Loading...

កែវ វាសនា មិនចង់មានរឿងជាមួយថោន

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:37 pm

តារាចម្រៀងកែវ វាសនា ដែលចេញពីសាន់ដេ ចូលថោន ហើយពេលនេះបានចេញពីថោន ចូលសាន់ដេ (ទៅហើយមកវិញ) នោះ ត្រូវបានគេបង្ហើបឱ្យដឹងថា វាសនា មានការអាក់អន់ស្រពន់ចិត្ត ព្រោះតែថោន មិនអើពើឡង់សេរូបគេ ដោយសារប្រឹងតែលើកតម្កើងសុគន្ធ ថេរ៉ាយុ ពេក ហេតុនេះហើយបានជាគ្មានជម្រើស ត្រូវតែវិលមករកទ្រនំចាស់សាន់ដេ វិញម្តងទៀត  ដើម្បីជាការស្តារមុខមាត់ឡើងវិញ។

ក្នុងជំនួបផ្ទាល់ កែវ វាសនា បានឱ្យដឹងថា រូបគេមិនចង់មានរឿងជាមួយថោន ដោយចេញហើយនិយាយពីកន្លែងចាស់នោះទេ គឺសូមនិយាយតែរឿងថ្មីៗនៅសាន់ដេ វិញម្តង ព្រោះថា ការចេញពីថោន នោះ ដោយសារតែផុតកុងត្រាទៅហើយ។

តារាចម្រៀងកូន1រូបនេះ ថ្លែងថា “ខ្ញុំគ្មានបញ្ហាអីជាមួយថោន ទេ ហើយការចេញនោះ ដោយសារតែខ្ញុំចប់កុងត្រាជាមួយថោន អ៊ីចឹងយើងមកសាន់ដេ វិញ ខាងផលិតកម្មសាន់ដេ ស្វាគមន៍ខ្ញុំឱ្យចូលវិញ។ ខ្ញុំមិនចង់និយាយថា នៅថោន គេឡង់សេអ្នកណា មិនឡង់សេអ្នកណាអីទេ ព្រោះខ្ញុំចេញទៅហើយ។ ខ្ញុំគ្មានរឿងអីជាមួយថោន ទេ គឺចេញតាមសម្រួល”។

កែវ វាសនា បានឱ្យដឹងថា រូបគេបានចុះកុងត្រាជាមួយផលិតកម្មសាន់ដេ រយៈពេល2ឆ្នាំ ហើយនៅរដូវក្តៅចុងឆ្នាំ2018 នេះ នឹងមានការចេញច្រៀងតាមខេត្តច្រើនវិញ ជាមិនខានឡើយ។

កែវ វាសនា បន្ថែមថា “មូលហេតុដែលខ្ញុំចូលសាន់ដេ ដោយសារតែផលិតកម្មគាត់កាន់ Concert ច្រើនដែរ នៅរដូវក្តៅហ្នឹង អ៊ីចឹងយើងនឹងចេញច្រៀងតាមខេត្ត ដែលជាការរៀបចំរបស់ក្រុមហ៊ុននាពេលខាងមុខនេះ។ ចំពោះការ ធ្វើបទចម្រៀងវិញ ខ្ញុំនឹងត្រៀមចេញបទចម្រៀងថែមទៀតនាពេលខាងមុខនេះដែរ បន្ទាប់ពីថ្មីៗនេះបានចេញ1បទ ហើយមានការគាំទ្រច្រើនដែរ”។

កែវ វាសនា ក្រោយរៀបការជាមួយភរិយាជាកូនអ្នកមានទ្រព្យនៅខេត្តបន្ទាយមានជ័យ មក ពេលនេះ វាសនា រស់នៅយ៉ាងហ៊ឺហាក្នុងវីឡាតម្លៃជាង20ម៉ឺនដុល្លារ នៅបុរីពិភពថ្មី (បឹងស្នោ) ហើយអតីតតារាចម្រៀងផលិតកម្ម SSB, M និងថោន នេះ ជិះរថយន្តទំនើប Land Curiser V8 តម្លៃជិត10ម៉ឺនដុល្លារ៕