Loading...

ឆ័យលី ដាឡែន ប្តីមិនប្រចណ្ឌរឿងធ្វើខួបឱ្យប្រុសក្មេងនៅបន្ទប់ខារ៉ាអូខេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:17 pm

តារាកូន១ ចូលចិត្តសម្តែងតែតួកាចឆ្នាសឆ្នើម និងសម្តីហូរដូចទឹកទន្លេ នាងឆ័យលី ដាឡែន ដែលត្រូវបានគេចាត់ទុកជាតារាមានសំណាងបានប្តីក្មេងនោះ ថ្មីៗនេះ មានការភ្ញាក់ផ្អើល ព្រោះថា នាងបានជិះរថយន្តទៅខេត្តបាត់ដំបង ស្កាត់ទៅធ្វើខួបឱ្យប្រុសក្មេងចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ដល់បន្ទប់ខារ៉ាអូខេតែម្តង។ សកម្មភាពបែបនេះ ត្រូវបានគេសរសើរថា ស្វាមីក្មេងរបស់ដាឡែន ពិតជាមិនចេះប្រចណ្ឌតារារូបនេះផ្តេសផ្តាសឡើយ ដែលខុសពីគូស្នេហ៍តារាដទៃផ្សេងៗទៀត ហេតុនេះហើយបានជាពួកគេរស់នៅជាមួយគ្នា ដោយសុខសាន្តគ្មានការរង្គោះរង្គើសុភមង្គល។

តាមការឱ្យដឹងពីលោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានឱ្យដឹងថា “លោកនឹងគោរពឆ័យលី ដាឡែន ជារៀមច្បងក្នុងសិល្បៈម្នាក់ ហើយពិតជារំភើបខ្លាំងណាស់នៅពេលដែលសុខៗ ស្រាប់តែដាឡែន  ទៅដល់ក្រុងបាត់ដំបង ដើម្បីធ្វើខួបឱ្យរូបគេ ។ ប៉ុន្តែ ការធ្វើខួបនោះមិនមែនខួបកំណើតនោះទេ គឺជាខួបរយៈពេល១ឆ្នាំ ដែលលោកបានចូលប្រឡូកក្នុងអាជីពសម្តែង ហើយដាឡែន ទៅអបអរសាទរ និងដាស់តឿនដល់លោកឱ្យព្យាយាម និងពុះពារថែមទៀត ក្នុងការថតសម្តែងខារ៉ាអូខេ និងភាពយន្ត បើសិនជាចង់ទៅដល់ចំណុចមួយ ដែលមហាជនទទួលស្គាល់នោះ”។

ក្រៅពីកាន់នំខេកទៅជូនស៊ីណាវ៉ាត់ត្រា នោះ ដាឡែន ក៏បានច្រៀងរាំកម្សាន្តសប្បាយជាមួយប្រុសក្មេងនេះផងដែរ បន្ទាប់ពីពួកគេបានធ្វើកម្មវិធីសប្បុរសធម៌រួមគ្នាមួយ កាលពីថ្ងៃទី០៩ ខែកញ្ញា តាមរយៈការនាំយកអំណោយទៅចែកដល់លោកតាតាធាក់ស៊ីក្លូ និងជនអនាថា ដែលដេកតាមសំយាបផ្ទះ និងផ្លូវថ្នល់នៅរាជធានីភ្នំពេញ នោះ។

ឆ័យលី ដាឡែន ស្ថិតក្នុងចំណោមតារាដែលរកស្វាមីបានប្រុសក្មេង ក្នុងចំណោមអ្នកនាងគង់ សុជាតិ និងខាត់ សុឃីម តែកន្លងមក មានតែសុឃីម ទេ ដែលសំណូមពរឱ្យសារព័ត៌មានឈប់និយាយថា អ្នកនាងបានប្តីក្មេងទៀត ព្រោះថា ពិបាកស្តាប់ខ្លាំងណាស់៕