Loading...

ចាប់ខ្លួនអ្នករត់តាក់ស៊ី វ៉ៃភ្ញៀវ ប្លន់លុយ1ម៉ឺនដុល្លារ

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:09 pm

ភ្នំពេញ ៖ ជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ បានដឹកភ្ញៀវជាជនបរទេសចេញពីហាងផឹកស៊ីមួយកន្លែង លុះដល់គោលដៅ ឃើញជនរងគ្រោះជាភ្ញៀវមានលុយច្រើនជាប់ខ្លួន ក៏វាយប្លន់បានប្រាក់ជាង១ម៉ឺនដុល្លារ រួចព្យាយាមរត់គេចខ្លួន ទីបំផុត៦ថ្ងៃក្រោយមកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនបាននាំយកមកចាត់ការតាមច្បាប់ និងដកហូតបានប្រាក់ជិត១ម៉ឺនដុល្លារប្រគល់ឱ្យជនរងគ្រោះវិញ។

ករណីអ្នកបើកតាក់ស៊ីវ៉ៃភ្ញៀវប្លន់យកលុយនេះ បានកើតឡើងកាលពិវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែងផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ លុះក្រោយពីស្រាវជ្រាវអស់រយៈពេល៦ថ្ងៃ ទីបំផុត សមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបាន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាំយកមកធ្វើការសាកសួរ។

ជនសង្ស័យដែលវ៉ៃប្លន់ភ្ញៀវយកលុយ១ម៉ឺនដុល្លារ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះប៊ុន ម៉ៅ មុខរបរអ្នកបើកបរ រថយន្តតាក់ស៊ី ឱ្យក្រុមហ៊ុន Pass App។ ចំណែកជនរងគ្រោះ មានឈ្មោះសាកូស៊ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

លោកវរសេនីយ៍ឯក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ប្រាប់ថា ការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉ៅ មកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ជាមួយនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាងរថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 1I-7731។ ក្រៅពីនោះសមត្ថកិច្ច ក៏បានដកហូតទូរស័ព្ទដៃចំនួន២គ្រឿង រួមនឹងប្រាក់ចំនួន៩៨០០ដុល្លារផងដែរ។

លោកជីវ វិបុល បានបន្តថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានបើករថយន្ត១គ្រឿងខាងលើ ទៅធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះឈ្មោះ សាកូស៊ី កាដូយ៉ា ជនជាតិជប៉ុន នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូកង់បីជាមួយមិត្តភក្តិទៅស៊ីផឹកនៅហាងមួយកន្លែងយីហោ “មីយ៉ាមិ” នៅផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ រហូតដល់ ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ពេលចេញពីផឹកស៊ីវិញ ខ្លួនមិនបានជិះម៉ូតូកង់បីត្រឡប់មកវិញទេ តែបានហៅ តាក់ស៊ី Pass App ជិះសំដៅមកផ្ទះវិញ។ មួយសន្ទុះក្រោយមក ខ្លួនឃើញជនសង្ស័យបើករថយន្តម៉ាកកាមរី ដែលប្រើប្រព្រឹត្តបទល្មើស មកទទួលខ្លួន ហើយជិះសំដៅទៅកន្លែងស្នាក់នៅ ដែលមានទីតាំងនៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២។

ជនរងគ្រោះ បានបន្តថា លុះពេលទៅដល់ផ្ទះ ខ្លួនក៏បានដកប្រាក់ចំនួន៥ដុល្លារឱ្យថ្លៃតាក់ស៊ី ស្រាប់តែភ្លាមៗនោះ អ្នកបើកតាក់ស៊ី ដែលជាជនសង្ស័យ ឃើញខ្លួនមានលុយច្រើន ក៏ប្រតាយប្រតប់ទាញយកកាបូបលុយពីខ្លួន ហើយក៏លូកយកប្រាក់អស់ចំនួន២ម៉ឺនដុល្លារ រួចឡើងជិះរថយន្តគេចខ្លួនបាត់។

ដោយឡែកនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើមែន ដោយបានប្លន់យកប្រាក់ចំនួន១ម៉ឺនដុល្លារពីជនរងគ្រោះ។ លុះក្រោយធ្វើសកម្មភាពរួច ខ្លួនបានបើករថយន្តគេចទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ករណីខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