក សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីនាំខ្លួនយកជនញៀនថ្នាំខាងលើទៅប៉ុស្តិ៍ដើម្បីសាកសួរ៕

RELATED ARTICLES