Loading...

ងួន ចាន់ដេវីត ថា គ្មានការស្ដាយក្រោយ រឿងដើរចេញពីហង្សមាស

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:27 pm

ម្ចាស់បទ ”រាំញីកែងជើង” ងួន ចាន់ដេវីត ហៅ G-Devith បានអះអាងជំហរថា រូបគេគ្មានការសោកស្ដាយចំពោះការដើរចេញពីផលិតកម្មធំ រស្មីហង្សមាស នោះឡើយ បើទោះជាមានមនុស្សជាច្រើនបានយល់ថា ការចាកចេញពីទ្រនំធំនេះ ធ្វើឲ្យដេវីត អាចនឹងចុះខ្សោយ ឬប្រឈមការធ្លាក់ប្រាក់ចំណូលក៏ដោយ។

ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី១៦ ខែកញ្ញា អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឲ្យដឹងថា “នោះជាការសម្រេចចិត្តរបស់ខ្លួនហើយ គ្មានការសោកស្ដាយក្រោយនោះទេ ព្រោះរូបគេចង់សាងស្នាដៃថ្មីៗដោយខ្លួនឯង ជាមួយនឹងការធ្វើបទចម្រៀងចេញនៅតាម Page ផ្ទាល់ខ្លួន និងតាម Youtube” ។

ដេវីត ថ្លែងថា ”ខ្ញុំបានចេញពីហង្សមាស ហើយដែលនេះជាការសម្រេចចិត្តរបស់ខ្ញុំផ្ទាល់ខ្លួន ហើយសម្រាប់ខ្ញុំគិតថា នឹងមិនមានការស្ដាយក្រោយទេ ព្រោះអីខ្ញុំចង់ធ្វើអ្វីថ្មីៗផ្ទាល់ខ្លួនឯង ខ្ញុំចង់មានបទចម្រៀងថ្មីៗផ្ទាល់ខ្លួន នាពេលខាងមុខនេះ។ ការចាកចេញនេះ ខ្ញុំមិនគិតថា យើងអាចប្រឈមការធ្លាក់ប្រាក់ចំណូលនោះទេ ព្រោះអីតាមខ្ញុំសិក្សាមើលទៅ គឺមិនជាបញ្ហាចោទនោះទេ ដោយសារតែខាងអ្នករៀបចំការប្រគំតន្ដ្រី នៅតែមានការទាក់ទងមកខ្ញុំអ៊ីចឹង អាចនិយាយបានថា ច្រើនជាងមុនទៀតផង”។

ទោះជាងួន ចាន់ដេវីត មិនមានការព្រួយបារម្ភខ្លាចបាត់បង់ទីផ្សារ ប្រឈមការបាត់មុខតាមឆាកតន្ដ្រីធំៗ របស់ហង្សមាស ក្ដី តែតាមអ្នករៀបចំកម្មវិធីប្រគំតន្ដ្រីធំៗ បានបង្ហើបឲ្យដឹងថា ពេលនេះ ហង្សមាស កំពុងក្ដោបក្ដាប់ Concert ធំៗ ទាំងអស់ក្នុងដៃ ដែលមិនអាចមានអ្នករៀបចំការប្រគំតន្រ្ដីផ្សេងៗទៀត ប្រជែងជាមួយផលិតកម្មធំនេះបានឡើយ ដោយសារតែហង្សមាស មានពាណិជ្ជកម្មធំៗ, តារាចម្រៀងល្បីៗ និងទូរទស្សន៍ផ្ទាល់ខ្លួន អីចឹងហើយបានជាមានការលើកឡើងថា ដេវីត ចេញពីហង្សមាស គឺចោលលុយធំនោះ ព្រោះថាបទចម្រៀងថ្មីៗរបស់គេ នឹងពិបាកចេញដោយខ្លួនឯង ហើយខ្វះទីតាំងក្នុងការឈរជើង ស្របពេលដែលហង្សមាស នឹងមិនហៅអតីតតារាចម្រៀងរបស់ខ្លួនមួយណាដែលដើរចេញហើយនោះ ឡើងឆាកធំៗដែលក្រុមហ៊ុននេះរៀបចំនោះទេ។

