Loading...

គង់ សុជាតិ តំណាងកម្ពុជា ចេញទៅរៀនជំនាញប៉ាក់ចិញ្ចើមពីគ្រូអាឡឺម៉ង់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:55 am

ពិធីការិនីល្បីល្បាញ អ្នកនាងគង់ សុជាតិ ដែលជាថៅកែហាងរក្សាសម្រស់ ”សុជាតិ” ដំណើរការជាង១០ឆ្នាំមកហើយនោះ ថ្មីៗនេះ នាងបានចេញទៅរៀនជំនាញកែសម្រស់នៅប្រទេសថៃ ក្នុងនាមជាម្ចាស់ហាងតំណាងមកពីកម្ពុជា ហើយអ្នកនាងសុជាតិ ត្រូវបានគ្រូជំនាញមកពីអាឡឺម៉ង់ ដល់ទៅ២រូប បង្វឹកផ្នែកប៉ាក់ចិញ្ចើម។

អ្នកនាងសុជាតិ ត្រូវបានគ្រូប៉ាក់ចិញ្ចើមលំដាប់ថ្នាក់ពិភពលោក ជនជាតិអាឡឺម៉ង់២រូប គឺអ្នកគ្រូ Vesna និង​Megy ដែលបង្ហាត់ជំនាញចិញ្ចើមដល់អ្នកនាងសុជាតិ នៅប្រទេសថៃ រយៈពេលខ្លីនោះ។

អ្នកនាងគង់ សុជាតិ បានថ្លែងសារខ្លីលើបណ្ដាញសង្គមថា ”ខ្ញុំរីករាយណាស់ ដែលមានឱកាសបានមកទទួលយកនូវបទពិសោធន៍ថ្មីថែមទៀត ពីអ្នកជំនាញ Grand Master ពីររូបដើម្បីក្លាយជាសមាជិក Phibrows Academy ជាស្ថាប័នផ្នែកប៉ាក់ចិញ្ចើម លំដាប់ថ្នាក់ពិភពលោក និងល្បីពាសពេញអាស៊ី”។

គង់ សុជាតិ បានរៀនផ្នែកប៉ាក់ចិញ្ចើម និងបង្ហាត់សិស្សដែលចូលរៀននៅហាងរក្សាសម្រស់របស់នាងផ្នែកនេះ ជិត១០ឆ្នាំមកហើយ តែពិធីការិនីហង្សមាស រូបនេះ ធ្លាប់ប្រកាន់ជំហរថា​ការរៀន គឺមិនចេះចប់នោះទេ ហេតុនេះហើយ ទោះជាក្លាយទៅជាថៅកែហាងជាច្រើនឆ្នាំក្ដី ក៏អ្នកនាងនៅតែត្រូវទៅរៀនបន្ថែម ដើម្បីយកចំណេះដឹងថែមទៀតដែរ ព្រោះការរៀន គឺមិនចេះចប់ឡើយ។

ពិធីការិនីដែលមានមុខជំនួញដ៏រឹងមាំ ក្រៅពីអាជីពសិល្បៈអ្នកនាងសុជាតិ បានជំនឿ និងទំនុកចិត្តថា ក្រោយពេលដែលទទួលបានការបណ្ដុះបណ្ដាលបន្ថែមផ្នែកប៉ាក់ចិញ្ចើម ពីគ្រូជំនាញលំដាប់ថ្នាក់ពិភពលោកទាំង២ហើយនោះ ធ្វើឲ្យអ្នកនាងកាន់តែមានជំនឿចិត្តក្នុងការផ្តល់ចំណេះដឹង ដែលទទួលបានពីគ្រូបរទេសនោះ ដើម្បីយកទៅពង្រឹងហាងរបស់អ្នកនាង​និងបង្ហាត់ដល់សិស្សទាំងអស់ ដែលបានមករៀនជំនាញនេះ នៅហាង “សុជាតិ” ផងដែរ ។

គង់ សុជាតិ ដែលល្បីល្បាញខាងអាជីពពិធីការិនីជាង២០ឆ្នាំមកហើយនោះ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះជា សុជាតិនារី អាយុជិត២ឆ្នាំ ខណៈដែលលោកវិបុល រំអុកចង់ឲ្យអ្នកនាងសុជាតិ ពពោះកូនប្រុសម្នាក់ទៀត តែអ្នកនាងសុជាតិ នៅរារែកចិត្ត ព្រោះពេលនេះកំពុងតែត្រូវប៉ាន់កើបលុយពីការធ្វើជាពិធីការិនី តាមកម្មវិធីផ្សេងៗ ដែលភាគច្រើនម្ចាស់កម្មវិធីតម្រូវយកទាំងអ្នកនាងសុជាតិ និងលោកវិបុល តែម្ដង។

មហាជនជាច្រើនបានសរសើរអ្នកនាងគង់ សុជាតិ ថា ទោះជាពេលនេះ សុជាតិ មានភាពមមាញឹកខាងការធ្វើពិធីការិនីនៅហង្សមាស យ៉ាងណា​ក៏អ្នកនាងនៅតែឆ្លៀតទៅបន្ថែមផ្នែកជំនាញប៉ាក់ចិញ្ចើមនេះដល់ថៃ ពីគ្រូអាឡឺម៉ង់ ទាំង២ ដែលនេះជាគំរូដ៏ល្អមួយសម្រាប់តារាសិល្បៈទូទៅ គឺត្រូវតែមានចំណេះដឹងខាងក្រៅបន្ថែមលើសិល្បៈ ទើបកាន់តែធ្វើឲ្យតារាៗទាំងនោះ កាន់តែមានភាពរឹងមាំដូចអ្នកនាងសុជាតិ នេះតែម្ដង៕