ងួន ចាន់ដេវីត ថ្លែងបន្ថែមទៀតថា ”និយាយទៅ ខ្ញុំគ្មានការព្រួយបារម្ភច្រើននោះទេ ចំពោះរឿងនេះ ព្រោះអី ក្រោយពេលខ្ញុំចេញពីហង្សមាស នេះ យើងបានរៀបចំក្រុមការងារផ្ទាល់ខ្លួនអស់ហើយ គឺខ្ញុំមានអ្នកនិពន្ធធ្វើភ្លេងអី សម្រាប់ការធ្វើបទចម្រៀងអី ដែលចេញជាធម្មតា គ្រាន់តែថា យើងត្រូវចំណាយលុយផ្ទាល់ខ្លួនច្រើនដែរ។ ចំពោះការឡើងឆាកតន្ដ្រីផ្សេងៗ គឺខ្ញុំសង្ឃឹមថា នឹងនៅតែមានមុខខ្ញុំដូចមុនអ៊ីចឹង គ្រាន់តែឆាកហង្សមាស ប្រហែលជាមិនអាចទេ ព្រោះអីយើងចេញហើយអ៊ីចឹង”។

 

ទាក់ទងការដើរចេញពីហង្សមាស យ៉ាងភ្ញាក់ផ្អើលរបស់ងួន ចាន់ដេវីត នៅពេលនេះ ត្រូវបានគេលើកឡើងថា តារាចម្រៀងដែលអាចធ្វើភ្លេងនិពន្ធបទចម្រៀងដោយខ្លួនឯងនិងពូកែខាងរ៉េបយ៉ាងស្ទាត់ជំនាញនេះ មានការអាកអន់ស្រពន់ចិន្ដា ជាមួយផលិតកម្មហង្សមាស ដែលមិនសូវយកចិត្តទុក្ខដាក់លើខ្លួន ព្រោះជាប់រវល់តែឡង់សេតារាផ្សេងៗទៀត ដែលជាម្ចាស់ពាន ហេតុនេះហើយបានជាធ្វើឲ្យទីផ្សារចម្រៀង ដេវីត មានការស្ញប់ស្ញាត់នៅពេលចុងក្រោយនេះ ដែលអាចប្រឈមការធ្លាក់ចុះ ទើបធ្វើឲ្យដេវីត សម្រេចចិត្ដហើរចេញពីទ្រនំធំនេះ ដោយគ្មានអាល័យបែបនេះ។

 

ងួន ចាន់ដេវីត បន្ថែមទៀតថា ”ខ្ញុំច្រៀងនៅហង្សមាស ជាង២ឆ្នាំហ្នឹង គិតថា គ្រប់គ្រាន់ហើយ ខ្ញុំមានអ្វីៗច្រើនដែរហើយ ពេលនេះ។ ខ្ញុំមិនមានការអាក់អន់ចិត្ត ឬមានបញ្ហាណាមួយជាមួយហង្សមាស ទេ ពេលដែលដើរចេញនេះ ព្រោះខ្ញុំក៏អត់មានការកុងត្រាអីជាមួយហង្សមាស ដែរ។ គ្រាន់តែថា ពេលខ្លះដោយសារខ្ញុំមានកម្ពស់ខ្ពស់ពេក គឺ១,៨៨ម៉ែត្រ អ៊ីចឹងហើយបានជាពេលយើងធ្វើល្អ គេមើលមិនឃើញនោះទេ តែពេលយើងមានបញ្ហា គឺគេចាប់ចាប់កំហុសយើងតែម្ដង។ ខ្ញុំដឹងថា បងប្អូនឆ្ងល់ថា តារាផ្សេងៗគេកំពុងតែសម្រុកចង់ចូលទៅហង្សមាស ហេតុអីមានតែខ្ញុំចេញអ៊ីចឹង តែធ្វើម៉េច បើនេះជាការសម្រេចចិត្តរបស់ខ្ញុំទៅហើយ”។

 

តាមព័ត៌មានថា មានផលិតកម្ម២ ដែលបើកទ្វាររង់ចាំស្វាគមន៍ងួន ចាន់ដេវីត នោះ គឺផលិតកម្មសាន់ដេ និងថោន ហើយគេរង់ចាំមើលថា តើការចាកចេញរបស់ដេវីត ពីហង្សមាស នេះ នាងទេព បូព្រឹក្ស នឹងមកតាមគូស្នេហ៍ដោយហើរចោលទ្រនំហង្សមាស ដែរឬទេ?

ងួន ចាន់ដេវីត បញ្ជាក់ថា ”ខ្ញុំនឹងមិនចូលផលិតកម្មមួយណាទេ។ ខ្ញុំច្រៀងនៅខាងក្រៅផលិតកម្មដោយខ្លួនឯង។ ចំពោះទេព បូព្រឹក្ស គាត់នៅតែច្រៀងនៅហង្សមាស អ៊ីចឹងគាត់មិនចេញមកតាមខ្ញុំទេ។ តែខ្ញុំនិងបូព្រឹក្ស ជាសង្សារនឹងគ្នា អ៊ីចឹងកម្មវិធីផ្សេងដែលគេតម្រូវយើងទាំង២នោះ គឺខ្ញុំនៅតែជាច្រៀងជាមួយគ្នាដដែលទេ៕